ក្រុង​ប៉េកាំងៈ លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple កាល​​ពី​ថ្ងៃ​សៅរ៍ បាន​ជំរុញ​ឲ្យ​​ប្រទេស ​ចិន ​​​បន្ត​បើក​​ចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ត​​ទៀត ខណៈ​ដែល​ក្រុមហ៊ុន​ចិន​ដែល​ជា​គូរ​ប្រជែង​ក្នុង​ស្រុក​បាន​ដណ្តើម​ចំណែក​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone មួយ​នេះ​​ក្នុង​​គ្រា​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សដ្ឋកិច្ច​ទាំង ២ របស់​ពិភព​លោក​នេះ។

ក្នុង​អំឡុង​ថ្លែង​សុន្ទរកថា​នៅ​ឯវេទិកា​អភិវឌ្ឍន៍​ចិន​ប្រចាំ​ឆ្នាំ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សៅរ៍ លោក Cook បាន​ថ្លែង​ថា៖ «យើង​បាន​មើល​ឃើញ​ថា ចិន​បន្ត​ផ្លាស់​ប្តូរ និង​កែប្រែ។ យើង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស ​ចិន ​បន្ត​បើក​ចំហ​ថែម​ទៀត»។

លោក​​​ថ្លែង​​ថា៖ «យើង​​មើល​ឃើញ​ថា វា​មាន​សារៈសំខាន់​​មិនមែន​សម្រាប់​​តែ​ប្រទេស​ ​ចិន ​ប៉ុណ្ណោះ​ទេ​ ដើម្បី​​​សម្រេច​បាន​សក្តានុពល​ពេញលេញ​របស់​ខ្លួន ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ភាព​រុងរឿង​របស់​​សេដ្ឋកិច្ច​ពិភព​លោក​​ផង​ដែរ​»។

ក្រុមហ៊ុន Apple កាល​ពីខែ​មករា បាន​បង្ហាញ​ថា ខ្លួន​បាន​ទទួល​រងគ្រោះ​នៅ​ក្នុង​តំបន់​​​ចិន​​ទាំង​មូល (រួម​ទាំង​តៃវ៉ាន់ ហុងកុង ម៉ាកាវ) ជា​ទី​ដែល​ប្រាក់​ចំណូល​បាន​ធ្លាក់ចុះ​ជិត ២៧ ភាគរយ​នៅ​​ត្រីមាស​ថ្មី​ចុង​ក្រោយ​បំផុត​នេះ។

ការ​ធ្លាក់ចុះ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​មាន​ឡើង ​បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​នេះ​កាល​ពី​ខែ​ធ្នូ ជា​ពេល​ដែល​ក្រុមហ៊ុន Apple បាន​សារភាព​ថា ការ​លក់​ទូរស័ព្ទ iPhone និង​ប្រាក់​ចំណេញ​សរុប​នឹង​មាន​កម្រិត​ទាប​ជាង​ការ​ព្យាករ​ភាគ​ច្រើន ដោយសារ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​​ក្នុង​ប្រទេស ​ចិន និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង។

ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថោក​ជាង​ទូរស័ព្ទ iPhone របស់​​ក្រុមហ៊ុន Huawei, Xiaomi និង​​ Oppo ក៏​បាន​ដណ្តើម​ទទួល​ចំណែក​ទីផ្សារ​​​នៅ​​​​ចិន​ពី​​ ក្រុមហ៊ុន Apple ផង​ដែរ។

កាល​ពី​ឆ្នាំ​មុន​លោក​ Cook បាន​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​ជំរុញ​ឲ្យ​មេ​ដឹកនាំ​របស់​​​ប្រទេស​ទាំង ​២ បន្ធូរ​ស្ថានការណ៍​ជម្លោះ​ពាណិជ្ជកម្ម​នេះ៕ AFP/KC