ភ្នំពេញ៖ ប្រធាន​ក្រុមហ៊ុន ​Royal Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់ ​Cellcard ​ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​​លោក​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ ​5G ដែល​ជា​វិធានការ​​មួយ​​រួម​​ចំណែក​ដល់​ចក្ខុ​វិស័យ​របស់​រដ្ឋាភិបាល​​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ​និង​ការ​ផ្លាស់​ប្តូរ​ប្រទេស​នេះ​ទៅ​ជា​សេដ្ឋកិច្ច​​ឌីជីថល​នាពេល​ខាង​មុខ​។​

ការ​ប្ដេជ្ញា​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត​ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេរភូមិន្ទ និង​ក្រុម​គណៈ​ប្រតិភូ​របស់​លោក ​ក្នុង​ការ​ពិភាក្សា​ការ​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ប្រព័ន្ធ ​5G។​​

អ្នក​ឧកញ៉ា គិត ម៉េង​ ប្រធាន​ក្រុមហ៊ុន ​Royal Group បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ ​5G គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ហើយ​កម្ពុជា​ត្រូវ​តែ​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ចាប់​យក​បច្ចេកវិទ្យា​នេះ និង​ធានា​ថា បច្ចេកវិទ្យា​នេះ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពង្រឹង​ឧស្សាហកម្ម​ក្នុង​ស្រុក និង​ការ​រស់នៅ​របស់​ប្រជាជន​។​

លោក​ថ្លែង​ថា​៖ «​យើង​ចង់​ឱ្យ​ប្រទេស​​កម្ពុជា ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ ​5G ដ៏​ឈាន​មុខ​គេ​មួយ​នៅ​អាស៊ាន និង​សម្រាប់​ក្រុមហ៊ុន​ទាំង​ធំ​ទាំង​តូច​នៅ​​កម្ពុជា ​ដើម្បី​ក្លាយជា​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​មុន​គេ​»​។​

លោក​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កម្ពុជា​តែ​មួយ​​គត់​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន ​ក្រុមហ៊ុន ​Royal Group បាន​ប្តេជ្ញា​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​ដល់​សន្ដិសុខ និង​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ​។​

Cellcard បាន​ដំណើរការ 5G សាកល្បង​​ចាប់​តាំង​ពី​ខែ តុលា ​ឆ្នាំ ​២០១៩​ ហើយ​នៅ​ពេល​នេះ​ឈាន​ដល់​ល្បឿន​ដល់​ជាង ​១,៨​ Gbps ដែល​ជា​ល្បឿន​លឿន​បំផុត​សម្រេច​បាន​នៅ​​ប្រទេស​កម្ពុជា៕ LA