ភ្នំពេញៈ ក្រុមហ៊ុន Century Entertainment International Holdings ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​បាន​ប្រកាស​ថា ខ្លួន​នឹង​ពន្យារពេល​បើក​ដំណើរការ​កាស៊ីណូ​ថ្មី​នៅ​រមណីយដ្ឋាន​តារាសាគរ​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​ចិន​នៅក្នុង​ខេត្តកោះកុង​រហូត​ដល់​ខែមេសា ដោយសារ​តែ​ការបារម្ភ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

គិត​ត្រឹម​ថ្ងៃទី​ ១ ខែមេសា ប្រទេស​កម្ពុជា​ បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ថ្មី​ចំនួន ៣៧ ​នាក់ ​ដោយ​ក្នុងចំណោម​នោះ ៣៥ ​នាក់​ ជាប់ទាក់ទង​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ មកដល់​ពេល​នេះ​កម្ពុជា​បានបញ្ជាក់​ករណី​ជំងឺ​កូវីដ ​១៩ ចំនួន ២ ៤៧៧ ​នាក់​អ្នកជំងឺ​ជាសះស្បើយ ១ ២៤០ ​នាក់ និង​ស្លាប់ ១៦ ​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។

ក្រុមហ៊ុន Century Entertainment បានសម្រេច​ផ្លាស់ប្តូរ​អាជីវកម្ម​តុ​លេងល្បែង​របស់ខ្លួន​មក​ទីតាំង​ថ្មី​ពី​សណ្ឋាគារ Sunshine Bay នៅ​ក្រុងព្រះសីហនុ​ទៅ​ទីតាំង​ថ្មី​ប្រកបដោយ​សក្ដានុពល​នៅ​អគារ​លេខ ៨៩ Long Bay មហាវិថី​សាយ ប៊ូថង ស្រុក​តារាសាគរ ខេត្តកោះកុង ហើយ​គ្រោង​នឹង​បើក​ប្រតិបត្តិការ​កាលពី​ខែកុម្ភៈ​។

ឯកសារ​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​ ៣១ ខែមីនា ផ្ញើ​ទៅ​ផ្សារភាគហ៊ុន​នៅ​ហុងកុង ឱ្យដឹងថា ក្រុមហ៊ុន​បាន​ជូនដំណឹង​ដោយផ្ទាល់​ថា ក្រុមហ៊ុន​សម្រេចចិត្ត​ក្នុង​ការពន្យារពេល​ការងារ​ត្រៀម​រៀបចំ​បើក​ដំណើរការ​ឡើងវិញ​របស់​កាស៊ីណូ​នេះ​ (​ដែល​រួមទាំង​ផ្នែក​អ្នកលេង​ល្បែង​ទូទៅ​) ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ ក្រុមហ៊ុន​កន្លងមក​រំពឹង​ថា អាច​ត្រូវ​បើក​ដំណើរការ​ឡើងវិញ​ត្រឹម​ខែមីនា​ឆ្នាំ​ ២០២១​។

ជា​អកុសល​ការផ្ទុះ​ឡើង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​នៅ​កម្ពុជា​ចាប់​តាំងពី​ថ្ងៃទី​ ២០ ខែ កុម្ភៈ ឆ្នាំ​ ២០២១ បាន​បន្ត​រារាំង​ដល់​សកម្មភាព​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច​កាលបរិច្ឆេទ​ក្នុង​សេចក្ដីប្រកាស​នេះ វិធាន​ការបិទ​ប្រទេស​មួយចំនួន​ត្រូវបាន​ធ្វើ​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដើម្បី​ដោះស្រាយ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។

ឯកសារ​ដែល​ចុះហត្ថលេខា​ដោយ​លោក Ng Man Sun ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឱ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​បានផ្ដល់​ការពន្យល់​ថា ការតុបតែង​រៀបចំ​ចាំបាច់ និង​ការដំឡើង​ឧបករណ៍​នានា​ត្រូវបាន​បញ្ចប់​សម្រាប់​តុ​លេងល្បែង​ថ្មី ប៉ុន្តែ​រង់ចាំ​ការធ្វើ​តេស្ដ​ប្រព័ន្ធ និង​ការផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក​កាស៊ីណូ​»​។

ឯកសារ​នេះ​បន្ថែមថា​៖ «​ក្នុង​ទិដ្ឋភាព​នៃ​វិធានការ​បិទ​ប្រទេស​ដ៏តឹងរ៉ឹង​ដែល​ដាក់​ដើម្បី​ដោះស្រាយ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ក្រុមហ៊ុន​ជឿថា ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ នឹងមិន​មាន​រយៈពេល​វែង​ពេក​នោះទេ ហើយ​ជា​កម្មវត្ថុ​ចំពោះ​ការវិវត្ត​នៃ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ កាស៊ីណូ​ថ្មី​នេះ​នឹង​ខិតខំ​ដើម្បី​បើក​ដំណើរការ​ឡើងវិញ​នៅ ឬ​មុន​ដំណាច់​ខែមេសា ឆ្នាំ​ ២០២១»​។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពន្ធ​ដែល​ប្រមូលបាន​ពី​ឧស្សាហកម្ម​នេះ​បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្ដាល​មក​នៅត្រឹម ៤០ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ ធៀប​នឹង ៨៥ ​លាន​ដុល្លារ​ដែល​បាន​កត់ត្រា​កាលពី​ឆ្នាំ​ ២០១៩​។ បើតាម​ក្រសួង​ប្រតិបត្តិករ​កាស៊ីណូ​ចំនួន ១០១ នៅ​ប្រទេស​កម្ពុជា​ បាន​ដាក់​ពាក្យសុំ​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​របស់​ពួកគេ​រហូត​មកដល់​ថ្ងៃនេះ ក្នុង​ចំណោម​សរុប​ ១៩៣ ​ដែល​បាន​ចុះបញ្ជី​កាលពី​ចុង​ឆ្នាំ​មុន​៕ LA