The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - CRF សម្រេច​ពន្យារពេល​វេទិកា​ស្រូវ​អង្ករ​លើក​ទី​ ៧

CRF សម្រេច​ពន្យារពេល​វេទិកា​ស្រូវ​អង្ករ​លើក​ទី​ ៧

Content image - Phnom Penh Post
ស្រូវ​ដែល​ត្រូវបាន​យកមក​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​នាពេល​កន្លងមក​។ ហេង ជីវ័ន

CRF សម្រេច​ពន្យារពេល​វេទិកា​ស្រូវ​អង្ករ​លើក​ទី​ ៧

ភ្នំពេញ: សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ប្រកាស​ពន្យារពេល​រៀបចំ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​ ៧ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​សហព័ន្ធ​អះអាង​ថា ការផ្អាក​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ឡើយ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន កម្មវិធី​វេទិកា​ស្រូវ​អង្ករ​លើក​ទី​ ៧ ដែល​គ្រោង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ៣០-៣១ ខែ​កក្កដា​នេះ​ត្រូវ​បាន​ប្រកាស​លើក​ពេល​រហូត​ដល់​ស្ថានភាព​ជំងឺ​កូវីដ​១៩ មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ដោយ​គ្មាន​ពេលវេលា​កំណត់​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖ «​ការសម្រេច​ពន្យារពេល​នេះ ក៏​ស្របពេល​មាន​ការស្នើសុំ​ឲ្យ​លុបចោល​ការចូលរួម​របស់​វាគ្មិន​អន្តរជាតិ និង​អ្នកបញ្ជា​ទិញ​សំខាន់ៗ​មួយចំនួន ពិសេស​មកពី​ប្រទេស​ចិន និង​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ាន និង​អឺរ៉ុប ហើយ​ក៏មាន​សំណូមពរ​ឲ្យ​ពន្យារពេល ការរៀបចំ​នេះ​ពី​សមាជិក​សមាជិកា និង​ថ្នាក់ដឹកនាំ​ស្រូវ​អង្ករ​កម្ពុជា ព្រោះ​ចង់​ឲ្យ​ការរៀបចំ​នេះ​ប្រកប​ដោយ​ជោគជ័យ និង​ទទួល​បាន​លទ្ធផល​»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាល​ថ្ងៃ​ពុធ​ថា ការពន្យារពេល​រៀបចំ​កម្មវិធី​វេទិកា​ស្រូវ​អង្ករ​លើក​ទី​ ៧ នេះ​នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការបញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​នោះទេ​។ លោក​បន្តថា បើ​ស្ថានភាព​ជំងឺ​កូវីដ​១៩ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ វេទិកា​នេះ​អាច​នឹង​រៀបចំ​នៅ​ចុង​ឆ្នាំ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​វេទិកា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​នឹង​ជម្រាប​ជូន​ជាថ្មី​ម្តងទៀត​នៅពេល​ក្រោយ​»​។

កម្មវិធី​វេទិកា​ស្រូវ​អង្ករ​ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​ទស្សនៈ និង​បទពិសោធ​នៃ​បញ្ហា​ប្រឈម​នៅក្នុង​វិស័យ​ស្រូវ​អង្ករ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ល្អៗ ពិសេស​ការធ្វើ​ទំនើបកម្ម​វិស័យ​នេះ​ឲ្យ​ស្រប​នឹង​និន្នាការ​ទីផ្សារ​ពិភពលោក​ទាំង​សមត្ថភាព​ប្រកួត​ប្រជែង​ខាង​តម្លៃ កំណើន​ផលិតភាព និង​ការលើកកម្ពស់​ការនាំចេញ​។ នេះ​បើ​យោងតាម CRF​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signatures of Asia ដែល​ជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​បាន​ឲ្យ​ដឹងថា កម្មវិធី​វេទិកា​ស្រូវ​អង្ករ​លើក​ទី​ ៧ គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការរួមចំណែក​លើក​កម្ពស់​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​វេទិកា​នេះ​មាន​សារៈសំខាន់​ណាស់​ដែល​អាច​ឲ្យ​យើង​បាន​បង្ហាញ​ពី​សក្តានុពល​ក្នុង​វិស័យ​ស្រូវ​អង្ករ​ទៅដល់​អតិថិជន​នៅក្នុង និង​ក្រៅប្រទេស ហើយ​ក៏​ជា​ឱកាស​ជួបគ្នា​រវាង​អ្នកទិញ និង​អ្នកលក់​ដែល​វា​បាន​ជួយ​ជំរុញ​ការនាំចេញ​របស់​យើង​កាន់តែ​ប្រសើរ​ថែមទៀត​»​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹងថា ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​ក្នុង​រយៈពេល ៦ ​ខែ​ដើមឆ្នាំ ២០២០ មាន​ចំនួន​សរុប ៣៩៧ ៦៦០ ​តោន​កើនឡើង ៤១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​ដែល​មាន ២៨១ ៥៣៨ ​តោន​។

ទិន្នន័យ​នេះ​បង្ហាញ​ថា ក្នុងនោះ​ការនាំ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​កើនឡើង ៤៥,១៩ ភាគរយ ប្រទេស​ចិន​កើន ២៥,២០ ​ភាគរយ តំបន់​អាស៊ាន​ ៤៧,៦៩ ភាគរយ​ និង​ទិសដៅ​ផ្សេងៗ​ទៀត​កើន ៧៩,២៦ ​ភាគរយ​៕LA

អត្ថបទគួរចាប់អារម្មណ៍