
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )។ Facebook Page CDC
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអនុម័តគម្រោងវិនិយោគដែលមានតម្លៃជាង ១ ពាន់លានដុល្លារក្នុងរយៈពេល ៣ ខែ គិតត្រឹមខែវិច្ឆិកានេះ។ នេះបើតាមទិន្នន័យនៅលើទំព័រហ្វេសប៊ុករបស់ CDC។
ទិន្នន័យដែលត្រូវបានបង្ហាញនៅលើទំព័រហ្វេសប៊ុក ហើយត្រូវបានបូកសរុបដោយភ្នំពេញ ប៉ុស្តិ៍ បង្ហាញថា គិតចាប់ពីដើមខែកញ្ញា ដល់ពាក់កណ្តាលខែវិច្ឆិកា CDC បានអនុម័តគម្រោងវិនិយោគសរុប ៤១ គម្រោងមានតម្លៃជាង ១ ពាន់លានដុល្លារ។
គម្រោងទាំងនោះរួមមាន ការវិនិយោគលើសណ្ឋាគារ រោងចក្រកាត់ដេរ រោងចក្រផលិតគ្រឿងអគ្គិសនី គ្រឿងសម្អាង គ្រឿងសង្ហារិម ភេសជ្ជៈ ថ្នាំពេទ្យ រោងចក្រក្តារបន្ទះ រោងចក្រផលិតថាមពលអគ្គិសនី និងដំណាំកសិឧស្សាហកម្មជាដើម ដែលមានទីតាំងភាគច្រើននៅភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងកំពង់ស្ពឺ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានស្វាគមន៍ចំពោះគម្រោងវិនិយោគដែលកម្ពុជាទទួលបាន។ ទោះបីយ៉ាងនេះក្តីលោកលើកឡើងថា រដ្ឋាភិបាលក៏ត្រូវកំណត់ច្បាប់ទាក់ទងនឹងការប្រើប្រាស់ធនធានក្នុងស្រុកផងដែរ។
លោក ជូ បានលើកជាឧទាហណ៍ថា ជាក់ស្តែងគម្រោងវិនិយោគវិស័យអចលនទ្រព្យរបស់ជនជាតិចិនមួយចំនួននៅកម្ពុជាមិនសូវបានប្រើប្រាស់ធនធានក្នុងស្រុកច្រើនទេ ខណៈវត្ថុធាតុដើម និងអ្នកជំនាញជាជនបរទេស។
លោកបន្តថា៖ «ការប្រើប្រាស់ផលិតផលក្នុងស្រុក និងធនធានមនុស្សក្នុងស្រុក គឺពិតជាមានសារៈសំខាន់ណាស់ព្រោះវានឹងជួយបង្កើនចំណូល និងជួយកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស»។
យោងតាមទិន្នន័យរបស់ CDC ក្នុងគម្រោងទាំង ៤១ នេះអាចបង្កើតការងារសរុប ៣១,២៥៥ កន្លែង។
ទោះបីមិនមានទិន្នន័យប្រៀបធៀប ប៉ុន្តែ លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិយល់ឃើញថា ចំនួននេះច្រើនគួរសម។
លោកបន្តថា៖«អ្វីដែលគួរយកចិត្តទុកដាក់ គឺការវិនិយោគទាំងនោះនឹងមានលក្ខណៈបែបណា។ ការធ្វើពិពិធកម្មក្នុងការវិនិយោគគឺពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច»។
លោក ង៉ែត ជូ ឲ្យដឹងថា រដ្ឋាភិបាលក៏ត្រូវត្រួតពិនិត្យពីដំណើរការក្រុមហ៊ុនទាំងអស់នោះផងដែរ ខណៈកន្លងមកគម្រោងខ្លះមានតែឈ្មោះ៕LA