The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - CRF បា​រម្ភ​ពី​វិ​ស័យ​ស្រូវ​អង្ករ​កម្ពុជា​បើ EU យក​ពន្ធ

CRF បា​រម្ភ​ពី​វិ​ស័យ​ស្រូវ​អង្ករ​កម្ពុជា​បើ EU យក​ពន្ធ

Content image - Phnom Penh Post
សកម្មភាពនៃចង្វាក់ផលិតកម្មកែច្នៃអង្ករ របស់ក្រុមហ៊ុន អ៊ែមរុរ៉ាយស៍កន្លងមក។ រូបថត ហេង ជីវ័ន

CRF បា​រម្ភ​ពី​វិ​ស័យ​ស្រូវ​អង្ករ​កម្ពុជា​បើ EU យក​ពន្ធ

ភ្នំពេញៈ សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុ​ជា (CRF) ​បង្ហាញ​ការ​បា​រម្ភ​​យ៉ាង​ខ្លាំង​​ ចំ​ពោះ​​​វិធា​ន​ការ​ការ​ពារ​​ ដែល​ចេញ​ដោយ​គណៈ​កម្ម​ការ​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប ​លើ​ពន្ធ​នាំ​ចូល​​អង្ករ​ ដោយ​លើក​ឡើង​ថា វា​នឹង​ប៉ះ​ពាល់​ដល់​​កសិ​ករ​ស្រូវ​អង្ករ​​​ជាង ៣​​ លា​ន​នាក់​នៅ​ប្រ​ទេស​ កម្ពុជា​។​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​ CRF កាល​ពី​ថ្ងៃ​សុក្រ ​ជឿ​ជាក់​ថា​ កសិករ​កម្ពុជា​រាប់​លាន​នាក់ នឹង​​ទទួល​រង​ផល​ប៉ះ​​ពាល់​អ​វិជ្ជ​មាន​ ដោយ​សារ​វិ​ធាន​ការ​ការ​ពារ​របស់​ EU ​នេះ។​

លោក​ សុខ ពុទ្ធី​វុធ​ ប្រ​ធាន CRF ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​​ប្រ​កាស​ព័ត៌​មាន​នេះ​ថា​៖ «​​យើង​​ជឿថា ផល​លំ​បាក ​ដែល​ប្រ​ឈម​​ដោយ​កសិករ មក​ពី​ប្រ​ទេស​ទាំង​នេះ​ ភាគ​ច្រើន ​ដោយ​សា​រ​តែ​កង្វះ​ការ​សហ​ការ​ រវាង​កសិ​ករ​ ម្ចាស់​រោង​ម៉ា​ស៊ី​ន​​កិន​ស្រូវ និង​ពា​ណិជ្ជ​ករ​»​។

លោក​ ពុទ្ធី​វុធ ​បាន​ថ្លែង​ថា​៖ «​យើង​​ដឹង​អំពី​តម្លៃ​ខ្ពស់​នៃ​ការ​ផលិត​​អង្ករ​នៅ​ក្នុង​ប្រ​ទេស​ជា​សមា​ជិក ​ដូច​ជា​ប្រ​ទេស​ អីុ​តា​លី ហើយ​យើង​ជឿ​ជាក់​ថា ​បញ្ហា​​ផ្ទៃ​ក្នុ​ង​ គឺជា​ឧប​សគ្គ​ដ៏​សំ​ខាន់​ ក្នុង​ការ​កែ​លម្អ​ឧ​ស្សា​ហ​កម្ម​ស្រូវ​អង្ករ​ នៅ​ក្នុង​បណ្ដា​ប្រ​ទេ​ស​ជា​ស​មា​ជិក​ទាំង​នេះ​»​។​

កសិករ​​របស់​ប្រ​ទេស​ អីុតាលី ​បាន​ត្អូញ​ត្អែរ​អំ​ពី​​ការ​នាំ​ចូល​អង្ករ​​របស់​កម្ពុជា​ ចាប់​តាំង​ពី​​ឆ្នាំ ២០១៤ ប៉ុន្តែ​នេះ​ជា​លើក​ដំ​បូង​ដែល​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ​ដោយ​គណៈ​កម្ម​ការ​នេះ​។​

ការ​ស៊ើប​អង្កេត​របស់​ EU ត្រូវ​​បាន​ចាប់​ផ្ដើម​ឡើង​​កាល​ពី ថ្ងៃ​ទី​ ១៦​ ខែ​មី​នា ជា​ការ​ឆ្លើយ​​តប​នឹង​ការ​ស្នើ​សុំ​ពី​ប្រ​ទេស​ អីុ​តា​លី​ ដែល​បាន​អំ​ពាវ​នាវ​​ឲ្យ​មាន «វិ​ធាន​ការ​ការ​ពារ​» ​ជា​ទូ​ទៅ​លើ​ការ​រឹត​បន្តឹង​​ការ​នាំ​ចូល ឬ​ដាក់​ពន្ធ​នាំ​ចូល​ ​អង្ករ​ indica​ ឬ​អង្ករ​ស​ មក​ពី​ទាំង​ប្រ​ទេស​ កម្ពុជា​ និង​មី​យ៉ាន់​ម៉ា​។​

ប​ន្ទាប់​ពី​ការ​ស៊ើប​អង្កេត​នេះ ​គណៈ​កម្មការ​ EU ​បាន​ចេញ​ឯក​សារ​បង្ហាញ​ជា​ទូ​ទៅ​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​ វិ​ច្ឆិកា ដែល​តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​លើ​ការ​នាំ​ចេញ​អង្ករ​ទៅ​ EU ​ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​ ជា​មួយ​នឹង​ពន្ធ​គយ​នាំ​ចូល​ ​១៧៥ ​ដុល្លារ​ក្នុង​ ១ ​តោន​នៅ​ឆ្នាំ​ដំ​បូង​។​

ឧ​ស្សាហ​កម្ម​ស្រូវ​អង្ក​ររបស់​ប្រ​ទេស​កម្ពុជា​ បាន​អះ​អាង​ថា វិ​ធាន​ការ​ការ​ពារ​របស់​ EU គួរ​តែ​បែង​ចែក​ប្រ​ភេទ​​អង្ករ​​។ ភាគ​ច្រើន​អង្ករ​កម្ពុជា​ដែល​​នាំ​ចេញ​ទៅ​ EU ​​៥៥​ភាគរ​យ​ជា​អង្ករ​ក្រ​អូប​ដែល​ពិ​បាក​ក្នុង​​ការ​​ដាំ​ដុះ​ នៅ​ក្នុង​អា​កាស​ធាតុ​របស់​ EU។ ​

យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​ CRF វា​នឹង​ជា​ការ​រា​រាំង​​ដ៏​ធ្ងន់​ធ្ងរ​មួយ​សម្រាប់​​ប្រ​ទេស​កម្ពុជា ​ប្រ​សិន​បើ​វិធាន​ការ​ការ​ពារ​នេះ​ត្រូវ​បាន​អនុ​ម័ត​។​

លោក ​ច្រាយ​ សុន​ នាយ​ក​រង​​​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ Cap​it​al Food បាន​ឲ្យ​ដឹង​ថា ​កសិ​ករ​នឹង​​មាន​ផល​ប៉ះ​ពាល់ ​មុន​គេ ​​ប្រ​សិន​បើ​ EU អនុ​វត្ត​តាម​វិ​ធាន​ការ​ការ​ពារ​នេះ​។​ ​

លោក​ថ្លែង​ថា​៖ «​តម្លៃ​ការ​ផលិត​របស់​យើង​គឺ​នៅ​តែ​ខ្ពស់ ​បើ​យើង​បង់​ពន្ធ​ឲ្យ EU តើ​យើង​អាច​ប្រ​កួត​​ប្រ​ជែង​ជា​មួយ​ទី​ផ្សារ​នេះ​ដូច​ម្ដេច​បាន?​ នៅ​ពេល​នោះ​​កសិ​ករ​នឹង​ទទួល​រង​ផល​ប៉ះ​ពា​ល់​មុន​គេ ​ដោយ​សារ​តែ​​​មិន​មាន​ទី​ផ្សារ​ ដើ​ម្បី​ធា​នា​តម្លៃ​ស្រូវ​នោះ​ទេ​»​​។

លោក​បន្ត​ថា​៖ «​វា​គ្រាន់​តែ​ជា​លេស​មួយ​ពី​ EU ប៉ុ​ណ្ណោះ​​ អង្ករ​របស់​យើង​គឺ​ជា​ចំ​ណែក​តូ​ច​​មួយ​នៅ​លើ​ទី​ផ្សារ​នេះ​ តើ​យើង​​អាច​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដល់​ទី​ផ្សារ​អង្ករ​របស់​​ពួក​គេ​ដូច​ម្ដេច​?​​»​។​

លោក ច័​ន្ទ​ សុផល​ នាយក​មជ្ឈ​មណ្ឌល​សិក្សា​គោល​ន​យោ​​​​បាយ​​បាន​ឲ្យ​ដឹង​ថា​ វា​គឺ​ជា​​សិទ្ធិ​នៃ​ការ​សម្រេច​ចិត្ត​របស់​ EU ខណៈ​ការ​ស៊ើប​អង្កេត​​បាន​បង្ហាញ​ថា​​ ប៉ះ​ពាល់​លើ​ទី​ផ្សារ​អង្ករ​​របស់​ពួក​គេ។

លោក​ថ្លែង​ថា៖ «​​[ការ​លើក​លែង] ពន្ធ​នាំ​ចូល​នឹង​​មិន​មាន​ស្ថិរ​ភាព​ដល់​​ប្រ​ទេស​ កម្ពុជា​នោះ​ទេ»។ លោក​បន្ត​ថា​៖ «​​ដោយ​សារ​​តម្លៃ​ការ​ផលិត​រ​បស់​យើង​នៅ​តែ​ខ្ពស់​ ប្រ​សិន​បើ​ពន្ធ​នាំ​ចូល​ត្រូវ​បាន​អនុ​វត្ត​ វា​នឹង​ប៉ះ​ពា​ល់​ដល់​ឧស្សា​ហ​កម្ម​ស្រូវ​​អង្ករ​របស់​យើង​ ប៉ុន្តែ​​​កសិករ​របស់​យើង​ នឹង​ពឹង​ផ្អែក​លើ​ទី​ផ្សារ​មក​ពី​ប្រ​ទេស ថៃ និង​វៀត​ណា​ម​​»​៕ ​LA

អត្ថបទគួរចាប់អារម្មណ៍