The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - CP វិនិយោគ $៨ លាន​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា




CP វិនិយោគ $៨ លាន​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា

ជ្រូក​សាច់​ដែល​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​របស់​ក្រុម​ហ៊ុន ម៉ុង ឬទ្ធី នា​ពេល​កន្លង​មក។
ជ្រូក​សាច់​ដែល​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​របស់​ក្រុម​ហ៊ុន ម៉ុង ឬទ្ធី នា​ពេល​កន្លង​មក។ ហេង ជីវ័ន

CP វិនិយោគ $៨ លាន​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា

ភ្នំពេញៈ ក្រុម​ហ៊ុន CP Cambodia ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ពហុ​ផលិត​ផល​ថៃ Charoen Pokphand Company Limited គ្រោង​ចំណាយ​ទឹក​ប្រាក់ ៨ លាន​ដុល្លារ​ដើម្បី​បង្កើន​ចំនួន​ជ្រូក​ពីរ​ដង​ក្នុង​កសិដ្ឋាន​របស់​ខ្លួន​ក្នុង​រយៈ​ពេល ៥​ឆ្នាំ ក្រោយ​ដើម្បី​តាម​ឲ្យ​ទាន់​ក្រុម​ហ៊ុន​ក្នុង​ស្រុក។ នេះ​បើ​តាម​មន្ដ្រី​ជាន់​ខ្ពស់​ក្រុម​ហ៊ុន។

បច្ចុប្បន្ន​ក្រុម​ហ៊ុន CP Cambodia កំពុង​ចិញ្ចឹម​ជ្រូក​ចំនួន ១ លាន​ក្បាល​នៅ​ក្នុង​កសិដ្ឋាន។

លោក Uthai Tantipimolphan ប្រធាន​ក្រុម​ហ៊ុន CP Cambodia បាន​ថ្លែង​ថា នៅ​ពេល​បច្ចុប្បន្ន​ក្រុម​ហ៊ុន​បាន​ផ្គត់​ផ្គង់​ជ្រូក​ប្រហែល ៦ ម៉ឺន​ក្បាល​ក្នុង​មួយ​ខែ​ដល់​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​តែ ១ ភាគ ៤ ប៉ុណ្ណោះ​នៃ​តម្រូវ​ការ​សរុប​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន ខណៈ​ជ្រូក​ផ្សេង​ទៀត​ត្រូវ​បាន​នាំ​ចូល​ពី ប្រទេស​វៀតណាម និង ប្រទេស​ថៃ។

លោក​លើក​ឡើង​ថា៖ «ប្រទេស​កម្ពុជា ត្រូវ​ការ​ជ្រូក​ជិត ២០ ម៉ឺន​ក្បាល​ក្នុង​មួយ​ខែ។ ជាមួយ​នឹង​ប្រជាជន​កំពុង​កើន​ឡើង និង​អត្រា​កំណើន​សេដ្ឋកិច្ច ៧ ភាគ​រយ ក្រុម​ហ៊ុន​គ្រោង​វិនិយោគ​ជា​ទឹក​ប្រាក់ ៨ លាន​ផ្សេង​ទៀត​ក្នុង​ការ​បង្កើន​អាជីវកម្ម​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ពីរ​ដង​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ក្រោយ​ទៀត»។

លោក​បន្ត​ថា ការ​បង្កើន​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ទី​កន្លែង​ផលិត​ជ្រូក​របស់​ក្រុម​ហ៊ុន​នៅ​ក្នុង​តំបន់​អាស៊ាន​ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ។

លោក Tantipimolphan បន្ថែម​ថា៖ «ក្រុម​ហ៊ុន CP មាន​ទស្សនៈ​វែង​ឆ្ងាយ​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង ប្រទេស​កម្ពុជា ដោយ​សារ​តែ​ក្រុម​ហ៊ុន​នេះ​មើល​ឃើញ​ថា កម្ពុជា​មាន​សក្ដានុពល​ដ៏​ធំ​ក្នុង​ការ​ធ្វើ​ជា​មូលដ្ឋាន​ផលិត​ផល​កសិកម្ម»។

លោក​បន្ត​ថា នៅ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ក្រោយ​ក្រុម​ហ៊ុន CP ជឿ​ជាក់​ថា កម្ពុជា​អាច​នាំ​ចេញ​សត្វ​ជ្រូក​ទៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ដូចជា ប្រទេស​ថៃ វៀតណាម ដែល​នឹង​នាំ​យក​ប្រាក់​មក​ប្រទេស​នេះ​វិញ។

ក្រុម​ហ៊ុន CP Cambodia ចាប់​ពី ខែ​មករា ដល់ ខែ​មិថុនា ឆ្នាំ​នេះ​បាន​នាំ​ចេញ​សត្វ​ជ្រូក​ជាង ២ ម៉ឺន​ក្បាល​ទៅ ប្រទេស​ឡាវ។

យោង​តាម​ជំរឿន​កសិកម្ម​នៅ​ពេល​ថ្មីៗ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​កសិកម្ម មាន​សត្វ​ជ្រូក​ប្រហែល ១,៥ លាន​ក្បាល​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​នេះ។

លោក ស្រ៊ុន ពៅ ប្រធាន​ស្ដីទី​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​បាន​នាំ​ចូល​សត្វ​ជ្រូក​ជាង ១ ពាន់​ក្បាល​ជា​រៀង​រាល់​ខែ​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ការ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ដោយ​បាន​លើក​ឡើង​ថា ការ​នាំ​ចូល​លើស​ចំនួន និង​មិន​មាន​ការ​ត្រួត​ពិនិត្យ​កំពុង​ធ្វើ​ឲ្យ​ខូច​ដល់​ឧស្សាហកម្ម​ក្នុង​ស្រុក។

លោក​បាន​បន្ត​ថា៖ «កម្ពុជា​មិន​បាន​ត្រួត​ពិនិត្យ​តម្លៃ​ទីផ្សារ​សម្រាប់​សត្វ​ជ្រូក​ទេ​ដោយ​សារ​យើង​ពឹង​លើ​ការ​ផ្គត់​ផ្គង់​ពី​ប្រទេស​ជិត​ខាង​ច្រើន​ពេក»។

លោក​បាន​បន្ថែម​ថា កាល​ពី​ឆ្នាំ​មុន​តម្លៃ​ធ្លាក់​ចុះ​ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​ជ្រូក​ហើយ​រីក​រាល​ដាល​តាម​រយៈ​ជ្រូក​ដែល​បាន​នាំ​ចូល​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ជិត ៦០ ភាគ​រយ​ក្ស័យធន។

លោក​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​បទ​ប្បញ្ញត្តិ​ការ​នាំ​ចូល​ជ្រូក​កាន់​តែ​ល្អ​ជាង​មុន​​ដែល​នឹង​ជំរុញ​ឲ្យ​ការ​ចិញ្ចឹម​ជ្រូក​មាន​ស្ថិរភាព​នៅ​កម្ពុជា។ លោក​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​តម្លៃ​ល្អ អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​នឹង​ចង់​បន្ត​ធ្វើ​អាជីវកម្ម​នេះ។ ដោយ​មាន​ការ​បង្កាត់​ពូជ​ជ្រូក​ល្អ ខ្ញុំ​ជឿ​ជាក់​ថា ឧស្សាហកម្ម​ទាំង​មូល​នឹង​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​ប្រកប​ដោយ​ស្ថិរភាព​នៅ​ពេល​រដ្ឋាភិបាល​មាន​ការ​រឹត​បន្តឹង​កាន់​តែ​ល្អ​លើ​ការ​នាំ​ចូល​សត្វ​ជ្រូក»។

លោក ស្រ៊ុន ពៅ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ៤ ពាន់​គ្រួសារ​គឺជា​សមាជិក​របស់​សមាគម​ចិញ្ចឹម​សត្វ​ជ្រូក​កម្ពុជា។

មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក កៅ ផល ប្រធាន​នាយក​ដ្ឋាន​ផលិតកម្ម និង​បសុ​ព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទេ៕

អត្ថបទគួរចាប់អារម្មណ៍