ភ្នំពេញៈ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​អាមេរិក​របស់​ក្រុមហ៊ុន 7-Eleven Japan Co នឹង​ពង្រីក​ហាង​លក់ទំនិញ​របស់ខ្លួន​មក​កម្ពុជា​នៅ​ឆ្នាំក្រោយ ដោយ​អនុញ្ញាត​ឲ្យ CP Group ដែលជា​ក្រុមហ៊ុន​ពហុផលិតផល​របស់​ថៃ​ជា​អ្នកគ្រប់គ្រង​។

Kyodo News បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា CP All Plc ដែលជា​សាខា​ក្រុមហ៊ុន​លក់រាយ​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ថៃ​បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អាមេរិក ដើម្បី​ប្រតិបត្តិការ​ហាង​លក់ទំនិញ 7-Eleven តាមរយៈ​ក្រុមហ៊ុន CP All (Cambodia) Co ដែល​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​ ២០២១ ខាងមុខ​។

ស្ដ្រី​អ្នកនាំពាក្យ​របស់ Seven & I Holdings Co ដែលជា​ក្រុមហ៊ុន​លក់រាយ​របស់​ប្រទេស​ ជប៉ុន​ បាន​ឲ្យ​ដឹងថា ហាង​លើកដំបូង​នឹង​បើក​ក្នុង​ទីក្រុង​ភ្នំពេញ​។

Kyodo News បាន​ដកស្រង់​សម្ដី​ស្ដ្រី​អ្នកនាំពាក្យ​រូបនោះ​ថា​៖ «​កម្ពុជា​គឺជា​ទីផ្សារ​ ១ ​ក្នុង​ចំណោម​ទីផ្សារ​ក្រៅ​ប្រទេស​ជាច្រើន​ដែល​ក្រុមហ៊ុន​លក់រាយ​របស់​ប្រទេស​ជប៉ុន​នឹង​បើកហាង​លក់ទំនិញ​ដ៏ទំនើប​របស់ខ្លួន​»​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​លោក តែ តាំងប៉ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ស្វាគមន៍​ការនាំយក ហ្វ្រេនឆាយ​ផ្សារ​ទំនើប 7-eleven របស់​ថៃ​ចូលមក​ទីផ្សារ​កម្ពុជា​។ លោក​បន្តថា ទោះយ៉ាង​ណា ប្រសិន​បើ​ផ្សារ​នេះ​ដាក់តាំង​លក់​តែ​ផលិតផល​របស់​ប្រទេស​ថៃ​វា​នឹង​ធ្វើ​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​របស់​កម្ពុជា​។

ក្រុមហ៊ុន​នេះ​ក៏​គ្រោង​ចូលទៅ​ទីផ្សារ​ឥណ្ឌា​នៅក្នុង​ឆ្នាំនេះ​ផងដែរ​។ នេះ​បើ​យោងតាម​ស្ដ្រី​អ្នក​នាំពាក្យ​រូបនោះ​៕ LA