ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្តេជ្ញា​ថា​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​ ត្រឹម​ឆ្នាំ​ ២០២២ បន្ទាប់ពី​ទិសដៅ​នេះ​ត្រូវ​បានកំណត់​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ ​២០១៥​។

នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២០-២០២៣ កាលពី​ថ្ងៃ​ពុធ​ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល សមាជិក​សហព័ន្ធ តំណាង​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​ដៃគូ​អន្តរជាតិ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​យក​គោលដៅ​ត្រឹម​ឆ្នាំ​ ២០២២ ​ត្រូវតែ​នាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​។

លោក​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​នោះ​ថា​៖ «​ដើម្បី​បំពេញតម្រូវការ​នាំចេញ​នេះ កញ្ចប់​ឥណទាន​ក្នុង​អត្រា​ការប្រាក់​ពិសេស ២០០ ​លាន​ដុល្លារ​សម្រាប់​បំពេញ​បន្ថែម​ក្នុង​ការទិញ​ស្រូវ​នា​រដូវ​ប្រមូល​ផល​»​។

តាម​លោក សុង សារ៉ន កញ្ចប់​ថវិកា​ ២០០ ​លាន​នេះ​អាច​ទិញ​បាន​ស្រូវ​ប្រមាណ​ជា​ត្រឹម​ ៥០ ​ម៉ឺន​តោន​ស្រូវ​នា​រដូវ​ប្រមូល​ផល ពិសេស​ស្រូវពូជ ផ្កាម្លិះ​។

របាយការណ៍​នាំចេញ​អង្ករ​បាន​ឲ្យ​ដឹងថា ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ សម្រេច​បាន​ ៣៩៨ ៥៨៦ តោន​កើនឡើង​ ២,៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែលមាន ៣៨៩ ២៦៤ តោន​។ ក្នុងនោះ​ការនាំ​ចេញទៅ​ទីផ្សារ​ចិន មាន ១៥៧ ៧៩៣ តោន​កើន​ជាង ៤៤ ភាគរយ និង​ទៅ​អឺរ៉ុប​មាន​ចំនួន ១៣៥ ៤៧១ តោន​ធ្លាក់ចុះ​ជិត​ ៣០ ​ភាគរយ​។

មិន​អាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក​ សុង សារ៉ន លើ​ការប្តេជ្ញា​នេះ​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ទោះបី​យ៉ាងនេះ​ក្តី​លោក សុង សារ៉ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ដើមខែ​នេះ​ថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​រំពឹងថា​នឹង​មាន​កំណើន​ឡើងវិញ​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ នេះ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ការងារ​សហព័ន្ធ​ស្រូវ​អង្ករ (CRF) ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ពី​ផលិតផល​អង្ករ​កម្ពុជា​លោក​ថ្លែងថា​៖ «​អឺរ៉ុប​នៅតែ​ជា​ទីផ្សារ​មាន​សក្តានុពល​សម្រាប់​អង្ករ​កម្ពុជា ខណៈ​បច្ចុប្បន្ន​យើង​កំពុងតែ​ស្វែងរក​តម្រូវការ​ពិតប្រាកដ​។ តាមរយៈ​នេះ​យើង​ក៏ត្រូវ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​យើង ដើម្បី​ឲ្យ​ដើរ​ស្របតាម​តម្រូវការ​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ ខ្ញុំ​សង្ឃឹមថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​នឹង​កើនឡើង​នៅ​ចុងឆ្នាំ​ ២០១៩ នេះ​»​។

តាម​លោក សុង សារ៉ន បាន​លើកឡើង​ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ដើម្បី​អាច​សម្រេចបាន​គោលដៅ​នេះ​សហព័ន្ធ​បានកំណត់​ការនាំ​ចេញ​ទៅ​ទីផ្សារ​ចិន​ឲ្យ​បាន​ ៣៥ ​ភាគរយ ទីផ្សារ​អឺរ៉ុប​​ ៣០ ​ភាគរយ នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​រដ្ឋ​អាស៊ាន​ឲ្យ​បាន ៣០ ​ភាគរយ និង​ ៥ ​ភាគរយ​ទៀត​ ទៅកាន់​ទីផ្សារ​ផ្សេងៗ​។

លោក​បន្តថា​ក្នុង​នោះ​នឹង​កំណត់​ការនាំចេញ​អង្ករ​ក្រអូប​ប្រណីត ៣០ ​ភាគរយ អង្ករ​ក្រអូប​ធម្មតា ៤០ ​ភាគរយ និង​អង្ករ​ធម្មតា ៣០ ​ភាគរយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាសថា កម្ពុជា​នឹង​នាំចេញ​អង្ករ​ឲ្យ​ ១ ​លាន​តោន​ ត្រឹម​ឆ្នាំ​ ២០១៥ ប៉ុន្តែ​គិត​ត្រឹម​ឆ្នាំ​ ២០១៩ នេះ​ទំហំ​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន​តែ​ជាង​ ៦០ ​ម៉ឺន​តោន​ប៉ុណ្ណោះ ខណៈ​អ្នក​នៅក្នុង​វិស័យ​នេះ​បានលើកឡើង​ពី​បញ្ហា​ប្រឈម​នានា ​ដូចជា​កង្វះ​ទុន ឃ្លាំង​ស្តុក​ស្រូវ និង​ឡសម្ងួត​ជាដើម​៕LA