ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​អំពាវនាវ​ដល់​កសិករ​ពន្យារពេល​ការលក់​ស្រូវ​រហូតដល់​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់​ដើម្បី​ចៀសវាង​ពី​ការទម្លាក់​ថ្លៃ​ពី​ឈ្មួញកណ្តាល​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៤ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា ខណៈ​ថ្ងៃ​ភ្ជុំបិណ្ឌ​ខិតជិត​មកដល់​មាន​រោង​ម៉ាស៊ីន​កិនស្រូវ​ប្រមាណ​ជាង​ ៨០ ​ភាគរយ​ បាន​បិទទ្វារ​ជា​ហេតុ​ធ្វើឲ្យ​ក្រុម​ឈ្មួញ​ឆ្លៀត​ឱកាស​ទម្លាក់​តម្លៃ​ស្រូវ​នៅតាម​វាលស្រែ​នានា​។ សហព័ន្ធ​សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ដែល​មាន​ស្រូវ​គុណភាព​ល្អ សូមកុំ​ប្រញាប់​ច្រូតកាត់ ឬ​លក់​ស្រូវ​ពេក​ដោយ​គួរ​រង់ចាំ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​បញ្ចប់​សិន​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយថា​ចាប់ពី​ដើម​សប្តាហ៍​នេះ​មក​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជាច្រើន​បាន​ផ្អាក​សកម្មភាព​ប្រមូល​ទិញស្រូវ​ជាហេតុ​ធ្វើឲ្យ​ក្រុម​ឈ្មួញ​មាន​ឱកាស​ដើរ​ប្រមូល​ទិញស្រូវ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​បើ​ស្រូវ មិន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ឬ​ការបំផ្លាញ​ពី​សត្វ កសិករ​មិន​គួរ​ប្រញាប់​ច្រូត​ពេក​ទេ គួរ​រង់ចាំ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់​សិន​។ ស្រូវ​ល្អ​មិន​គួរ​មាន​តម្លៃ​ក្រោម​តម្លៃ ១ ១៥០-១ ២០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​ឡើយ​»​។

កសិករ​ក្នុងស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​លោក ណារុំ បាន​និយាយ​ថា​តម្លៃ​ស្រូវ​ក្នុង​ខេត្តក្រចេះ​នៅពេល​នេះ​លក់​មិនបាន​ខ្ពស់​ដូច​ឆ្នាំមុន​ទេ ដោយមាន​តម្លៃ​ចន្លោះ​ពី​ ៧០០-៨០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន​មាន​តម្លៃ ៩០០-១ ០០០ ​រៀល​។ លោក​បន្តថា ប្រសិន​បើ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​បែប​នេះ វា​មិន​អាចជួយ​ឲ្យ​ប្រជាកសិករ​ទទួល​បាន​ប្រាក់ចំណេញ​ទេ និង​ត្រូវ​ខាតបង់​ប្រសិនបើ​មានការ​​ខូចខាត​ដោយ​គ្រោះទឹកជំនន់​។

លោក​ថ្លែងថា​៖ «​តម្លៃ​ស្រូវ​នៅ​ខេត្តក្រចេះ​ធ្លាក់​ចុះ ដោយសារ​ក្រុម​ឈ្មួញ​និយាយ​ថា ត្រូវ​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់​ជាង​ឆ្នាំមុន​»​។

ខណៈ​ស្រូវ​ច្រូតកាត់​រួច ភាគច្រើន​ត្រូវ​បាន​កសិករ​នាំគ្នា​លក់​ទៅ​ឲ្យ​ឈ្មួញ​ភ្លាមៗ​នោះ​លោក ណារុំ អះអាង​ថា​បច្ចុប្បន្ន​ក្នុង​ខេត្ត​ក្រចេះ​មិន​សូវ​មាន​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​កសិករ​មិន​មាន​ជម្រើស​អ្វី​ផ្សេងៗ​ក្រៅពី​លក់​ទៅ​ឲ្យ​ឈ្មួញ​បន្ទាប់ពី​ការ​ច្រូតកាត់​។

លោក​បន្តថា​៖ «​ដោយសារ​តែ​ខេត្តក្រចេះ​មិនសូវ​មាន​ឡសម្ងួត និង​ឃ្លាំង​ស្តុក​ច្រើន បច្ចុប្បន្ន​ការកំណត់​តម្លៃ​ស្រូវ​នៅពេល​ប្រមូលផល​គឺ​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ឈ្មួញ​ទាំងស្រុង​»​។

លោក ហេង ផេង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thmor Korl Rice Import Export Co.,Ltd ដែល​ជា​ក្រុមហ៊ុន​ប្រមូល​ទិញស្រូវ និង​នាំចេញ​អង្ករ​នៅ​ខេត្ត​បាត់ដំបង បាន​ប្រាប់​ថា​តម្លៃ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​ឆ្នាំនេះ​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន តែ​គុណភាព​ស្រូវ​ហាក់​មាន​ការធ្លាក់​ចុះ ព្រោះ​អាកាសធាតុ​ក្តៅ​មិនសូវ​មាន​ភ្លៀង​បាន​ធ្វើឲ្យ​ស្រូវស្កក​។

លោក​បន្តថា ក្រុមហ៊ុន​របស់​លោក​ប្រមូល​ទិញ​តែ​ស្រូវ​ប្រភេទ​លេខ​ ១ ​ប៉ុណ្ណោះ ដោយ​ថ្ងៃនេះ​ (​ម្សិលមិញ​) ​មាន​តម្លៃ ១ ១៥០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ លោក​បន្តថា​៖ «​បច្ចុប្បន្ន​កម្មករ​នៅតាម​រោង​ម៉ាស៊ីន​ជាច្រើន​បាន​នាំគ្នា​សម្រាក​ទៅ​ស្រុក ហេតុនេះ​កសិករ​មិនគួរ​ព្យាយាម​ច្រូតកាត់​ស្រូវ​ពេលនេះ​ទេ ព្រោះ​វា​នឹង​ធ្វើឲ្យ​តម្លៃ​ធ្លាក់ចុះ​»​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​បាន​ប្រាប់ថា ការប្រមូល​ផល​ស្រូវ​ក្នុង​ខេត្តបាត់ដំបង ពេល​នេះ​ទើប​សម្រេច​បាន​ប្រមាណ ៣០-៤០ ​ភាគរយ​ប៉ុណ្ណោះ ដោយសារ​ការរាំងស្ងួត​មាន​រយៈពេល​យូរ​។ ស្រូវ​ក្រអូប​នៅ​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​តម្លៃ ១ ១៣០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ចំណែក​ស្រូវ​ប្រភេទ IR មានតម្លៃ ៧០០ ​រៀល​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ មាន​តម្លៃ​ប្រហែល ៨៥០ ​រៀល​។

លោក​ថ្លែងថា​៖ «​ទីផ្សារ និង​តម្លៃ​ស្រូវ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ភាពល្អប្រសើរ​ដោយ​មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​»៕ LA