
លោក Jong Weon Ha ជាប្រធានប្រតិបត្តិការថ្មី (COO) នៅផ្សារហ៊ុនកម្ពុជាក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃសុក្រ។ ហេង ជីវ័ន
ភ្នំពេញៈ ចាប់តាំងពីបើកដំណើរការដំបូងកាលពីឆ្នាំ ២០១២ មកដល់ពេលនេះផ្សារមូលបត្រកម្ពុជា (CSX) មានក្រុមហ៊ុនចុះបញ្ជីសរុបតែ ៥ ប៉ុណ្ណោះ។ ខណៈ CSX បានដាក់ដំណើរការទីផ្សារកំណើនរបស់ខ្លួនកាលពីចុងឆ្នាំ ២០១៥ មានបំណងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនធុនតូច និងមធ្យមដើម្បីចុះបញ្ជីលើផ្សារហ៊ុននេះ តែមកដល់ពេលនេះមិនមាន SME ចុះបញ្ជីនៅទីផ្សារនេះនៅឡើយទេ។
លោក Jong Weon Ha ត្រូវបានតែងតាំងថ្មីៗនេះជាប្រធានប្រតិបត្តិការថ្មី (COO) នៅ CSX ដែលក្លាយជាជនជាតិកូរ៉េទី ៣ ក្នុងមុខតំណែងនេះ។
លោក ហ៊ គីមសាយ អ្នកយកព័ត៌មានកាសែតភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសលោក Jong Weon Ha ដើម្បីនិយាយអំពីការទទួលខុសត្រូវរបស់លោក និងចក្ខុវិស័យរបស់ទីផ្សារមូលបត្រកម្ពុជា។
ចាប់តាំងពីប្រតិបត្តិការកាលពីឆ្នាំ ២០១២ CSX នៅតែកំពុងជម្នះយ៉ាងខ្លាំងក្នុងការទាក់ទាញក្រុមហ៊ុនឲ្យចុះបញ្ជី ខណៈមានតែក្រុមហ៊ុន ៥ ប៉ុណ្ណោះនៅលើទីផ្សាររហូតមកដល់ពេលនេះ។ តើអ្នកមានទស្សនៈយ៉ាងណាអំពីដំណើរការនេះ?
ទីផ្សារមូលបត្រនៅក្នុងប្រទេសកម្ពុជានៅតែស្ថិតក្នុងដំណាក់កាលដំបូង ដូច្នេះវាជាករណីធម្មតាដែលផ្សារហ៊ុននេះមិនទាន់មានសកម្មភាពច្រើននៅឡើយទេ។ សូម្បីការអភិវឌ្ឍផ្សារមូលបត្រនៅក្នុងប្រទេសថៃ ដូចជាផ្សារហ៊ុនថៃ (SET) និងផ្សារមូលបត្រនៅវៀតណាមត្រូវការពេលវេលាមួយចំនួនដែរ ដើម្បីរីកចម្រើនមុនពេលវាមានសកម្មភាពកាន់តែច្រើនដូចបច្ចុប្បន្ន។
ពិតហើយយើងមានសក្ដានុពលធំក្នុងការរីកចម្រើន។ សេដ្ឋកិច្ចកម្ពុជាកំពុងអភិវឌ្ឍ ប៉ុន្តែការត្រួតពិនិត្យលើក្រុមវិនិយោគិនមិនដឹងច្បាស់លាស់នោះទេ។ មានតែក្រុមហ៊ុនធំៗមួយចំនួនប៉ុណ្ណោះដឹងពីបញ្ហានេះ។ មិនមែនវិនិយោគិនច្រើនដឹងអំពីសក្ដានុពលរបស់ផ្សារមូលបត្រនេះទេ។ ខ្ញុំនឹងព្យាយាមពន្យល់អ្វីកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាដល់វិនិយោគិនបុគ្គលនៅក្នុងប្រទេសកម្ពុជា និងក្រុមវិនិយោគិនបរទេសដើម្បីយល់ដឹងពីការរីកចម្រើនរបស់ប្រទេសកម្ពុជា។
តើអ្វីជាយុទ្ធសាស្ដ្រថ្មីៗដែលអ្នកនឹងនាំមកដើម្បីធ្វើឲ្យទីផ្សារនេះកាន់តែសកម្ម?
ការចំណាយពេលវេលាកាន់តែច្រើនដើម្បីបង្កើនការយល់ដឹងអំពីទីផ្សារនេះ ក្នុងចំណោមវិនិយោគិនវ័យក្មេងរបស់កម្ពុជា គួរតែជាការផ្ដោតការយកចិត្តទុកដាក់មួយ។ ខ្ញុំនឹងព្យាយាមចែករំលែកចំណេះដឹងរបស់ខ្ញុំជាមួយវិនិយោគិនវ័យក្មេង ហើយខ្ញុំសង្ឃឹមថាពួកគេនឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើផ្សារមូលបត្រនេះ។ នៅពេលធនធានមនុស្សមានច្រើននឹងចូលរួមនៅក្នុងទីផ្សារថ្មីនេះ ពួកគេនឹងជួយវិស័យនេះរីកចម្រើនកាន់តែខ្លាំង។
យើងនឹងព្យាយាមទាក់ទាញក្រុមវិនិយោគិនបរទេសកាន់តែច្រើន ហើយនាពេលអនាគតនៅពេលក្រុមវិនិយោគិនបរទេសកាន់តែច្រើនដូចជាកូរ៉េ និងចិន វិនិយោគលើទីផ្សារនេះនឹងមានឱកាសធំៗសម្រាប់ទីផ្សារនេះ។ ប៉ុន្តែ យើងគួរតែដឹងថាវិនិយោគិនក្នុងស្រុកត្រូវការយល់ដឹងពីអត្ថប្រយោជន៍ទីផ្សារនេះ និងការវិនិយោគលើទីផ្សារនេះផងដែរ។
តើមកកាន់តំណែងជា COO នៅ CSX តាំងពីពេលណា? តើអ្វីជាការងារសំខាន់របស់អ្នក?
ខ្ញុំបានមកទីនេះកាលពីថ្ងៃទី ៧ ខែមេសាហើយខ្ញុំមិនប្រាកដនៅឡើយទេថា រយៈពេលប៉ុន្មានហើយដែលធ្វើការងារនៅទីនេះ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើការងារនៅទីនេះរយៈពេលវែង និងធ្វើឲ្យទីផ្សារនេះកាន់តែសកម្មថែមទៀត។ តាមទស្សនៈរបស់ខ្ញុំ ខ្ញុំនឹងដោះស្រាយការងារជាច្រើនដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ CSX ។ យើងមាននាយកដ្ឋាន ៥ នៅទីនេះហើយខ្ញុំនឹងដោះស្រាយការងារក្នុងចំណោមនាយកដ្ឋានទាំងនេះ។
តើអ្នកអាចប្រាប់ពីបទពិសោធការងាររបស់អ្នកនៅផ្សារមូលបត្រ ឬការរួមចំណែករបស់អ្នកក្នុងការអភិវឌ្ឍផ្សារមុនពេលចូលរួមជាមួយ CSX បានទេ?
ខ្ញុំបានសញ្ញាបត្រពីផ្នែកសេដ្ឋកិច្ចកាលពីឆ្នាំ ១៩៩២ ហើយចាប់តាំងពីពេលនេះខ្ញុំបានវិនិយោគពេលវេលាភាគច្រើននៅក្នុងការងារពាក់ព័ន្ធនឹងផ្សារមូលបត្រ។ ខ្ញុំធ្លាប់ធ្វើការងារឲ្យផ្សារមូលបត្រកូរ៉េ KOSPI ដែលជាក្រុមហ៊ុនធំមួយ។ ខ្ញុំមានបទពិសោធការងារខាងសហគ្រាសធុនតូច និងមធ្យម (SME) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនផងដែរ។
មុនឆ្នាំ ២០១៤ KOSDAQ មានភាពស្ងប់ស្ងាត់។ មានក្រុមហ៊ុនចុះបញ្ជីតិចតួចនៅទីផ្សារនេះ ហើយទំហំជួញដូរមានភាពយឺតយ៉ាវផងដែរ។
ខ្ញុំរីករាយក្នុងការប្រាប់ថាខ្ញុំបានរួមចំណែកក្នុងការអភិវឌ្ឍ KOSDAQ។ ក្នុងអំឡុងពេលវេលានៅទីនោះរបស់ខ្ញុំ ខ្ញុំព្យាយាមពិភាក្សាជាមួយម្ចាស់ SME ជាច្រើន។ ខ្ញុំបានរៀបចំសិក្ខាសាលាជាច្រើន និងធ្វើបទបង្ហាញ និងការពន្យល់។ ខ្ញុំព្យាយាមស្វែងរកក្រុមវិនិយោគិននៅក្នុងប្រទេសកូរ៉េ និងបរទេស។ ការងារជាច្រើនត្រូវបានផ្លាស់ប្តូរនៅពេលនេះ។ មុនឆ្នាំ ២០១៤ ក្រុមហ៊ុនមិនដល់ ២០ ចុះបញ្ជីនៅ KOSDAQ ក្នុងមួយឆ្នាំ ប៉ុន្តែនៅពេលនេះមានក្រុមហ៊ុនជាង ១០០ ចុះបញ្ជីនៅ KOSDAQ ប្រចាំឆ្នាំ។
ផ្សារហ៊ុនកម្ពុជាបានដំណើរការទីផ្សារកំណើនសម្រាប់ឲ្យ SME ចុះបញ្ជីផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះមិនមាន SME ចុះបញ្ជីនៅផ្សារមូលបត្រនេះនោះទេ។ តើអ្នកនឹងជួយទីផ្សារនេះដូចម្ដេច?
ខ្ញុំនឹងប្រើប្រាស់របៀបស្រដៀងគ្នាដូចដែលខ្ញុំធ្លាប់ប្រើប្រាស់នៅក្នុងប្រទេសកូរ៉េ។ ខ្ញុំនឹងព្យាយាមពន្យល់ក្រុមវិនិយោគិន អំពីសារៈសំខាន់របស់ទីផ្សារកំណើន។ ខ្ញុំសង្ឃឹមថានឹងមានលទ្ធផលល្អ។ ខ្ញុំសង្ឃឹមថានឹងមាន SME កាន់តែច្រើនឡើងៗចុះបញ្ជីនៅទីផ្សារកំណើនរបស់ CSX៕LA