ភ្នំពេញៈ ក្រុមហ៊ុន CP របស់​ប្រទេស ​ថៃ​ បាន​បង្ហាញ​បំណង​ក្នុង​ការវិនិយោគ​លើ​ការដាំ​កាហ្វេ​នៅ​កម្ពុជា​ដើម្បី​នាំទៅ​កាន់​ប្រទេស​ ថៃ ខណៈ​តម្រូវការ​គ្រាប់​កាហ្វេ​កំពុង​មាន​កំណើន​ខ្ពស់​ក្នុង​ប្រទេស ​ថៃ​។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្ដិ កាលពី​ថ្ងៃ​សុក្រ ធុរជន​ថៃ​របស់​ក្រុមហ៊ុន CP បាន​លើកឡើង​ថា ទោះបី​ថៃ​ជា​ប្រទេស​ផលិត​កាហ្វេ តែ​កំណើន​ដ៏ច្រើន​នៃ​តម្រូវការ​បាន​ធ្វើឲ្យ​ការផ្គត់ផ្គង់​ក្នុងស្រុក​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​បានទេ​ដែល​ទាមទារ​ឲ្យ​មានការ​នាំចូល​បន្ថែម​។ លោក​បន្តថា ក្រុមហ៊ុន CP កំពុង​មាន​ផែនការ​ពិនិត្យ​លទ្ធភាព​លើ​ការដាំ​កាហ្វេ​នៅ​កម្ពុជា​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ ថៃ​។

លោក ប៉ាន សូរស័ក្ដិ បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែល​ចង់​ចូលមក​វិនិយោគ​លើ​គ្រាប់​កាហ្វេ​កម្ពុជា ដោយ​លោក​លើកឡើង​ថា គ្រាប់​កាហ្វេ​នៅ​កម្ពុជា​មាន​គុណភាព​ល្អ និង​មាន​ការដាំដុះ​ច្រើន​ក្នុង​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​។ លោក​បន្តថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន ចុះ​ពិនិត្យ​ផ្ទាល់ និង​សហការ​ជាមួយ​សហគមន៍​ផលិត​គ្រាប់​កាហ្វេ​នៅ​ទីនោះ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្ដែង​»​។

បន្ថែម​ពី​លើ​នេះ​លោក​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន CP បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ពិសេស​លើ​ការកែច្នៃ អង្ករ ដំឡូងមី ពោត និង​ផលិតផល​ដទៃទៀត​ដែល​សុទ្ធតែ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​នាំចេញ​។

មិនមាន​តួលេខ​ពី​បរិមាណ​នាំចេញ​កាហ្វេ​ក្នុង​ឆ្នាំ​ ២០១៩ ទេ ប៉ុន្តែ​តាម​របាយការណ៍​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​បាន​នាំចេញ​គ្រាប់​កាហ្វេ ចំនួន ២,២៥ ​តោន​ធ្លាក់ចុះ ១៥,៤១ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ដែលមាន​ចំនួន ២,៦៦ ​តោន​។ កាលពី​ឆ្នាំ​ ២០១៦ ការនាំចេញ កាហ្វេ ២,២៥ ​តោន​៕