ភ្នំពេញ៖ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា (CRF) លោក លន់ យ៉េង ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១ សប្តាហ៍​កន្លង​មក​នេះ សមាជិក CRF សហព័ន្ធ​បាន​បញ្ចេញ​លក់​រាយ​ជូន​ប្រជាជន​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​បាន​ចំនួន ២ ០០០ តោន បន្ទាប់​ពី​មាន​ការ​សម្របសម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ពី​សាលា​រាជធានី​ភ្នំពេញ​តាម​ការ​ស្នើសុំ​របស់​សហព័ន្ធ​កាល​ពី​ថ្មី​នេះ។

ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យ​បាន​ឆាប់ រដ្ឋាភិបាល​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​តំបន់​បិទ​ខ្ទប់។

លោក លន់ យ៉េង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​សៅរ៍​ថា ចាប់​ពី​ថ្ងៃទី ១៦ ដល់ ២៣ មេសា សមាជិក​សហព័ន្ធ​ដែល​បាន​ប្រកាស​ចូលរួម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​បាន​លក់​អង្ករ​ចំនួន​ប្រហែល ២ ០០០ តោន ដោយ​លោក​រំពឹង​បរិមាណ​នេះ​នឹង​កើន​ឡើង​ថែម​ទៀត។

លោក​ថ្លែង​ថា៖ «ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​មិន​ទាន់​រលូន ១០០ ភាគរយ​ទេ ប៉ុន្តែ​ខាង​សាលា​ក្រុង​គាត់​បាន​ជួយ​សម្រួល​បាន​ច្រើន​ទៅ​តាម​ទីតាំង​ជាក់​ស្តែង និង​គោលដៅ​ត្រួត​ពិនិត្យ ជា​លទ្ធភាព​យើង​អាច​លក់​បាន​ច្រើន​ជាង​នេះ ប្រសិន​បើ​មាន​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​បន្ថែម​ទៀត»។

កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៨ សមាជិក​របស់ CRF យ៉ាង​តិច​ចំនួន ៧ បាន​ធ្វើ​ការ​លក់​អង្ករ​បញ្ចុះ​តម្លៃ​ចន្លោះ​ពី ១ ម៉ឺន​រៀល ដល់ ២ ម៉ឺន​រៀល​ក្នុង ១ បេ នៃ​តម្លៃ​គោល ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

ប្រធាន​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា (CRF) លោក សុង សារ៉ន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ចន្ទ (១៩) ថា សហព័ន្ធ​ប៉ាន់​ប្រមាណ​ថា តម្រូវការ​អង្ករ​សម្រាប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ គឺ​ក្នុង​រង្វង់ ៤ ម៉ឺន​តោន សម្រាប់​រយៈពេល ១ ខែ៕