ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១០ ដែលមានទុនស្នើសរុប ៣៤, ៥២ លានដុល្លារ ក្នុងខែកញ្ញា ដែលនឹងមានលទ្ធភាពបង្កើតការងារជាង ៦ ០០០ កន្លែង។ នេះបើតាម CDC។
សេចក្តីប្រកាសព័ត៌មានរបស់ CDC ឱ្យដឹងថា តាមសំណើសុំវិនិយោគ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុនវិនិយោគភាគច្រើនមកពីប្រទេសចិនដែលនឹងបង្កើតរោងចក្រផលិតក្នុងវិស័យផ្សេងៗ ដូចជា កាត់ដេរសម្លៀកបំពាក់ ម៉ាស់មុខ សម្លៀកបំពាក់ពេទ្យ ផលិតកាបូប តែមកង់ បោះពុម្ពក្រដាស សម្ភារវេចខ្ចប់ ប្លាស្ទិក គ្រាប់ជ័រ ស្បែកសិប្បនិម្មិត និង គ្រឿងអគ្គិសនីជាដើម។
លោក សូដេត លី ជាសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពីរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចថា ការវិនិយោគរបស់វិនិយោគិនបរទេសនៅប្រទេសកម្ពុជាហាក់មាននិន្នាការងាកចេញពីវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរដើម្បីចាប់យកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិនដែលគេរំពឹងនឹងសម្រេចបាននៅឆ្នាំ ២០២១។
លោកបន្តថា៖ «ខ្ញុំសង្កេតឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ វិនិយោគផ្ទាល់ពីបរទេសហាក់មិនផ្តោតខ្លាំងលើវិស័យសំណង់ទៀតទេ ដោយប្តូរទិសទៅវិនិយោគលើឧស្សាហកម្មមិនកាត់ដេរ។ យើងត្រូវធ្វើពិពិធកម្មលើវិស័យភ័ស្តុភារកម្ម ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនី បន្ថែមទៀតដើម្បីឱ្យតម្លៃដើមផលិតទាបដែលអាចប្រកួតប្រជែងបាន និងទាក់ទាញវិនិយោគិនពីបរទេស»។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃអង្គារនៅពាក់កណ្តាលឆ្នាំ ២០២០ នេះគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលទទួលបានការអនុម័តរួចហើយ ដោយកើនប្រហែល ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ LA