ភ្នំពេញៈ ក្រុមហ៊ុន CP ALL Plc ដែលជា​ប្រតិបត្តិករ​ហាង​ទំនិញ​លក់រាយ 7-Eleven ចុះបញ្ជី​នៅ​ប្រទេស​ថៃ​ បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ដ៏រឹងមាំ​របស់ខ្លួន​ក្នុង​ការពង្រីក​ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ តាម​ការគ្រោងទុក​។ នេះ​បើតាម​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា​។

សេចក្ដី​ថ្លែងការណ៍​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន CP ALL នឹង​នៅតែ​បន្ត​ការប្តេជ្ញា​បើក​ដំណើរការ​ផ្សារ​ទំនើប 7-Eleven នៅ​ប្រទេស​កម្ពុជា​តាម​ផែនការ​គ្រោង​ទុក​នៅ​ឆ្នាំក្រោយ​។

សេចក្ដី​ថ្លែងការណ៍​នេះ​បន្តថា​៖ «​បើ​យោងតាម​ព័ត៌មាន​អំពី​ការពង្រីក​ហាង 7-Eleven នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ឡាវ ក្រុមហ៊ុន CP ALL Company Limited ដែល​ទទួល​សិទ្ធិផ្តាច់មុខ​ក្នុង​ការបង្កើត និង​ប្រតិបត្តិការ​ផ្សារទំនើប 7-Eleven នៅ​ប្រទេស​ទាំង​ ២ បាន​បញ្ជាក់ថា ទោះបី​ជា​ស្ថានភាព​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ មាន​ផលប៉ះពាល់​ខ្លះ​ក៏ពិតមែន ក៏​ក្រុមហ៊ុន​នៅតែ​បន្ត​រៀបចំ និង​តៀម​បើក​សាខា​ទៅតាម​ផែនការ​»​។

កាសែត The Nation របស់​ថៃ​បាន​រាយការណ៍​កាលពី​ថ្ងៃទី​ ២០ ខែ​វិច្ឆិកា ​ថា ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd និង​ក្រុមហ៊ុន CP ALL (Laos) Co., Ltd ត្រូវ​បានផ្ដល់​សិទ្ធិផ្តាច់មុខ​សម្រាប់​ការបង្កើត និង​ប្រតិបត្តិការ 7-Eleven ក្នុង​រយៈពេល ៣០ ​ឆ្នាំ​។

ផ្សារទំនើប 7-Eleven ដំបូង​គេ​នៅ​ទីក្រុង​ភ្នំពេញ​គ្រោង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៧ ខែ​ ឧសភា ឆ្នាំ​ ២០២០​។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន CP ALL នៅតែ​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការបើក​ដំណើរ​ផ្សារ​ទំនើប​ 7-Eleven នៅ​ប្រទេស​កម្ពុជា​តាម​ផែនការ​ដដែល​។

លោក សោភ័ណ ថ្លែង​ថា​៖ «​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ ធូរស្រាល គម្រោង​ដំណើរការ​ផ្សារ​ទំនើប​នឹង​ដំណើរការ​ទៅ​តាម​ផែនការ​ដែល​គ្រោងទុក​របស់​ក្រុមហ៊ុន CP ALL»​។

លោក​បន្ថែមថា នៅពេល​ផ្សារ​ទំនើប​នេះ​បើក​ដំណើរការ ក្រុមហ៊ុន​នឹង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ឱ្យបាន​ច្រើន​បំផុត ដើម្បី​ចូលរួម​ចំណែក​ដល់​ការលើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ក្នុង​សហគមន៍​។

លោក​បានឱ្យ​ដឹងថា​៖ «​គាត់​ក៏បាន​សន្យា​ជាមួយ​យើង​ថា​នឹង​ប្រើប្រាស់​ផលិតផល​កម្ពុជា​ឱ្យបាន​ច្រើន​នៅក្នុង​ផ្សារទំនើប 7-Eleven ដែល​នឹង​បើក​នៅ​កម្ពុជា ហើយ​ផលិតផល​កម្ពុជា​មួយ​ចំនួន​ទៀត​ក៏​អាច​ដាក់​តាំង​លក់​នៅក្នុង​ផ្សារ​ 7-Eleven នៅក្នុង​ប្រទេស​ថៃ ​ផងដែរ​»​។

នៅក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​នេះ​កំពុង​បង្កើត​ផែនការ​បើកហាង ៧០០ ​កន្លែង​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២០ ក្នុងនោះ​ហាង​ចំនួន ៥១៣ បាន​បើក​ដំណើរការ​នៅក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ​។

បច្ចុប្បន្ន​ប្រតិបត្តិការ​របស់ 7-Eleven មាន​ចំនួន ១២ ២២៥ ​ទីតាំង​នៅ​ក្នុងប្រទេស​ថៃ​។ ក្រុមហ៊ុន CP ALL បានឱ្យ​ដឹងថា ខ្លួន​នឹង​វិនិយោគ​ចន្លោះ​ពី ១១,៥ ​ទៅ​ ១២ ​លាន​បាត (​ប្រហែល​ ៣៨០-៣៩៦ ​លាន​ដុល្លារ​) ដើម្បី​ដំណើរការ​ហាង​ថ្មី ការចាប់ផ្តើម​គម្រោង​ថ្មី និង​ជួសជុល​ហាង​ដែលមាន​ស្រាប់​ក្នុង​ឆ្នាំ​ ២០២០​។ នេះ​បើតាម The Nation៕LA