ភ្នំពេញៈ ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា (CRF) ​បាន​ឲ្យ​ដឹងថា ខ្លួន​គ្រោង​ចរចា​ជាមួយ​សមភាគី​ចិន​សម្រាប់​ការទូទាត់​សាច់ប្រាក់​ជា​រូបិយប័ណ្ណ​ប្រាក់​យន់ និង​ប្រាក់រៀល​នៅក្នុង​ការនាំចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ដែល​ជា​វិធានការ​មួយ​ដើម្បី​ជួយ​សម្រួល​មធ្យោបាយ​ទូទាត់​កាន់តែ​មាន​ភាពងាយស្រួល និង​បង្កើន​ការនាំចេញ​។

លោក​ ចាន់ សុឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា ចាប់តាំងពី​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សហព័ន្ធ​បាន​ប្រជុំ​ជាមួយ​សមាជិក​ទាំងអស់​ជាង​ ៦ ​ខែ​មកហើយ ជុំវិញ​ការទូទាត់​សាច់ប្រាក់​ជា​រូបិយប័ណ្ណ​ប្រាក់​យន់​របស់​ចិន និង​ប្រាក់រៀល ដើម្បី​ជួយ​សម្រួល​មធ្យោបាយ​នៃ​ការទូទាត់​រវាង​រូបិយប័ណ្ណ​ទាំង​ ២​។

លោក​បាន​លើកឡើង​ថា​៖ «​នៅពេល​នេះ​សមាជិក​ទាំងអស់​បាន​យល់ស្រប​ក្នុងការ​ធ្វើសំណើ​ទៅកាន់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដើម្បី​សម្របសម្រួល​ក្នុងការ​ទូទាត់​សាច់ប្រាក់​រវាង​រូបិយប័ណ្ណ ប្រាក់​យន់​របស់​ចិន និង​ប្រាក់រៀល ជាពិសេស យើង​នឹង​ទូទាត់​ថ្លៃ​ស្រូវ និង​ដឹកជញ្ជូន​ជា​ប្រាក់រៀល ខណៈ​ដែល​ការនាំចេញ​ជា​ប្រាក់​ដុល្លារ​អាមេរិក ដែល​តម្រូវ​ឲ្យ​ពួកយើង​ត្រូវ​ប្តូរ​ពី​ប្រាក់​យន់​ទៅជា​ប្រាក់​ដុល្លារ​អាមេរិក និង​ពី​ប្រាក់​ដុល្លារ​អាមេរិក​ទៅជា​ប្រាក់​យន់ ហើយ​បន្ទាប់មក​ទៅ​ជា​ប្រាក់រៀល ដែល​ធ្វើឲ្យ​ភាគី​ទាំង​ ២ ​ខាតបង់​លើ​អត្រា​ប្តូរប្រាក់ និង​ខាត​ពេល​»​។

លោក​បន្ត​ថា​៖ «​ប្រសិនបើ​យើង​អាច​ទូទាត់​ជា​ប្រាក់​យន់​ដោយផ្ទាល់​តាមរយៈ​ធនាគារ​នៅក្នុង​ប្រទេស​ចិន និង​ធនាគារ​ដែល​គ្រប់គ្រង​ដោយ​ចិន​នៅ​កម្ពុជា ពួកយើង​នឹង​ចំណេញ​លើ​អត្រា​ប្តូរប្រាក់ និង​សន្សំ​ពេលវេលា និង​ក៏​អាច​បង្កើន​ការនាំចេញ​»​។

លោក​លើកឡើង​ថា លោក​បាន​ជួប​ខាង​ធនាគារជាតិ និង​បាន​ធ្វើសំណើ​ដើម្បី​ជួយ​សម្រួល​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​ទាមទារ​ធនាគារ​នៅក្នុង​ប្រទេស​ចិន​ជួយ​សម្រួល​លើ​អត្រា​ការប្រាក់ ដែល​ជា​ការព្យាករ​អត្រា​ប្តូរប្រាក់​ថេរ​រវាង​ប្រាក់រៀល និង​ប្រាក់​យន់​នៅក្នុង​ពេលវេលា​ជាក់លាក់​មួយ​។

លោក​ថា​៖ «​ប្រសិនបើ​យើង​អាច ធ្វើ​រឿង​នោះ​បាន យើង​អាច​បង្កើន​ល្បឿន​នៃ​ការចុះ​អនុស្សរណៈ​ (MoU) ជុំវិញ​ការទូទាត់​សាច់ប្រាក់​នេះ​»​។

សហព័ន្ធ​ស្រូវ​អង្ករ​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​ថា ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​ ៣ ​សែន​តោន ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង​នៅ​ឆ្នាំនេះ មាន​តម្លៃ​ប្រមាណ​ ២១០ ​លាន​ដុល្លារ​ ដែល​ជា​បរិមាណ​នាំចេញ​ខ្ពស់បំផុត​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​កន្លងមក ដោយ​កើនឡើង​ ៤០,៤៦ ​ភាគរយ​ ធៀប​នឹង​ជាង​ ២១៣ ៧៦៣ ​តោន​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​ប្រទេស​ចិន​នាំចូល​អង្ករ​កម្ពុជា​ចំនួន​ ៤១ ​ភាគរយ​នៃ​ការនាំចេញ ឬ​ ១២២ ០៩៤ ​តោន​។

លោក ចាន់ សុឃាំង ក៏​ជា​ប្រធាន​ និង​អគ្គនាយក​ក្រុមហ៊ុន Signatures of Asia Co Ltd ផងដែរ​បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​លោក​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដែល​មាន​ចំនួន​ ១៥ ​ភាគរយ​នៃ​ការនាំចេញ​សរុប​។ លោក​សង្ឃឹម​ថា នឹង​មាន​ការកើនឡើង​បន្ថែមទៀត​នៅពេល​ការទូទាត់​សាច់ប្រាក់​ត្រូវ​បាន​ធ្វើឡើង​រវាង​រូបិយវត្ថុ​ទាំង​ ២​។

លោក​លើកឡើង​ថា​៖ «​ប្រសិន​យើង​អាច​ធ្វើការ​ទូទាត់​នេះ​ដោយ​រលូន យើង​នឹង​មើលឃើញ​ការកើនឡើង​ខ្លាំង​ទៅ​ប្រទេស​ចិន​។ ហើយ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​គំរូ​នៃ​ការទូទាត់​ប្រាក់​យន់​នៅលើ​ពិភពលោក​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ ដូច្នេះ​មេដឹកនាំ​របស់​ប្រទេស​ចិន​នឹង​ផ្សព្វផ្សាយ​ដល់​ពិភពលោក បន្ទាប់មក​យើង​នឹង​ទទួល​បាន​លទ្ធភាព​ចូល​ទីផ្សារ​កាន់តែ​ច្រើន និង​ផលិតផល​ផ្សេងៗ​ទៀត​»​។

ប្រទេស​កម្ពុជា និង​ចិន​បាន​បញ្ចប់​ការចរចា​ជុំ​ទី​ ៣ ​រួចហើយ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​រំពឹងថា​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ ២ ​ត្រឹម​ចុង​ឆ្នាំនេះ​៕LA