
អ្នកជំនាញកំពុងពិនិត្យមើលអង្ករមុននឹងវេចខ្ចប់សម្រាប់នាំចេញ។ ហេង ជីវ័ន
ភ្នំពេញៈ ការនាំចេញអង្ករកម្ពុជាត្រូវរំពឹងថា នឹងមានភាពវិជ្ជមានបន្ថែមទៀតនៅឆ្នាំខាងមុខ បន្ទាប់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងធនាគារ Bank of China (Hong Kong) Limited(BOC) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) លើកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រក្នុងការចូលរួមកម្មវិធីពិព័រណ៍ «3rd China International Import Expo (CIIE)» នៅប្រទេសចិន។
MoU នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៤ ខែកញ្ញា នេះរវាងលោក សុង សារ៉ន ប្រធាន CRF ជាមួយនឹងលោក Liu Zheng ដែលជាតំណាងឲ្យ Bank of China (Hong Kong) Phnom Penh។
ខ្លឹមសារនៃ MoU បានឲ្យដឹងថា ភាគីទាំង ២ នឹងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងធនាគារ និង CRF ក្នុងការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនកម្ពុជាដែលចាប់អារម្មណ៍ និងចូលរួមក្នុងកម្មវិធី CIIE នេះតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ BOC នឹងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់សមាជិក CRF ក្នុងគម្រោង CIIE។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា តាមរយៈ MoU នេះ BOC នឹងជួយសម្របសម្រួលដល់ក្រុមហ៊ុនសមាជិករបស់ CRF ក្នុងការទៅចូលរួមក្នុងពិព័រណ៍ 3rd China International Import Expo (CIIE)» ដែលគ្រោងនឹងរៀបចំក្នុងទីក្រុងស៊ាងហៃ ប្រទេសចិនចាប់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកា ខាងមុខ។
លោកបន្តថា កម្មវិធីដ៏ធំមួយនេះតែងត្រូវថ្នាក់ដឹកនាំប្រទេសចិនយកចិត្តទុកដាក់ខ្លាំង ហេតុនេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យស្រូវអង្ករកម្ពុជាក្នុងការចាប់យកឱកាសនេះដើម្បីពង្រីកទីផ្សារនាំចេញ។
លោកថ្លែងថា៖ «ជារៀងរាល់ឆ្នាំនៅពេលទៅចូលរួមកម្មវិធីនេះ ថ្នាក់ដឹកនាំក្រុមហ៊ុននាំចេញអង្ករកម្ពុជាតែងជួបពិភាក្សា និងចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឲ្យទៅអ្នកលក់នៅក្នុងប្រទេសចិន។ នេះជាឱកាសមួយសម្រាប់ក្រុមហ៊ុននាំចេញសម្រាប់ឆ្នាំខាងមុខ»។
ខណៈកម្ពុជាបានចូលរួមក្នុងកម្មវិធីនេះចំនួន ២ លើករួចមកហើយនោះ លោក លន់ យ៉េង អះអាងថា៖ «ក្នុងការចូលរួម ២ លើកកន្លងមក យើងមានចុះ MoU និងកិច្ចព្រមព្រៀងលក់អង្ករបានខ្លះ» ដែរ»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេល ៨ ខែដំបូងឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិក្នុងបរិមាណ ៤៤៨ ២០៣ តោន កើនឡើង ៣១,០៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមានចំនួន ៣៤២ ០៤៥ តោន។
ចិន ជាប្រទេសទទួលទិញអង្ករពីកម្ពុជាច្រើនជាងគេដោយមានចំនួន ១៥៩ ២៥៣ តោន ស្មើនឹងចំណែកទីផ្សារ ៣៥,៥៣ ភាគរយ សហភាពអឺរ៉ុបចំនួន ១៤៩ ៨៤៨ តោន ស្មើនឹង ៣៣,៤៣ ភាគរយ ប្រទេសសមាជិកអាស៊ាន ៦០ ៩៣៣ តោន ស្មើនឹង ១៣,៥៩ ភាគរយ និងទិសដៅផ្សេងទៀតមានចំនួន ៧៨ ១៦៩ តោន ស្មើនឹង ១៧,៤៤ ភាគរយ៕LA