ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន Chevron (Cambodia) Limited ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាជីវកម្ម Chevron មាន​មូលដ្ឋាន​នៅ​អាមេរិក​ក្នុង​ការបង្កើន​ស្ថានីយ​ប្រេងឥន្ធនៈ​ឱ្យបាន ១០០ ​ទីតាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក ជៀប សួ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ថា ក្នុងជំនួប​រវាង លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​លោក Pongtorn Tangma-nuswong ប្រធាន​ក្រុមហ៊ុន Chevron ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ក្រុមហ៊ុន Chevron បានឱ្យ​ដឹងថា ខ្លួន​មាន​ផែនការ​ពង្រីក​ស្ថានីយ​ឱ្យ​បាន​ដល់​ ១០០ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ប្រទេស​កម្ពុជា​។ ទោះយ៉ាងណា លោក​អះអាង​ថា ក្រុមហ៊ុន​មិនបាន​បញ្ជាក់​នូវ​ពេលវេលា​ជាក់លាក់​ថា តើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​នេះ​គ្រាន់តែ​ជា​ផែនការ​ប៉ុណ្ណោះ ដោយ​គាត់​មិនបាន​បញ្ជាក់ថា ១០០ ​ស្ថានីយ​នោះ​នឹង​សាងសង់​ក្នុង​ឆ្នាំ​នេះ​ទេ ខណៈ​បច្ចុប្បន្ន​គាត់​ទើបតែ​មាន ៣៥ ​ស្ថានីយ​»​។

«​សម្រាប់​រដ្ឋាភិបាល គឺ​ស្វាគមន៍​រាល់​ការពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន បើ​ទីតាំង​ដែល​ក្រុមហ៊ុន​ស្នើសុំ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ហើយ​ការរៀបចំ​បច្ចេកទេស​របស់​គាត់​ស្របតាម​សារាចរ​របស់​យើង​ដែល​បានកំណត់​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​»​។ នេះ​បើ​យោងតាម​លោក ជៀប សួ​។

លោក​បន្តថា មកទល់​ពេលនេះ​លោក​មិនទាន់​ទទួល​បាន​ពាក្យស្នើសុំ​ណាមួយ​ពី​ក្រុមហ៊ុន​ទេ​ទាក់ទង​នឹង​ផែនការ​ពង្រីក​ស្ថានីយ​។ លោក​បន្ថែម​ទៀត​ថា​៖ «​សម្រាប់​ការពង្រីក​ស្ថានីយ​នេះ​គឺ​ក្រុមហ៊ុន​ត្រូវដាក់​ពាក្យស្នើសុំ​ម្តង​មួយៗ​ដោយ​វា​ទាមទារ​ឱ្យ​យើង​ត្រូវ​ត្រួត​ពិនិត្យមើល​ទីតាំង និង​សុវត្ថិភាព​នៃ​ការរៀបចំ​។ អាជីវកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ គឺ​ខុសពី​អាជីវកម្ម​ផ្សេងៗ​ដោយសារ​វា​តម្រូវឱ្យ​យើង​ចុះទៅ​អង្កេត និង​វាយតម្លៃ​លើ​ផែនការ​សុវត្ថិភាព និង​ទីតាំង​ជាក់ស្តែង​»​។

កម្ពុជា​បាន​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​នៅលើ​ពិភពលោក និង​ជា​ប្រទេស​ទី​៨ ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ឡាវ និង​សិង្ហបុរី​) ​បន្ទាប់ពី​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy Ltd របស់​សិង្ហបុរី​បាន​ទាញយក​តំណក់​ប្រេង​លើកដំបូង​នៅ​ប្លុក A​។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចម្ការមន និង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់ខែង កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈថា អណ្តូងប្រេង​ទី​១ នៅក្នុង​តំបន់​ប្រេង​អប្សរា​បូម​ប្រេងឆៅ​បាន​ ៤០ ៧៨៨ បារ៉ែល ​គិត​ចាប់ពី​ដាក់ឱ្យ​ដំណើរការ​អណ្តូងប្រេង​នេះ​ដំបូង​កាលពី​ថ្ងៃទី​ ២៨ ខែ ធ្នូ ឆ្នាំ​ ២០២០​។

លោក ហ៊ុន សែន បាន​បន្ថែមទៀត​ថា អណ្តូងប្រេង​ទី​២ ទើប​ដាក់ឱ្យ​ដំណើរការ​ខួង​កាលពី​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ​ ២០២១ ដើម្បី​ញែក​រវាង​ប្រេង និង​ល្បាប់​ភក់​។ លោក​ថ្លែងថា​៖ «​យើង​នឹង​បន្តដំណើរ​ការ​បូម​ប្រេង​អណ្តូង​ជា​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​ ២០២១ នេះ​»៕ LA