ភ្នំពេញៈ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា ការអភិវឌ្ឍសហករណ៍កសិករ និងការគាំទ្ររបស់រដ្ឋាភិបាលតាមរយៈកម្ចីហិរញ្ញវត្ថុ នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេក្នុងតំបន់ និងពិភពលោក។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលស្រូវអង្ករប្រកបដោយស្ថិរភាពលើកដំបូងដែលបានរៀបចំឡើងកាលពីថ្ងៃអាទិត្យថា ភាពជាដៃគូរបស់សហករណ៍កម្ពុជា ធនាគារជនបទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធាតុចូលកសិកម្ម និងពាណិជ្ជករកំពុងរីកចម្រើន។
លោកថ្លែងថា៖ «វានឹងកំណត់ផ្លូវត្រឹមត្រូវដែលភាគីពាក់ព័ន្ធនឹងផ្ដោតលើដែលដោះស្រាយផលិតភាពរបស់កសិករមានដើមទុនតិច ស្ថិរភាពចង្វាក់តម្លៃ ដែលលើកកម្ពស់កម្មវិធីដៃគូ ដើម្បីធ្វើឲ្យប្រជាជនចេញផុតពីភាពក្រីក្រ ថែរក្សាបរិស្ថាន និងការពារផែនដី»។
លោកបន្តថា៖ «វានឹងរួមចំណែកក្នុងការកសាងសង្គម និងបង្កើតកិច្ចព្រមព្រៀងមានមូលដ្ឋានលើក្រមសីលធម៌ ជាមួយវិស័យឯកជន ពិសេសការផ្ដល់ហិរញ្ញប្បទានជំនួយបច្ចេកទេស ការប្រើប្រាស់ព័ត៌មានវិទ្យាដើម្បីគាំទ្រតម្លៃផលិតទាបធ្វើឲ្យកាន់តែប្រសើរនូវសុវត្ថិភាពផលិត និងការគោរពសិទ្ធិ និងប្រសិទ្ធភាពនៅក្នុងវិស័យស្រូវអង្ករ»។
បន្ទាប់ពីការប្រមូលផលកាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជារំពឹងថា នឹងមានផលិតផលស្រូវលើស ៦ លានតោនបន្ថែមលើការប្រើប្រាស់ក្នុងស្រុក និងតម្រូវការឧស្សាហកម្មក្នុងស្រុក ប៉ុន្តែការវិយោគកាន់តែច្រើន និងការតភ្ជាប់ក្នុងចំណោមចង្វាក់តម្លៃក្រុមហ៊ុនជារឿងចាំបាច់នៅក្នុងឧស្សាហកម្មស្រូវអង្ករនៅកម្ពុជា។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានឲ្យដឹងថា សហករណ៍អាជីវកម្មអាចជួយពង្រឹងសេដ្ឋកិច្ចក្នុងស្រុក និងផ្ដល់អំណាចដល់ពលរដ្ឋខ្មែរ ពិសេសប្រជាជនដែលមិនសូវមានលទ្ធភាព ខណៈពួកគេបានចាប់យកប្រភពធនធានរបស់សហករណ៍។
លោកបន្ថែមថា៖ «ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក (SDG) បញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាស្នូលដ៏សំខាន់របស់សហគ្រាសសហករណ៍។ ក្នុងនាមជាគំរូមួយនៃអាជីវកម្មដែលពឹងផ្អែកលើតម្លៃសីលធម៌ និងគោលការណ៍ដែលទិសដៅរបស់ពួកគេនឹងត្រូវផ្ដល់សម្រាប់តម្រូវការ និងការចង់បានរបស់សមាជិកពួកគេ សហករណ៍ដើរតួនាទីដ៏សំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការ និងគោលបំណងរបស់សហគមន៍ក្នុងស្រុក»។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈបានប្ដេជ្ញាថានឹងជួយបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុននាំចេញ ក្រុមហ៊ុនផលិត និងសហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ក្រុមហ៊ុនផលិត និងក្រុមហ៊ុននាំចេញស្រូវ អង្ករភាគច្រើនអាចទទួលបានកម្ចីធានាពីធនាគារនាំចេញនាំចូលរបស់អាមេរិកដែលនឹងផ្ដល់ដល់ពួកគេនូវលទ្ធភាពទទួលបានការផ្ដល់កម្ចីមូលធនឯកជន និងសមត្ថភាពក្នុងការទិញឡសម្ងួតបច្ចេកវិទ្យាខ្ពស់មួយចំនួន ដើម្បីស្ដុកស្រូវអង្កររបស់ពួកគេ»។ លោកបញ្ជាក់ថា៖ «ការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងស្ដុកនឹងបន្តកើនឡើង និងអាចឲ្យកម្ពុជាបង្កើនការនាំចេញអង្ករ»។
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ឥណទានសរុបដែលបានផ្ដល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុដល់វិស័យកសិកម្មបានកើនឡើងដល់ ៣,១ ពាន់លានដុល្លារត្រឹមខែសីហាឆ្នាំមុន។
បច្ចុប្បន្នវិស័យកសិកម្មបានរួមចំណែកប្រហែលពី ២៥ ទៅ ៣០ ភាគរយ ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ ខណៈវាទទួលបានប្រហែល ១០ ភាគរយ ប៉ុណ្ណោះនៃកម្ចីពីវិស័យហិរញ្ញវត្ថុ។
របាយការណ៍បានឲ្យដឹងថា កម្ពុជានាំចេញអង្ករ ៦២០ ១០៦ តោន កាលពីឆ្នាំមុនធ្លាក់ចុះ ០,៩៧ ភាគរយ ធៀបនឹង ៦២៦ ២២៥ តោនពីឆ្នាំ ២០១៨។ តម្លៃសរុបនៃការនាំចេញអង្កររបស់កម្ពុជាមានប្រហែល ៥០១ លានដុល្លារកាលពីឆ្នាំមុនធ្លាក់ចុះ ៤,៣ ភាគរយធៀបនឹង ៥២៤ លានដុល្លារកាលពីឆ្នាំ ២០១៨៕LA