ភ្នំពេញ: សមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA) បានស្នើសុំឲ្យរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយពន្យារការបង់ពន្ធគ្រប់ប្រភេទ និងពន្យារពេលការបង់ប្រាក់បំណុលនៅគ្រឹះស្ថានហិរញ្ញវត្ថុដល់សហគ្រាសផលិតចំណីអាហារ កសិឧស្សាហកម្ម និងកសិកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ ១៩។
យោងតាមលិខិតចំហរបស់សមាគមអ្នកផលិតចំណីអាហារកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃអង្គារបានឲ្យដឹងថា ការរាតត្បាតជំងឺកូវីដ១៩ ជាសកល កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មផ្នែកផលិត និងកែច្នៃចំណីអាហារនៅកម្ពុជា។
CFMA បានឲ្យដឹងថា សហគ្រាសមួយចំនួនបានកាត់បន្ថយបុគ្គលិកពី ៥០ ទៅ ៧០ ភាគរយ ហើយសហគ្រាសមួយចំនួនទៀតបានសម្រេចផ្អាកដំណើរការចង្វាក់ផលិតកម្មបណ្តោះអាសន្ន ព្រោះគ្មានអ្នកបញ្ជាទិញពីផ្សារទំនើប ម៉ាត និងពុំមានការនាំចេញជាដើម។ ការណ៍នេះបានធ្វើឲ្យសហគ្រាសទាំងនោះបាត់បង់ប្រាក់ចំណូលយ៉ាងគំហុក និងគ្មានលទ្ធភាពបង់ថ្លៃលើការចំណាយផ្សេងៗ ពិសេសគ្មានលទ្ធភាពបង្វិលប្រាក់សងបំណុលទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
CFMA បានបញ្ជាក់ថា៖ «ក្នុងន័យនេះសមាគមសង្ឃឹមថា សហគ្រាសដែលរងផលប៉ះពាល់ទាំងអស់នឹងទទួលបានការលើកទឹកចិត្តផ្សេងៗពីរដ្ឋាភិបាល»។
CFMA បានដាក់លិខិតទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយស្នើសុំចំនួន ៧ ចំណុចរួមមាន ពន្យារការបង់ពន្ធគ្រប់ប្រភេទចំពោះសហគ្រាសផលិតចំណីអាហារ កសិឧស្សាហកម្ម និងកសិកម្ម កាត់បន្ថយតម្លៃអគ្គិសនីមកត្រឹម ២៥ ភាគរយនៃតម្លៃបច្ចុប្បន្ន ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត និងបន្តឲ្យមានចរន្តផលិតកម្ម និងស្នើសុំបង្កើតប្រព័ន្ធលើកទឹកចិត្តអ្នកទិញផលិតផលខ្មែរ។
CFMA ក៏បានស្នើឲ្យក្រសួងជួយសម្រួល និងពន្លឿននីតិវិធីក្នុងការបោះទុនវិនិយោគជាមួយសហគ្រាសខ្នាតតូច និងមធ្យម ឬបោះទុនឲ្យគ្រឹះស្ថានធនាគារនានាក្នុងការផ្តល់កម្ចីទៅដល់ SMEs ក្នុងអត្រាការប្រាក់ទាប ដោយមានការសម្រួលនីតិវិធី និងមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ និងជួយសម្របសម្រួលលើការបង់ប្រាក់សងធនាគារដោយពន្យារ ឬបង់តែការប្រាក់ក្នុងរយៈពេល ៦ ខែយ៉ាងតិច។
ទន្ទឹមនឹងនេះ CFMA ក៏បានស្នើសុំរដ្ឋាភិបាលបញ្ចេញប្រាក់ឧបត្ថម្ភធនលើប្រាក់បៀវត្សរ៍បុគ្គលិក ៥០ ភាគរយ នៃប្រាក់ខែគោលរបស់កម្មករ និយោជិត។
អ្នកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LYLY Food Industry Co ដែលជារោងចក្រផលិតនំស្រួយ លីលី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ការស្នើសុំនេះនឹងអាចសម្រាលបន្ទុកបានមួយផ្នែកដល់វិស័យឯកជន ប្រសិនបើរដ្ឋាភិបាលទទួលយកសំណើនេះ។
អ្នកស្រីបានបន្តថា ក្រុមហ៊ុននំស្រួយ លីលី ក៏កំពុងប្រឈមនឹងការបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនដោយសារតម្រូវការទីផ្សារធ្លាក់ចុះដែលបណ្តាលមកពីវីរុសនេះ។
អ្នកស្រីថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលជួយសម្រួលដល់វិស័យឯកជននៅពេលនេះ ពួកគេនឹងរក្សានិរន្តរភាពអាជីវកម្ម និងចង្វាក់ផលិតកម្ម ហើយកម្មករក៏នឹងមិនបាត់បង់ការងារ និងប្រាក់ចំណូលដែរ»។
ទន្ទឹមនឹងនេះដោយសារការរីករាលដាលកូវីដ១៩ ក្រុមហ៊ុន Kirirom Food ProductCo., Ltd ដែលជារោងចក្រកែច្នៃផលិតផលពីផ្លែស្វាយក៏កំពុងប្រឈមនឹងកង្វះទុនបង្វិលប្រមាណ ៥០ ម៉ឺនដុល្លារ ក្នុងអំឡុងនៃការរាតត្បាតកូវីដ១៩ ដែរ។
អ្នកស្រី ម៉ៅ សុធា អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុននេះបាននិយាយថា កង្វះទុនបង្វិលនៅពេលនេះដោយសារការនាំចេញ និងការលក់រាយក្នុងស្រុកបានធ្លាក់ចុះ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំយល់ថា សព្វថ្ងៃវិស័យឯកជនចង់បានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល ជាពិសេសការលើកលែងពន្ធ និងការផ្តល់ប្រាក់ឧបត្ថមធនដែលវិធានការទាំងនេះនឹងជួយឲ្យអាជីវកម្មរបស់ពួកយើងបន្តដំណើរទៅមុខទៀត»។
ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ ១៩ រដ្ឋាភិបាលកម្ពុជាបានគ្រោងថវិកាប្រមាណ ៤៥០ លានដុល្លារ៕