ភ្នំពេញ: សហគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ (CMA) ​បាន​ច្រានចោល​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ ដែល​អះអាង​ថា ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​រងគ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ច​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាននិង​កំពុង​រងគ្រោះ​បន្ថែមទៀត​ពី​វិបត្តិ​ជំពាក់​បំណុល​ច្រើន​លើសលប់​នៃ​កម្ចី​ឥណទាន​ជាង​ ១០ ពាន់​លាន​ដុល្លារ​ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ការច្រានចោល​នេះ​ធ្វើឡើង​បន្ទាប់ពី​អង្គការ​លីកាដូ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដែលមាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៣៥ ​ស្តីពី «​បំណុល​មីក្រូហិរញ្ញវត្ថុ​គួរ​ត្រូវបាន​ព្យួរ និង​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ម្ចាស់​ទ្រព្យ​វិញ​នា​អំឡុង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩» កាលពី​ថ្ងៃទី​ ២៧ ខែមេសា​។

ទន្ទឹម​នឹង​នេះ​អង្គការ​សង្គម​ស៊ីវិល​នេះ​ក៏បាន​ទទូច​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើការ​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ជា​ទ្រព្យ​បញ្ចាំ​ឲ្យ​ទៅ​អ្នក​ខ្ចី​វិញ និង​ធ្វើ​ការផ្អាក​ការសង​ប្រាក់កម្ចី និង​ការប្រាក់​ទាំងអស់​ក្នុង​រយៈពេល​យ៉ាងតិច ៣ ​ខែ​ដើម្បី​ធានាថា ប្រជាពលរដ្ឋ​នឹង​គ្មាន​ហានិភ័យ​ចំពោះ​សុខភាព បំណុល ការជួញដូរ​មនុស្ស និង​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុងអំឡុង​ពេលនេះ​។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​។

សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹងថា​៖ «​យើងខ្ញុំ​សូម​សំណូមពរ​ដោយ​ទទូច​ឲ្យ​រាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចីប្រាក់ ដោយ​ផ្អាក​ការសង​ប្រាក់កម្ចី​មីក្រូហិរញ្ញវត្ថុ និង​ការប្រាក់​សម្រាប់​រយៈពេល​យ៉ាងតិច​ ៣ ​ខែ ក៏​ដូចជា​ប្រគល់​បណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​ដែល​មាន​សិទ្ធិ​ពេញលេញ​វិញ​»​។

សេចក្តី​ថ្លែងការណ៍​បាន​បន្តថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង ២,៥ ​លាន​នាក់ ​ដែល​បាន​ជាប់បំណុល​ខ្នាតតូច​នៅក្នុង​អត្រា​ប្រាក់កម្ចី​ជា​មធ្យម ៣ ៨០០ ​ដុល្លារ​ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​ប្រឈម​នឹង​ហានិភ័យ​។

លោក ប៊ុន មុនី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ទោះបី​អ្នក​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​មាន​ចំនួន​ជាង​ ២ ​លាន​នាក់ ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​សម្រេចយក​ទ្រព្យ​បញ្ចាំ​ពី​អតិថិជន​ប្រមាណ​ ១ ​លាន​នាក់​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​យើង​មិនមែន​យក​ទ្រព្យ​បញ្ចាំ​មក​រឹបអូស​របស់គេ ដើម្បី​ទុក​ប្រើប្រាស់​ជា​របស់​យើង​ទេ គឺ​ពួកគេ​នៅតែ​ប្រើប្រាស់​វា​ដដែល គឺ​បើ​គេ​ដាក់​ប្លង់​ផ្ទះ ពួកគេ​នៅតែ​រស់នៅ​លើផ្ទះ បើ​គាត់​ដាក់​ប្លង់ដី​គាត់​នៅតែ​រស់នៅ​លើដី​នោះ​»​។

លោក​បាន​បន្តថា​៖ «​ចំពោះ​គេ​ [​អង្គការ​លីកាដូ​] ​និយាយថា​យើង​ត្រូវ​ឲ្យ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទៅ​ពួកគេ​វិញ​ទៅ ដើម្បី​គេ​អាចមាន​មធ្យោបាយ​ប្រកបរបរ​រកស៊ី វា​មិន​ត្រឹមត្រូវ​ទេ ការពិត​គេ​នៅតែ​ប្រើប្រាស់​ដីធ្លី​ផ្ទះសំបែង​របស់​ពួកគេ​ជាធម្មតា គ្រាន់តែ​យើង​យក​បណ្ណកម្មសិទ្ធិ​មក​រក្សាទុក​។ ខ្ញុំ​គិតថា អង្គការ​លីកាដូ មិន​មាន​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​នោះទេ​»​។

លោក​ប្រាប់ទៀតថា សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាននិង​កំពុង​អនុវត្ត​វិធានការ​ទន់ភ្លន់​ក្នុង​ការដោះស្រាយ​បំណុល​ជាមួយ​អតិថិជន​តាម​ការអំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ធនាគារជាតិ​នៃ​កម្ពុជា​។

លោក​ឲ្យ​ដឹងថា​៖ «​យើង​នឹង​ធ្វើការ​ព្យួរ​ការសង​បំណុល​តាម​ការស្នើសុំ​របស់​អតិថិជន​ដែល​បានស្នើ​សុំ​មក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ យើង​មិន​បង្ខំ​ឲ្យ​គេ​លក់​ដីធ្លី ផ្ទះ​ទេ​ក្នុង​កាលៈទេសៈ​នេះ ព្រោះ​យើង​ដឹងថា ពួកគេ​កំពុង​មាន​បញ្ហា​លំបាក ហើយ​យើង​ក៏​មិន​ទារ​បង់ប្រាក់​ពិន័យ​ពី​គាត់​ដែរ បើ​គាត់​យឺតយ៉ាវ​តាម​ដំណើរ​ទៅ យើង​អនុញ្ញាត​ឲ្យ​គាត់​យឺតយ៉ាវ​ដែរ​»​។

លោក​បញ្ជាក់ថា​៖ «​ជោគជ័យ​ពិតប្រាកដ​របស់​អតិថិជន​គឺជា​ជោគជ័យ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិនអាច​ជោគជ័យ​លើ​ការបរាជ័យ​របស់​អតិថិជន​ខ្លួន​នោះទេ​»​។

លោក សុខ វឿន នាយក​ប្រតិបត្តិ​មីក្រូហិរញ្ញវត្ថុ​អិលអូ អិលស៊ី បាន​ឲ្យ​ដឹងថា គ្រឹះស្ថាន​របស់​លោក​កំពុង​គោរព​តាម​ការណែនាំ​របស់​ NBC ក្នុង​ការដោះស្រាយ​បំណុល​ជាមួយ​អតិថិជន​ក្នុងអំឡុង​ពេលនេះ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ពួកគាត់​សុំ​ដកយក​បណ្ណ​កម្មសិទ្ធិ​វិញ តើ​យកទៅ​ធ្វើ​អ្វី​? វា​គ្មាន​ហានិភ័យ​អ្វី​ត្រូវ​បាត់បង់​នោះទេ យើង​កំពុង​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​គ្នា​។ ខ្ញុំ​ឆ្ងល់​ថា តើ​គាត់​យក​បណ្ណ​កម្មសិទ្ធិ​ទៅណា​? គាត់​យក​ទៅ​ខ្ចី​គេ​ទៀត យើង​អត់​យល់​?»​។

ទោះយ៉ាងណា អង្គការ​លីកាដូ​បាន​ទទួល​ស្គាល់​ពី​វិធានការ​ដែល​ដាក់ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការលើក​ទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រៀបចំ​ឥណទាន​ឡើងវិញ និង​ការពន្យារពេល​សង​ប្រាក់​ដោយ​ផ្អែក​តាម​ករណី​ជាក់ស្ដែង​នីមួយៗ​។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​យើងខ្ញុំ​សង្ឃឹមថា​ធនាគារជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​មេត្តា​ពិចារណា​ចេញ​បទបញ្ជា​ចំពោះ​វិស័យនេះ ដើម្បី​បង្គាប់​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​ខ្ចីប្រាក់​ឲ្យ​បាន​ឆាប់​»​។

គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ នៅ​កម្ពុជា មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨២ ប្រតិបត្តិករ​ឥណទាន​ជនបទ ២៤៨ ក្រុមហ៊ុន​ភតិសន្យា ១៥ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់ ២០​។ ខណៈ​ប្រាក់កម្ចី​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ៧,២ ​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​មាន ៣,៩ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ធនាគារជាតិ​៕