ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ជា​ថ្មី​ម្ដង​ទៀត​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថា​ សហភាព​​អឺរ៉ុប (EU) ​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​វិធានការ​ការពារ​លើ​​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ ដោយ​សារ​តែ​វា​ជា​​បញ្ហា​រសើប​ ចំពោះ​ឧស្សាហ​កម្ម​ស្រូវ​អង្ករ​​កម្ពុជា។

ការ​លើក​ឡើង​នេះ​​ធ្វើ​ឡើង​ ខណៈ​ Copa Cogeca ដែល​អង្គការកសិករ និង​សហករណ៍​កសិកម្ម​អឺរ៉ុប​ កាល​ពី​សប្ដាហ៍​​មុន ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​​ជា​បន្ទាន់​នូវ​វិធានការ​ការពារ​ លើ​ការ​នាំចូល​អង្ករ​ពី​​​កម្ពុជា​ និង​​មីយ៉ាន់ម៉ា​ ដើម្បី​បង្កើន​ល្បឿន​​ការ​អនុវត្ត​វិធានការ​ការពារ​នេះ​។​

Copa ​Cogeca បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​ថ្ងៃ​ទី​ ៤ ខែ​ធ្នូ​ អគ្គ​នាយក​ដ្ឋាន​ពាណិជ្ជ​កម្ម បាន​ដាក់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​​​នៅ​ក្នុង​គណៈ​កម្មាធិការ​អនុគ្រោះ​​ពន្ធ​ នូវ​សំណើ​មួយ​ដើម្បី​អនុវត្ត​វិធានការ​ការពារ​ ស្ដីពី​ការ​នាំចូល​អង្ករ​​ពី​ប្រទេស​ កម្ពុជា​ និង​មីយ៉ាន់ម៉ា​។​

Copa Cogeca បាន​ឲ្យ​ដឹង​ថា ​ដោយ​មិន​មាន​ការ​អត្ថាធិប្បាយ​ស្ដីពី​ការ​អនុវត្ត​នេះ​ គណៈ​កម្មាធិ​ការ​នេះ​អាច​​នឹង​ចាត់​​វិធាន​ការ​លើ​បញ្ហា​នេះ​។​

Copa Cogeca បាន​ឲ្យ​ដឹង​ថា៖ «​គណៈ​កម្មាធិការ​នេះ​ មិន​បាន​បញ្ចេញ​គំនិត​នោះ​ទេ ​ដែល​អនុញ្ញាត​​ឲ្យ​គណៈ​កម្មការ​បន្ត​ការ​សម្រេច​នេះ​​ឆ្ពោះ​ទៅ​មុខ​ ដោយ​អនុម័ត​​សំណើ​ច្បាប់​នេះ​»​។

សហករណ៍​នេះ​បន្ត​ថា​៖ «​ការ​ស៊ើប​អង្កេត​​ការពារ​ ដែល​បាន​អនុវត្ត​ឡើង​ដោយ​គណៈ​កម្មការ​នេះ​ បាន​ឈាន​ដល់​ការ​សន្និដ្ឋាន​ដូច​គ្នា​ គឺ​ថា​ ការ​បង្កើន​ការ​នាំចូល​អង្ករ​ពី​ប្រទេស​ កម្ពុជា ​និង​មីយ៉ាន់​ម៉ា​ បាន​បណ្ដាល​ឲ្យ​មាន​ការ​ពិ​បាក​ធ្ងន់ធ្ងរ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​របស់​ EU ទាំង​មូល​»​។​

លោក​ ហ៊ុន ​ឡាក់ ​អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ CRF​ បាន​ពន្យល់​រួច​ហើយ​ដោយ​មាន​មូលហេតុ​ត្រឹមត្រូវ​ ទៅ​កាន់​គណៈ​កម្មាធិការ​​ EU ថា​វា​មិន​ប៉ះ​ពាល់​ដល់​ឧស្សាហ​កម្ម​ស្រូវ​អង្ករ​ EU នោះ​ទេ​ ដោយ​សារ​តែ​វា​ជា​អង្ករ​ប្រភេទ​ផ្សេង​គ្នា ហើយ​វា​ជា​ជម្រើស​របស់​អតិថិជន​។

​លោក​ថ្លែង​ថា៖ «​វា​មិន​មែន​ជា​លើក​ដំបូង​​​ទេ​ សម្រាប់​​ប្រទេស​ អីុតាលី​ និង​អេស៉្បាញ​ ដែល​​ត្អូញត្អែរ​អំពី​ដំណើរ​​យឺត​​យ៉ាវ​​នៃ​ឧស្សាហ​កម្ម​ស្រូវ​អង្ករ​របស់​​ពួក​គេ​ វា​មិន​មែន​​​មក​ពី​យើង​នោះ​ទេ​ វា​ជា​ប្រភេទ​អង្ករ​ផ្សេង​គ្នា»។

បើ​សេចក្តី​សម្រេ​នេះ​​ត្រូវ​អនុវត្ត​ ​អង្ករ​របស់​​កម្ពុជា​​នឹង​ប្រឈម​នឹង​ការ​យក​ពន្ធ​ ១៧៥ អឺរ៉ូ (​១៩៨ ដុល្លារ​អាមេរិក​) ក្នុង​ ១ ​​តោន​​នៅ​ឆ្នាំ​ដំបូង ​និង ១៥០ អឺរ៉ូ​នៅ​​ ឆ្នាំ​ទី ២ ហើយ ១២៥​ អឺរ៉ូ​ នៅ​ឆ្នាំ​បន្ទាប់។

កសិករ​​ប្រទេស​ អីុ​តាលី​ បាន​ត្អូញត្អែរ​ពី​បញ្ហា​នៃ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ​និង​មីយ៉ាន់ម៉ា​តាំង​​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ​​ដោយ​ពួក​គេ​​បាន​បញ្ជាក់​ថា ​ការ​នាំចូល​បែប​នោះ​ កំពុង​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​​កសិករ​អឺរ៉ុប​។​

លោក​ ហ៊ុន​ ឡាក់​ ថ្លែង​ថា​៖ «​ពន្ធ​នាំ​ចូល​នឹង​ប៉ះ​ពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់​របស់​កម្ពុជា ខណៈ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​របស់​​យើង​​មិន​ទាន់​រួច​រាល់​ដើម្បី​កាត់​បន្ថយ​តម្លៃ​ឡូជីស្ទីក​នោះ​ទេ​ យើង​​នឹង​ប្រឈម​ជា​មួយ​នឹង​ការ​ប្រកួត​​​ប្រជែង​យ៉ាង​​ខ្លាំង​លើ​ទីផ្សារ​អង្ករ​របស់​យើង​ជា​មួយ​ប្រទេស​ជិត​ខាង​ វា​អយុត្តិធម៌​សម្រាប់​​យើង​ ខណៈ​យើង​នៅ​តែ​ជា​ប្រទេស​​កំពុង​អភិវឌ្ឍន៍​»​​។ លោក​បន្ត​ថា​ EU ខ្វះ​ការ​ត្រួត​ពិនិត្យ​ ដោយ​​បាន​ដាក់​បញ្ចូល​​អង្ករ​គ្រប់​ប្រភេទ​ទាំង​អស់​ ទៅ​​ក្នុង​វិធានការ​ការពារ​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​​បាន​​​អំពាវនាវ​​ឲ្យ​សមា​ជិក​របស់​ EU ធ្វើ​អន្តរាគមន៍​​លើ​វិធានការ​ការពារ​​នេះ​ ពួក​គេ​ក៏​បាន​គាំទ្រ​ពួក​យើង​ផង​ដែរ​ និង​មាន​បំណង​បោះ​ឆ្នោត​វ៉េតូ​​ ឬ​ជ្រើសរើស​​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​​ការ​បោះ​ឆ្នោត​នេះ​»។ លោក​បន្ត​ថា​៖​ «​វា​ជា​បញ្ហា​រសើប​ពិត​ប្រាកដ​សម្រាប់​ប្រទេស​ កម្ពុជា​»​។​

លោក ​សុង ​សារ៉ន​ អគ្គ​នាយក​​ក្រុមហ៊ុន Amru Rice បាន​ឲ្យ​ដឹង​ថា ​ជាង ៧៥ ​ភាគរយ​នៃ​ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ EU​ គឺ​អង្ករ​ក្រអូប​ ដែល​វា​​នឹង​​មិន​ប៉ះពាល់​​ដល់​កសិករ​ EU នោះ​ទេ​។​ ​

លោក​ថ្លែង​ថា​៖ «​យើង​កំពុង​នាំចេញ​អង្ករ​​ក្រអូប​ភាគ​ច្រើន​ទៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ ដែល​​ប្រទេស​ទាំង​នោះ​មិន​អាច​ដាំដុះ​ស្រូវ​ក្រអូប​បាន​​»៕LA