ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករថា តម្លៃនៃការនាំចេញអង្ករទៅកាន់អឺរ៉ុប អាចធ្លាក់ចុះប្រមាណ ១០ ភាគរយសម្រាប់ឆ្នាំ ២០១៩។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងតាមរយៈ Facebook របស់លោកថា ការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបមានតម្លៃជាង ២០០ លានដុល្លារកាលពីឆ្នាំ ២០១៨ ខណៈនៅឆ្នាំ ២០១៩ នេះ CRF ព្យាករថា តម្លៃនាំចេញទៅទីផ្សារនេះនឹងធ្លាក់មកនៅប្រហែល ១៨០ លានដុល្លារ ដោយសារវិធានការការពារដែលបានដាក់ចេញដោយសហភាពអឺរ៉ុប កាលពីដើមឆ្នាំនេះ។
លោកបន្ថែមថា ក្នុងចំណោមអង្ករជាង ២៧ ម៉ឺនតោនដែលនាំចេញទៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ ២០១៨ ប្រហែល ៨០ ភាគរយគឺជាអង្ករក្រអូប។
ទោះជាយ៉ាងណាការនាំចេញអង្ករទៅកាន់ប្រទេសចិននឹងកើនឡើងតាមរយៈការលក់ចេញអង្ករក្រអូបដែលអតិថិជនត្រូវការ។
លោកបញ្ជាក់ថា៖ «CRF នឹងព្យាយាមក្លាយជាអ្នកនាំចេញលំដាប់ទី ៣ ដែលមានតម្លៃនាំចេញប្រមាណ ១៦០ លានដុល្លារក្នុងឆ្នាំ ២០១៩ កើនពី ១១៣ លានដុល្លារកាលពីឆ្នាំ ២០១៨»។
លោកបន្ថែមថា ជារួម CRF គ្រោងនឹងនាំចេញក្នុងតម្លៃរហូតដល់ ៤៣០ លានដុល្លារក្នុងឆ្នាំ ២០១៩ នេះ។
វិស័យអង្កររបស់កម្ពុជាបានបាត់បង់សិទិ្ធទទួលការលើកលែងពន្ធពីទីផ្សារអឺរ៉ុបចាប់ខែមករាឆ្នាំនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ាក្រោមហេតុផលដើម្បីការពារផលប្រយោជន៍កសិករនៅអឺរ៉ុប។
លោក ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា បន្ទាប់ពីអឺរ៉ុបសម្រេចយកពន្ធពីអង្ករកម្ពុជានៅឆ្នាំនេះ CRF ត្រូវការពេលវេលាដើម្បីកសាងទីផ្សារបន្ថែមទៀត។ លោកបន្ថែមថា ក្រៅពីទីផ្សារប្រទេសចិន CRF ក៏កំពុងធ្វើការពង្រីកទីផ្សារអង្ករកម្ពុជាទៅប្រទេសអូស្ត្រាលី កាណាដា អាហ្វ្រិក និងអារ៉ាប់ផងដែរ។
លោកថ្លែងថា៖ «យើងនឹងពង្រីកទីផ្សារនាំចេញអង្ករក្រអូបទៅប្រទេសនៅអាហ្វ្រិក និងប្រទេសនៅក្នុងតំបន់អារ៉ាប់ ព្រោះជាប្រទេសអ្នកមានដែលបានប្រើអង្ករថៃច្រើនដែរ។ ខ្ញុំសង្ឃឹមថា ទីផ្សារដែលយើងបង្កើតថ្មីនឹងអាចជួយប៉ះប៉ូវការបាត់បង់ទៅអឺរ៉ុប»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Mekong Oryza Tradind បាននិយាយថា ទោះបីជាការនាំចេញអង្ករទៅអឺរ៉ុបអាចនឹងធ្លាក់ចុះក្តី ក៏ការនាំចេញទៅប្រទេសជាសមាជិកអាស៊ាន និងចិននឹងកើនឡើង។
លោកថ្លែងថា៖ «យើងកំពុងទាក់ទងទីផ្សារអាស៊ានដោយគេចង់បានអង្ករកម្ពុជាយើង ពិសេសអង្ករក្រអូប»។
របាយការណ៍លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបានបង្ហាញថាក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិសម្រេចបាន ៣០៨ ០១៣ តោន កើនឡើង ៣,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ដែលមានចំនួន ២៩៧ ០៨០ តោន។ ចិន គឺជាទីផ្សារនាំមុខគេដោយគិតពីខែមករា-កក្កដា មានបរិមាណ ១២៣ ៣៦១ តោន កើន ៩៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៨។
កាលពីឆ្នាំមុនប្រទេស ចិន បានផ្តល់កូតាឲ្យកម្ពុជានាំចេញអង្ករទៅទីផ្សារចិនចំនួន ៣០ ម៉ឺនតោន ប៉ុន្តែកម្ពុជាសម្រេចបានត្រឹមតែ ១៧០ ១៥៤ តោនប៉ុណ្ណោះ។ កាលពីដើមឆ្នាំ ២០១៩ ចិនបានបន្ថែមកូតាដល់កម្ពុជា ១០ ម៉ឺនតោនបន្ថែមទៀត។
កាលពីឆ្នាំ ២០១៨ កម្ពុជានាំចេញអង្ករសរុប ៦២៦ ២២៥ តោន ធ្លាក់ចុះ ១,៥ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៧។ ទីផ្សារអឺរ៉ុបមានបរិមាណច្រើនជាងគេ គឺរហូតដល់ ២៦៩ ១២៧ តោន ហើយប្រទេស ចិន មានចំនួន ១៧០ ១៥៤ តោន៕ LA