
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង CDX និង JFX នៅទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ ក្រុមហ៊ុន Cambodian Derivatives Exchange (CDX) ដែលជាសមភាគីកណ្តាលក្នុងទីផ្សារជួញដូរឧបករណ៍និស្សន្ទក្នុងស្រុករបស់កម្ពុជាបានចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនសមភាគីឥណ្ឌូនេស៊ី Jakarta Futures Exchan ge (JFX).ដើម្បីជំរុញឲ្យទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាកាន់តែរឹងមាំ។
កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រនៅទីក្រុងភ្នំពេញក្រោមកិច្ចសម្របសម្រួលពីគណៈកម្មការមូលបត្រកម្ពុជាក្រុមហ៊ុន (SECC)។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបើកដំណើរការរយៈពេល ៣ ឆ្នាំមកទីផ្សារជួញដូរឧបករណ៍និស្សន្ទដ៏ក្មេងខ្ចីរបស់កម្ពុជាមួយនេះកំពុងបង្ហាញពីការរីកចម្រើន។ លោកថ្លែងថា៖ «បន្ទាប់ពីបានដាក់ឲ្យដំណើរការទីផ្សារនេះក្នុងឆ្នាំ ២០១៥ យើងឃើញថា ប្រតិបត្តិការជួញដូរឧបករណ៍ និស្សន្ទមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយសារធនធានមនុស្សចាប់ផ្តើមមានការយល់ដឹងពីវិស័យនេះកាន់តែច្រើន និងមានទំនុកចិត្តកាន់តែខ្លាំង»។
ការជួញដូរឧបករណ៍និស្សន្ទ គឺជាការជួញដូរលើកិច្ចសន្យាគម្លាតថ្លៃអនាគត លើតម្លៃរូបិយប័ណ្ណ គម្លាតថ្លៃលើតម្លៃមាស និងប្រាក់ កសិផល និងប្រេងឆៅជាដើម។
ក្រុមហ៊ុនសមភាគីកណ្តាលប្រៀបបានជាទីផ្សារដែលបង្កើតឲ្យមានអ្នកទិញ និង អ្នកលក់ឧបករណ៍និស្សន្ទ ហើយក្រុមហ៊ុនឈ្មួញជើងសាជាអ្នកសម្របសម្រួលធ្វើការជួញដូររបស់អ្នកលក់ និងអ្នកទិញ។
SECC ប្រកាសផ្អាកផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសមភាគីកណ្តាលក្នុងទីផ្សារឧបករណ៍និស្សន្ទកាលពីឆ្នាំ ២០១៧ ដោយបញ្ជាក់ថាក្រុមហ៊ុនដែលមានស្រាប់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់ការជួញដូរនាពេលបច្ចុប្បន្នដោយសារសកម្មភាពនៅមានកម្រិតនៅឡើយ។
គិតមកដល់ពេលនេះគណៈកម្មការមូលបត្រកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសមភាគីកណ្តាលចំនួន ៤ និងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទចំនួន ១៤។
ជាគោលការណ៍ដើម្បីទទួលអាជ្ញាប័ណ្ណក្រុមហ៊ុនសមភាគីកណ្ដាលត្រូវមានទុនអប្បបរមា ៥ លានដុល្លារ និងក្រុមហ៊ុនឈ្មួញជើងសាចំនួន ២៥ ម៉ឺនដុល្លារ។
បច្ចុប្បន្នមានក្រុមហ៊ុនជាង ១០ ផ្សេងទៀតកំពុងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណជាឈ្មួញជើងសាឧបករណ៍និស្សន្ទ។ នេះបើយោងតាមលោក ស៊ូ សុជាតិ។
លោក ស៊ូ សុជាតិ បានឲ្យដឹងថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលចុងក្រោយនេះបានជំរុញវិស័យទីផ្សារមូលបត្រកំពុងឆ្ពោះទៅរកការរីកចម្រើន។ លោកថ្លែងថា៖ «ការកើនឡើងដ៏ឆាប់រហ័សនៃក្រុមហ៊ុនឈ្មួញជើងសានាពេលនេះគឺជាការបញ្ជាក់ពីសក្តានុពលនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា»។
លោក Sammy So នាយកប្រតិបត្តិ ក្រុមហ៊ុន Cambodian Derivatives Exchange Co., Ltd ឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យទីផ្សារជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជាកាន់តែរីកចម្រើន។
លោកថ្លែងថា៖ «តាមរយៈកិច្ចព្រមព្រៀងនេះ CDX នឹងអាចទទួលបាននូវបច្ចេកវិទ្យាទំនើបៗដើម្បីចូលរួមចំណែកធ្វើឲ្យទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាកាន់តែមានភាពរីកចម្រើន»។
ក្រុមហ៊ុន Jakarta Futures Exchange (JFX) មានបទពិសោធក្នុងទីផ្សារជួញដូរឧបករណ៍និស្សន្ទនៅប្រទេសឥណ្ឌូនេស៊ីជាង ២០ ឆ្នាំមកហើយ។
លោក Stephanus Paulus Lumintang នាយក JFX បាននិយាយថាទីផ្សារឧបករណ៍និស្សន្ទរបស់ប្រទេសកម្ពុជាពេលនេះកំពុងបង្ហាញពីការរីកចម្រើន ដែលនឹងជំរុញឲ្យមានការជួញដូរកាន់តែសកម្ម។
លោកថ្លែងថា៖ «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះបានបង្កើតនូវគន្លឹះមួយទៀតនៃវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាហើយនឹងចាក់គ្រឹះដ៏រឹងមាំសម្រាប់ពន្លឿន និងធ្វើឲ្យមានស្តង់ដារលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា»៕LA