ភ្នំពេញៈ ក្រុមហ៊ុនមូលនិធិឯកជនក្នុងស្រុក Cambodia Investor Club (CIC) បានដាក់ឲ្យដំណើរការកម្មវិធីអាជីវកម្មមួយឈ្មោះ ឱកាសវិនិយោគ Beyond Investment Opportunity (BIO) ក្នុងគោលបំណងបង្កើនសកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈការបង្កើនដល់អ្នកដែលមានទុនលើស និងអ្នកដែលត្រូវការទុន។
លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រង CIC បាននិយាយថា BIO នឹងជួយដល់វិនិយោគិនដែលមានទុនច្រើនមានសមត្ថភាពក្នុងការវាយតម្លៃសក្តានុពលអាជីវកម្មមុនពេលសម្រេចចិត្តទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយក៏ជួយពង្រឹងសមត្ថភាពសហគ្រិនដែលជាអ្នកត្រូវការទុនដើម្បី ធ្វើឲ្យពួកគេមានសមត្ថភាពក្នុងការទទួលយកទុនផងដែរ។
យោងតាមលោក សំរេច មានមូលនិធិវិនិយោគកាន់តែច្រើនសម្រាប់សហគ្រិនកម្ពុជា ហើយពួកគេគួរតែចាប់យកអត្ថប្រយោជន៍នៃមូលនិធិទាំងនេះដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
លោកថ្លែងថា៖ «ដើម្បីធ្វើឲ្យទីផ្សារកាន់តែមានសក្តានុពល ក្រុមហ៊ុនក្នុងស្រុកត្រូវតែមានសមត្ថភាព ដូច្នេះហើយទើប BIO ដំណើរការកម្មវិធីនេះឡើងដើម្បីធ្វើឲ្យអ្នកចូលរួមទទួលបានមូលនិធិកាន់តែងាយស្រួល»។
លោកបន្តថា CIC បានចាប់ផ្តើមមូលនិធិវិនិយោគតាំងពីឆ្នាំ ២០០៩ ហើយមកដល់ពេលនេះ CIC បានវិនិយោគជាមួយក្រុមហ៊ុនជាច្រើននៅកម្ពុជាដែលមានចំនួនទឹកប្រាក់សរុប ៤ លានដុល្លារអាមេរិក។
កម្មវិធី BIO និងមានរយៈពេល ៦ ខែ ហើយមានវគ្គបណ្តុះបណ្តាលចំនួន ៩។ មានវគ្គពិភាក្សាជាច្រើនរវាងអ្នកចូលរួម និងសហគ្រាសជោគជ័យនៅកម្ពុជា។
ដើម្បីក្លាយជាសមាជិក BIO អ្នកចូលរួមម្នាក់ត្រូវបង់ថ្លៃ ៧៥០ ដុល្លារក្នុងមួយកម្មវិធីនេះ។ កម្មវិធីកំណត់ទិសដៅអ្នកចូលរួម ១០០ នាក់ ហើយពេលនេះមានអ្នកចូលរួម ៥០ នាក់ហើយដែលបានចុះឈ្មោះនៅភ្នំពេញ និង ២០ នាក់នៅសៀមរាប។
បច្ចុប្បន្នមានមូលនិធិវិនិយោគឯកជនជាច្រើននៅកម្ពុជាដែលផ្តល់ឱកាសកាន់តែច្រើនដល់វិនិយោគិនក្នុងការទទួលបានទុនកាន់តែច្រើន។
គ្រាន់តែក្រុមហ៊ុនមូលនិធិវិនិយោគឯកជនចំនួន ៥ ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបច្ចុប្បន្នរួមមាន EMIA, Belt Road Capital Management, Smart Axiata, Leopard Capital និង IFC បានផ្តល់មូលនិធិរួមគ្នា ៣០០ លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យម៕