ភ្នំពេញ: គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​ផ្តល់​អាជ្ញាប័ណ្ណ ចែកចាយ​លក់ ទិញ​ត្រឡប់​មកវិញ ឬទូទាត់​សង​ឯកតា​មូលនិធិ (Fund Distribution) ដល់​ក្រុមហ៊ុន CEO Master Club Investment Plc​។

ការផ្ដល់​អាជ្ញាប័ណ្ណ​នេះ​ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ទីតាំង​ក្រុមហ៊ុន និង​ការិយាល័យ​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។

អាជ្ញាប័ណ្ណ​ចែកចាយ​លក់ ទិញ​ត្រឡប់មកវិញ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មាន​សិទ្ធិ​ក្នុង​ការសហការ​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ផ្សេងទៀត ដើម្បី​កៀរគរ​ទុនវិនិយោគ​ពី​សាធារណៈ និង​បង្កើត​ផលប្រយោជន៍​ប្រាក់ចំណេញ​ដល់​អ្នកវិនិយោគ​សាធារណៈ​ប្រកប​ដោយ​វិជ្ជាជីវៈ​ទំនុកចិត្ត និង​តម្លាភាព​។

លោក អោម សេងបូរ៉ា ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន CEO MASTER CLUB មាន​ប្រសាសន៍ថា ក្រុមហ៊ុន​របស់លោក​បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ធ្វើការ​សហការ​ជាមួយ​សហគ្រិន​ដែល​ត្រូវការ​ទុនវិនិយោគ ដើម្បី​ពង្រីក​អាជីវកម្ម និង​ចង់បាន​ប្រាក់ចំណេញ​ឲ្យ​បាន​ឆាប់រហ័ស​។

លោក​ថ្លែងថា​៖ «​ចំពោះ​អ្នក​វិនិយោគ​សក្តានុពល​ទាំងឡាយ​ដែល​ចង់​ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ​របស់​ខ្លួន​ដោយ​មិនចាំបាច់​ប្រឈម​នឹង​ការលំបាក ភាពស្មុគស្មាញ ក៏ដូចជា​ភាពនឿយហត់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​នោះទេ​»​។

លោក​បន្តថា ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​បានរួម​ចំណែក​បង្កើត​ប្រាក់ចំណូល ប្រាក់ចំណេញ​ជាច្រើន​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​ជួយ​ជំរុញ​ឲ្យ​មាន​ការបង្កើត​ផលិតផល​សេវាកម្ម​ថ្មីៗ​ការបង្កើត​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ និង​ការបង់ពន្ធ​ចំណូល​ជូន​រដ្ឋាភិបាល​បាន​កាន់តែ​ច្រើន និង​យូរអង្វែង​ថែម​ទៀតផង​។

លោក​បាន​បញ្ជាក់ថា​៖ «​ភាពរឹងមាំ​របស់​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ដែល​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​មាន​ភាពត្រឹមត្រូវ​ស្របច្បាប់ ប្រកប​ដោយ​ទំនុកចិត្ត និង​តម្លាភាព​ពិតប្រាកដ ជា​ម៉ាស៊ីន​ជំរុញ​សេដ្ឋកិច្ច​មួយ​ដ៏សំខាន់ និង​រឹងមាំ​សម្រាប់​ប្រទេសជាតិ​»​។

SECC ក៏បានផ្តល់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ឲ្យ​ក្រុមហ៊ុន CEO Master Club Investment Plc កាលពី​ខែកញ្ញា ឆ្នាំ ២០១៩​។

កាលពី​ខែ​មុន SECC បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន​ ២ បន្ថែមទៀត​គឺ ក្រុមហ៊ុន Fund Management Plc និង​ក្រុមហ៊ុន​ PLMP Venture Capital Co., Ltd ហើយ SECC ​ក៏បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ចំនួន​ ៣ ផងដែរ​។ គិត​ត្រឹម​ឆ្នាំ ២០១៩ មានការ​កើនឡើង​យ៉ាងខ្លាំង​នៃ​អ្នកចូលរួម​ក្នុង​ទីផ្សារ​នេះ​រួមមាន សមភាគី​កណ្តាល​ចំនួន​ ៥ ក្រុមហ៊ុន​សម្រាប់​ទីផ្សារ​ឧបករណ៍​និស្សន្ទ ក្រុមហ៊ុន​ជើងសា​ឧបករណ៍​និស្សន្ទ ២៧ ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ៧ និង​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ ៨ រួចហើយ​ដោយ SECC៕