ភ្នំពេញៈ រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន HK Burltex Manufactory Co., Ltd សាងសង់​រោងចក្រ​ផលិត​កាបូប និង​ម៉ាស់មុខ​គ្រប់​ប្រភេទ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។

CDC បាន​ឲ្យ​ដឹងថា ខ្លួន​បានផ្ដល់​ការយល់ព្រម​ដល់​ក្រុមហ៊ុន HK Burltex Manufactory Co., Ltd ដើម្បី​សាងសង់​រោងចក្រ​ផលិត​កាបូប និង​ម៉ាស់មុខ​គ្រប់​ប្រភេទ​ជាមួយ​នឹង​ទុនវិនិយោគ​ចំនួន​ ៣,១ ​លាន​ដុល្លារ​មាន​ទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Vattanak Industrial Zone II តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៣ ជាយក្រុង​ភ្នំពេញ​ហើយ​រោងចក្រ​នេះ​នឹង​ស្រូប​យក​ការងារ​ប្រហែល​ ៩១៥ ​នាក់​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ស្វាគមន៍​ការវិនិយោគ​ថ្មី​នេះ ខណៈ​ពិភពលោក​កំពុង​ប្រឈម​នឹង​កង្វះ​ការផ្គត់ផ្គង់​វេជ្ជសាស្ដ្រ ពិសេស​ម៉ាស់​មុខ ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ពិត​ហើយ​ការវិនិយោគ​មិនមាន​បំណង​គ្រាន់​នៅក្នុង​អំឡុង​ការរីករាលដាល​នេះ​ទេ ខណៈ​ពួកគេ​បានដាក់​ពាក្យសុំ​រយៈពេល​ ២-៣ ​ខែ​កន្លង​មក​ហើយ ហើយ​ខ្ញុំ​គិតថា​ការវិនិយោគ​នេះ​នឹង​ត្រូវការ​ពេលវេលា​ប្រហែល​ជាច្រើន​ខែ​សម្រាប់​ការសាងសង់​រោងចក្រ​នេះ ទោះយ៉ាងណា​វា​នៅតែ​បង្ហាញ​ចំណុច​វិជ្ជមាន​ថា ពួកគេ​អាច​មាន​លទ្ធភាព​ក្នុង​ការផលិត​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ដ្រ​មិន​កាន់តែ​ច្រើន​នៅ​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ ហើយ​ក៏​នឹង​នាំ​ចេញ​ទៅ​ពិភពលោក​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​ផងដែរ​»​។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​ក៏បាន​គំរាមថា​នឹង​បិទ​ឱសថស្ថាន​ដែល​លក់​ដំឡើង​ថ្លៃ​លើស​ទីផ្សារ​នូវ​សម្ភារ​វេជ្ជសាស្ដ្រ​គ្រប់​ប្រភេទ ជាពិសេស​ម៉ាស់មុខ​ក្នុង​អំឡុង​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​កំពុង​ធ្វើការ​សិក្សា​មួយ​អំពី​ម៉ាស់មុខ​ដែល​ត្រូវបាន​លក់​នៅ​ទីផ្សារ​នៅពេល​នេះ​។ ប្រសិនបើ​អ្នក​នៅ​តែ​បន្ត​បង្កើន​តម្លៃ យើង​នឹង​រឹបអូស និង​ថែមទាំង​បិទ​ហាង​ឱសថស្ថាន​នោះ​ជា​រៀងរហូត​។ អ្នក​គួរតែ​ទម្លាក់​តម្លៃ ពេល​ដែល​រដ្ឋាភិបាល​មិនទាន់​ប្រើប្រាស់​កណ្ដាប់ដៃ​ដែក​»​។

លោក​បាន​បន្ថែមថា លោក​បានផ្ដល់​យោបល់​ដល់​ប្រជាជន និង​ក្រសួងសុខាភិបាល​ឲ្យ​ជូន​ដំណឹង​ដល់​រូបលោក​នៅក្នុង​ទំព័រ Facebook របស់​លោក ប្រសិន​បើ​នរណាម្នាក់​លក់​តម្លៃ​ខ្ពស់​។ លោក លឹម ហេង គាំទ្រ​គំនិត​ផ្តួចផ្ដើម​របស់​លោកនាយក​រដ្ឋមន្ដ្រី​ដោយសារ​តែ​ប្រជាជន​ត្រូវ​បង្ខំចិត្ត​ទិញ​ម៉ាស់មុខ​ក្នុង​តម្លៃ​ខ្ពស់​។

លោក​លើកឡើង​ថា​៖ «​វិស័យ​ឯកជន​គាំទ្រ​វិធានការ​របស់​លោក​នាយករដ្ឋមន្ដ្រី​ប្រឆាំង​រាល់​ប្រជាជន ឬ​ហាង​លក់​ណាមួយ​ដែល​លក់​ម៉ាស់មុខ​លើស​ពី​តម្លៃ​ទីផ្សារ ខណៈ​ប្រជាជន​របស់​យើង​មិនមាន​លទ្ធភាព​ទិញ​បាន ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩»៕LA