ភ្នំពេញៈ បណ្ដា​ប្រទេស CLMV (​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ​វៀតណាម​) បាន​ឯកភាពគ្នា​លើ​ក្របខណ្ឌ​ការងារ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​នឹង​ត្រូវ​ដាក់ជូន​មេដឹកនាំ​របស់ CLMV ដើម្បី​អនុម័ត​នៅ​ឆ្នាំក្រោយ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ម្សិលមិញ​។

សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​របស់​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច (EMM) CLMV លើក​ទី​​ ១១​ ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​​អាស៊ាន (AEM) លើក​ទី​ ៥១ ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៨ ​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​បាងកក​។

ក្របខ័ណ្ឌ​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស CLMV នឹង​ត្រូវ​ដាក់​ជូន​មេដឹកនាំ​របស់​បណ្ដា​ប្រទេស​ CLMV ដើម្បី​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​ ១០ ដែល​ត្រូវធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ២០២០ នៅក្នុង​ប្រទេស​ ឡាវ​។

ក្របខ័ណ្ឌ​អភិវឌ្ឍន៍​នេះ​ផ្ដោត​លើ​ធាតុ​ផ្សំ​ចំនួន​ ៣ ដែល​រួមមាន​ការតភ្ជាប់​ដើម្បី​ជួយ​សម្រួល​ការវិនិយោគ ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ ការជំរុញ​ក្នុងការ​ទាក់ទាញ​កម្មករ​ជំនាញ និង​ការវិនិយោគ​លើ​វិស័យ​នានា​ដែល​ភាគច្រើន​ផ្ដោត​លើ​វិស័យ​កសិកម្ម ម្ហូបអាហារ និង​ទេសចរណ៍​។

ក្នុងអំឡុង​កិច្ចប្រជុំ​នេះ​ក្រុម​រដ្ឋមន្ដ្រី​បាន​ពិភាក្សា និង​ត្រួតពិនិត្យ​ការរីកចម្រើន​ក្នុង​ការអនុវត្ត​ស្ថិតក្រោម​ផែនការ​សកម្មភាព​ឆ្នាំ​ ២០១៧-២០១៨ និង​ឆ្នាំ​ ២០១៩-២០២០ របស់ CLMV ជាពិសេស​លើ​គម្រោង​ ២ ដែល​ត្រូវបាន​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ដែល​រួមទាំង​ទេសចរណ៍​អេឡិចត្រូនិក​ដែល​ជា​ដំណោះស្រាយ​នវានុវត្តន៍​មួយ​ចំពោះ Tourism MSMEs នៅក្នុង CLMV និង​ការ​វាយតម្លៃ​ក្របខ័ណ្ឌ​ការងារ​ច្បាប់ និង​បទប្បញ្ញត្តិ​ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​៕LA