
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ហុង មិនា
ភ្នំពេញៈ ទោះបីការរីករាលដាលជំងឺកូវីដ ១៩ នៅមិនទាន់បញ្ចប់ ប៉ុន្តែកម្ពុជានៅតែជាទិសដៅនៃការវិនិយោគពីបរទេស ដោយកាលពីថ្ងៃអង្គារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចនូវគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានទឹកប្រាក់ជាង ១៥ លានដុល្លារ។
សេចក្តីជូនដំណឹងពី CDC ឱ្យដឹងថា ខ្លួនបានអនុម័តគម្រោងវិនិយោគ ៣ ដែលមានទឹកប្រាក់សរុប ១៥,២ លានដុល្លារ ដែលរួមមាន គម្រោងបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន H.R Enterprise Co., Ltd មានទុនវិនិយោគ ៣,១ លានដុល្លារ, គម្រោងបង្កើតរោងចក្រកែច្នៃដែក និងផលិតបំពង់បឺតខ្យល់របស់ Cambodian New Juihuan Trading Co.,- Ltd មានទុនវិនិយោគ ៥,២ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងផ្គុំអំពូលភ្លើង និងសម្ភារវេចខ្ចប់គ្រប់ប្រភេទរបស់ Pinnacle Home Collection Co., Ltd មានទុន ៦,៩ លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា ទោះបីការរីករាលដាលជំងឺកូវីដ ១៩ មិនទាន់បញ្ចប់ក្តីប៉ុន្តែកម្ពុជានៅតែមានភាពទាក់ទាញដោយសារកត្តាសន្តិភាព និងនយោបាយដែលដាក់ចេញដោយរដ្ឋាភិបាល។
លោកថ្លែងថា៖ «យើងដឹងហើយថា CDC កំពុងរៀបចំច្បាប់វិនិយោគថ្មីទៀតដើម្បីឱ្យកាន់តែទាក់ទាញវិនិយោគបន្ថែម។ យើងក្រុមការងារវិស័យឯកជនយើងក៏បានខិតខំពង្រឹងការងារផ្ទៃក្នុងដើម្បីធ្វើការទាក់ទងជាមួយរដ្ឋាភិបាល លើសពីនេះរដ្ឋាភិបាលក៏បានរៀបចំគោលនយោបាយពង្រីកខាងក្រៅ និងពង្រឹងខាងក្នុងដែលជាគោលនយោបាយពង្រឹងឧត្តមភាពប្រកួតប្រជែង និងពង្រីកទីផ្សារ។ ទាំងនេះគឺជាកត្តាក្នុងការទាក់ទាញការវិនិយោគ»៕ LA