ភ្នំពេញៈ តំណាង​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) កាលពី​ម្សិលមិញ​បាន​ក្រើន​រំឭក​សាធារណជន​ពី​ហានិភ័យ​នៃ​កម្ចី​មាន​លក្ខខណ្ឌ​ងាយស្រួល​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាន់តែ​ច្រើន​ឡើង​នៅ​តាម​បណ្តាញ​សង្គម​ដោយ​​ក្រុមហ៊ុន​មិន​សូវ​ស្គាល់​ឈ្មោះ​ជាច្រើន​ដែល​អាច​ជា​ស្ថាប័ន​​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។

លោក យន់ សុវណ្ណា នាយក​ប្រតិបត្តិ CMA បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​កម្ចី​ដែល​មាន​លក្ខខណ្ឌ​ងាយស្រួល​កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នាពេល​ថ្មីៗ​នេះ​ទាំង​តាម​បណ្តាញ​សង្គម​ដូចជា​ហ្វេសប៊ុក និង ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ដាក់​ភ្ជាប់​នៅ​តាម​រ៉ឺម៉ក​ទេសចរណ៍​ជាដើម​។

ការផ្សព្វផ្សាយ​ពី​សេវា​កម្ចី​ទាំង​នោះ​មិន​បាន​បង្ហាញ​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​នោះ​ទេ​ស្រប​ពេល​ព្យាយាម​បង្ហាញ​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ខុស​ឆ្ងាយ​ពី​អ្វី​ដែល​គ្រឹះស្ថាន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​តែង​​អនុវត្ត​។ លោក​បន្ថែម​ថា ការផ្សព្វផ្សាយ​ពី​កម្ចី​ទាំង​នោះ​អាច​បង្ក​ជា​ចម្ងល់​ថា​តើ​គ្រឹះស្ថាន​ទាំងនោះ​មាន​អាជ្ញាប័ណ្ណ​​ត្រឹមត្រូវ​ឬ​អត់​? ដែល​កត្តា​នេះ​អាជ្ញាធរ​ហិរញ្ញវត្ថុ​កម្ពុជា​គួរ​ត្រូវ​បាន​ជូន​ដំណឹង និង​ចាត់​វិធានការ​នានា​ដើម្បី​បង្ការ​រឿង​អាក្រក់​កើតឡើង​។

លោក​ថ្លែង​ថា​៖ «​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស បើសិន​ប្រជាជន​កាន់តែ​ច្រើន​ជាប់​បំណុល​ជាមួយ​គ្រឹះសា្ថន​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​»​។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​សេវា​បែប​នោះ​នៅ​តែ​ប្រតិបត្តិការ ប្រជាជន​កាន់តែ​ច្រើន​អាច​រងគ្រោះ​ដោយ​សេវា​នេះ ហើយ​ផល​អវិជ្ជមាន​អាច​រាលដាល​ដល់​កេរ្ដិ៍ឈ្មោះ​គ្រឹះស្ថាន​ផ្តល់​កម្ចី​ត្រឹមត្រូវ​។

លោក​បញ្ជាក់​ថា​៖ «​វា​អាច​ជា​ផលប៉ះពាល់​អវិជ្ជមាន​ដល់​កេរ្ដិ៍ឈ្មោះ​គ្រឹះស្ថាន​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដែល​តែងតែ​អនុវត្ត​តាម​បទប្បញ្ញត្តិ​របស់​ធនាគារ​ជាតិ​យ៉ាង​ខ្ជាប់ខ្ជួន គោរព​តាម​គោលការណ៍​ការពារ​អតិថិជន និង​វិជ្ជាជីវៈ​»​។

សេវាកម្ម​កម្ចី​ដែល​មាន​លក្ខខណ្ឌ​ងាយស្រួល​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ ក្រុមហ៊ុន​ទាំង​នោះ​ក៏​មាន​ការ​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាជន​ចាប់​អារម្មណ៍​ទទួល​កម្ចី​ពី​ស្ថាប័ន​ពួកគេ​ផងដែរ​។ ជាទូទៅ​ស្ថាប័ន​ដែល​អះអាង​ថា​ផ្តល់​កម្ចី​រហ័ស និង​មាន​លក្ខខណ្ឌ​ងាយស្រួល ប៉ុន្តែ​អ្នក​ផ្តល់​កម្ចី​ទាំង​នោះ​មិន​ដែល​បាន​ផ្ដល់​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​នោះ​ទេ​។ ពួកគេ​ព្យាយាម​ផ្សព្វផ្សាយ​ពី​សេវា​កម្ចី​ដែល​មិន​មាន​នីតិវិធី​ស្មុគស្មាញ​ដូចជា​មិន​តម្រូវ​ឲ្យ​មាន​វត្ថុ​បញ្ចាំ និង​អ្នកធានា តែ​មិន​បាន​បង្ហាញ​អត្រា​ការប្រាក់​ជាក់លាក់​នោះ​ទេ​។ ការផ្សព្វផ្សាយ​ទាំង​នេះ​ខុសគ្នា​ទាំង​ស្រុង​ពី​ការអនុវត្ត​របស់​គ្រឹះស្ថាន​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។

លោកស្រី ជា សិរី អគ្គនាយក NBC បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា NBC បាន​យល់ដឹង​ពី​បញ្ហា​នេះ ហើយ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជាច្រើន ដើម្បី​ក្រើន​រំឭក​ដល់​សាធារណជន​អំពី​ហានិភ័យ​នេះ​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ស្វាគមន៍​សេចក្ដី​ប្រកាស​របស់ CMA ដោយ​កត្តា​នេះ​បាន​ជួយ​ពង្រីក​​ជំហរ​របស់​យើង ហើយ​សង្ឃឹម​ថា​វា​អាច​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ និង​ការយល់ដឹង​កាន់តែ​ប្រសើរ​ដល់​សាធារណជន​»​។ លោកស្រី​បន្ត​ថា​៖ «​ពី​ខាង NBC យើង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ដែល​អនុវត្ត​ច្បាប់ ដើម្បី​បង្ក្រាប​ការផ្តល់​សេវា [​កម្ចី​មិនមាន​អាជ្ញាប័ណ្ណ​] ​នេះ​»​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កម្ចី​ដែល​បាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​មាន​ហានិភ័យ​ខ្លាំង​ណាស់​ដែល​ត្រូវ​បង្ការ​ឲ្យ​ទាន់ពេល​។

លោក​ទទួល​ស្គាល់​ពី​ផលប្រយោជន៍​នៃ​វិធានការ NBC នាពេល​កន្លងមក​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បង្កើន​ការប្រុងប្រយ័ត្ន តែ​លោក​បាន​បញ្ជាក់​ថា​ធនាគារ​កណ្តាល​របស់​កម្ពុជា​មួយ​នេះ​គួរ​បង្កើន​សកម្មភាព​អនុវត្តន៍​បទប្បញ្ញាត្តិ​ឲ្យ​តឹងរ៉ឹង និង​ឆាប់​រហ័ស​ជាង​នេះ​ទៀត​។

លោក​ថ្លែង​ថា​៖ «​ប្រជាជន​របស់​យើង​នៅតែ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទាប​នៅ​ឡើយ ដែល​មាន​ន័យ​ថា​វា​ជា​ការ​ចាំបាច់​បំផុត​ដែល​និយតករ​ហិរញ្ញវត្ថុ​ត្រូវ​មាន​វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​សាធារណជន​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​តែង​គ្រប់គ្រង​គ្រឹះស្ថាន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដូចជា​ការដាក់​កម្រិត​អត្រា​ការប្រាក់​ជាដើម ប៉ុន្តែ​ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​មិនមាន​អាជ្ញាប័ណ្ណ ផ្ដល់​សេវា​ដូច​គ្នា​ដែរ អ៊ីចឹង​វា​ដូចជា​បើក​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​មិន​ស្មើភាព​សម្រាប់​គ្រឹះស្ថាន​ផ្លូវការ​។ វា​បង្អាក់​​ទឹកចិត្ត​ប្រតិបត្តិករ​ឲ្យ​ចូលរួម​ក្នុង​ប្រព័ន្ធ​ផ្លូវការ​»​។

បច្ចុប្បន្ន​គេ​ឃើញ​មាន​ភ្នាក់ងារ​ដើរ​ចែក​នាមប័ណ្ណ​តាម​ផ្ទះ និង​ហាង​លក់​ទំនិញ​តូចៗ​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ពី​ការផ្តល់​កម្ចី​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ដឹង​ថា​ភ្នាក់ងារ​ផ្តល់​កម្ចី​​ឯកជន​ដោយ​ជនជាតិ​ចិន​៕ LA