ភ្នំពេញៈ ធនាគារ CIMB Group Holdings Berhad ជាធនាគារមេរបស់ធនាគារ CIMB (Cambodia) បានឲ្យដឹងពីម្សិលមិញថា គេបានដាក់ពាក្យសុំទៅធនាគារកណ្ដាលម៉ាឡេស៊ី ហើយអំពីការច្របាច់បញ្ចូលគ្នាជាមួយធនាគារ RHB Capitial Berhad (RHB Capital) និងធនាគារ Malaysia Building Society Berhad (MBSB) ដើម្បីក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏សំខាន់ និងជាធនាគារអ៊ិស្លាមដ៏ធំមួយនៅអាស៊ាន។
សេចក្តីប្រកាសចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា ធនាគារ CIMB Islamic ធនាគារ RHB Islamic និងធនាគារ MBSB នឹងច្របាច់បញ្ចូលគ្នាដើម្បីបង្កើតជាធនាគារអ៊ិស្លាមដ៏ធំមួយ។
ការច្របាច់បញ្ចូលគ្នានេះនឹងត្រូវបានធ្វើនៅក្នុងតម្លៃ ២,៨២ រីងហ្គីតក្នុងមួយភាគហ៊ុនរបស់ MBSB ហើយភាគទុនិករបស់ MBSB នឹងមានជម្រើសនៃការទទួលសាច់ប្រាក់ ឬភាគហ៊ុនរបស់ធនាគារ CIMB Islamic តាមការពិចារណា។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា វាត្រូវបានគេរំពឹងថា ការបង្កើតធនាគារអ៊ិស្លាមដ៏ធំថ្មីនេះនឹងនៅតែជាបុត្រសម្ព័ន្ធមួយរបស់ CIMB-RHB ដែលបានជាដៃគូជាមួយនឹងអតីតធនាគារ MBSB ឬជាភាគទុនិកយុទ្ធសាស្ដ្រថ្មី។
លោក Dato’ Ahmad Zaini bin Othman ប្រធាននាយកប្រតិបត្តិរបស់ធនាគារ MBSB ថ្លែងថា៖ «វិធានការនេះបង្ហាញពីព្រឹត្តិការណ៍ដ៏សំខាន់ផ្សេងមួយទៀតនៅក្នុងប្រវត្តិសាស្ដ្ររបស់ធនាគារ MBSB ចាប់តាំងពីការចាប់ផ្ដើមរបស់ខ្លួន ហើយយើងមានសេចក្ដីរីករាយក្នុងការធ្វើជាផ្នែកមួយនៃការអនុវត្តរបស់ក្រុមហ៊ុននេះ»។
លោក Tengku Dato’ Zafrul Tengku Abdul Aziz អគ្គនាយកស្ដីទីធនាគារ CIMB Group ថ្លែងថា៖ «យើងមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលអាចសម្រេចបានដំណាក់កាលនៃដំណើរការនេះ។ ការអនុវត្តនេះនឹងពង្រឹងគោលជំហររបស់ធនាគារ CIMB Group ក្នុងចំណោមធនាគារឈានមុខគេជាច្រើននៅក្នុងតំបន់អាស៊ាន និងនាំមកនូវការបង្កើតឱកាសមានតម្លៃដ៏ច្រើនសម្រាប់ភាគទុនិករបស់យើងទាំងអស់គ្នា»។
លោក អ៊ី សារី ប្រធានសហគមន៍អភិវឌ្ឍន៍អ៊ិស្លាមកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា នឹងមានវិធានការដ៏ល្អមួយសម្រាប់សហគមន៍អ៊ិស្លាមនៅកម្ពុជា ខណៈមានជនជាតិអ៊ិស្លាមជាង ១ លាននាក់កំពុងរស់នៅទីនេះ។
លោកបន្តថា៖ «បច្ចុប្បន្នប្រជាជនអ៊ិស្លាមរបស់យើងកំពុងទទួលបានកម្ចីដូចប្រជាជនកម្ពុជាតាមរយៈធនាគារជាច្រើនសម្រាប់អាជីវកម្មរបស់ខ្លួន។ ប៉ុន្តែបើមានសេវាពិសេសសម្រាប់ពួកគេ នឹងមានការទាក់ទាញផ្សេងទៀតសម្រាប់ពួកគេ»៕