ភ្នំពេញ: ក្រុមហ៊ុន Century Entertainment International Holdings បានប្រកាស​ថា ខ្លួន​នឹង​ផ្លាស់ប្តូរ​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ​ទៅ​ទីតាំង​ថ្មី​គឺ​នៅ​តារាសាគរ​ក្នុង​ខេត្តកោះកុង​។

យោងតាម​សេចក្ដី​ប្រកាស​ដែល​បាន​យល់ព្រម​ដោយ​លោក Ng Man Sun ជា​ប្រធាន និង​ជា​អគ្គនាយក Lion King ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុមហ៊ុន Cheung Shing Global Travel Entertainment Limited (CSG) បាន​សម្រេច​ចិត្ត​ក្នុង​ការផ្លាស់ប្តូរ​ប្រតិបត្តិការ​កាស៊ីណូ​នេះ​ពី​ទីតាំង​ចាស់​របស់ខ្លួន​នៅ​សណ្ឋាគារ Sunshine Bay Hotel ដែល​បានបញ្ចប់​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​ ១ ​ខែ​តុលា ឆ្នាំ​ ២០២០ ​ទៅ​ទីតាំង​ថ្មី​នៅ​អគារ​របស់ Long Bay មហាវិថី សាយភូថង ស្រុក​តារាសាគរ ខេត្ត​កោះកុង​។

សេចក្ដី​ប្រកាស​នេះ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា ឆ្នាំ​ ២០២០ ថា ក្រុមហ៊ុន CSG បាន​ធ្វើ​កិច្ចព្រមព្រៀង​ជួល និង​ប្រតិបត្តិការ​កាស៊ីណូ​ជាមួយ​ក្រុមហ៊ុន LongBay Entertainment Co., Ltd ដែលជា​ម្ចាស់​ដី​នៅ​តារាសាគរ គិត​ចាប់ពី​ថ្ងៃទី​ ១ ខែ​តុលា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០៣៥​។

ក្រុមហ៊ុន​ថា​៖ «​ស្រុក​តារាសាគរ ខេត្ត​កោះកុង​គឺជា​ស្រុក​ដែល​មាន​ការអភិវឌ្ឍ​ដ៏លឿន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ទិសដៅ​ទេសចរណ៍​ដ៏ល្បី​មួយ​នៅ​អាស៊ីអាគ្នេយ៍​។ ទីតាំង​ថ្មី​ក៏​អម​ទៅ​ដោយ​រមណីយដ្ឋាន សណ្ឋាគារ​ប្រណីត និង​ទីលាន​វាយ​កូនហ្គោល​»​។

ក្រុមហ៊ុន​បន្តថា​៖ «​ក្រៅពី​នេះ​នៅ​ទីនោះ​ក៏មាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ដែល​អាចឱ្យ​យន្តហោះ​ធំៗ​ចុះចត និង​ចេញ​ដំណើរ​បាន​។ ព្រលានយន្តហោះ​នេះ​ត្រូវ​បាន​រំពឹងថា នៅ​ដំណាក់កាល​ទី​ ១ ​ដែល​គ្រោង​នឹង​បញ្ចប់​មុន​ដំណាច់​ឆ្នាំនេះ​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន Lion King កំពុង​បន្តការងារ​ផែនការ​សាងសង់ និង​ដំឡើង​ឧបករណ៍​នានា​សម្រាប់​កាស៊ីណូ​នេះ​ដែល​ត្រូវបាន​គ្រោងទុក​ជាបឋម​ថា នឹងមាន​ស្លុត​ម៉ាស៊ីន​ចំនួន ៨០ ​គ្រឿង តុ​លេងល្បែង​ទូទៅ​ចំនួន​ ៤០ និង​តុ​ល្បែង​វីអាយភី​ចំនួន​ ៥៥ រួម​ជាមួយ​នឹង​ភោជនីយដ្ឋាន​បែប​ចិន​ស្ប៉ា និង​ក្លិប​រាត្រី​។ កាស៊ីណូ​នេះ​ត្រូវ​បាន​រំពឹងថា នឹង​ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​ ៣១ ខែ​មករា ឆ្នាំ​ ២០២១​។

គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែកញ្ញា មាន​កាស៊ីណូ​ ៨ បើក​ដំណើរការ​ឡើងវិញ​នៅ​ក្រុងព្រះសីហនុ និង​ ២ ​ផ្សេងទៀត​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​កាស៊ីណូ​ផ្សេងទៀត​នឹង​អនុវត្ត​តាម​ដូចជា​នៅ​ក្រុង​បាវិត ខេត្ត ស្វាយរៀង​ជាដើម​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​កាស៊ីណូ​ជាង​ ១០០​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ LA