ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​គ្រោង​នឹង​ស្នើសុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​ ៣០ ​លាន​ដុល្លារ​បន្ថែមទៀត ​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ដើម្បី​ត្រៀម​សម្រាប់​ទិញស្រូវ​ប្រមាណ​ ១ ​លាន​តោន​ ​នៅក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា នៅក្នុង​ជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុន CRF បាន​ស្នើសុំ​កញ្ចប់​ថវិកា ៣០ ​លាន​ដុល្លារ​បន្ថែមទៀត​លើ​កញ្ចប់​ថវិកា​ដែល​មាន​ស្រាប់ ៥០ ​លាន​ដុល្លារ​នៃ​ថវិកា​សរុប​ ២០០ ​លាន​ដុល្លារ​។

លោក​បន្តថា ការស្នើសុំ​កញ្ចប់​ថវិកា​បន្ថែម​ពី​រដ្ឋាភិបាល​នេះ​គឺ​ដើម្បី​ត្រៀម​សម្រាប់​ទិញស្រូវ​នា​រដូវ​ប្រមូលផល​ខាងមុខ​។ កញ្ចប់​ថវិកា​នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ទិញស្រូវ​ស្តុក​ទុក និង​ទប់ស្កាត់​ការធ្លាក់​តម្លៃ​ស្រូវ​ដែល​តែង​ធ្វើឲ្យ​ប្រជាកសិករ​មួយចំនួន​មិន​សប្បាយចិត្ត​។

លោក​ថ្លែងថា​៖ «​បើតាម​ការប៉ាន់ប្រមាណ​ទិន្នផល​ស្រូវ​ក្នុង​រដូវ​ប្រមូលផល​ខាងមុខ​នឹង​មាន​ចន្លោះ​ពី​ ៨០ ​ម៉ឺន​ទៅ​ ១ ​លាន​តោន ដូច្នេះ​យើង​ត្រូវការ​លុយ​ ៣០ ​លាន​ដុល្លារ​បន្ថែម​ទៀត​តាមរយៈ ARDB ឬ​ធនាគារពាណិជ្ជ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​រោង​ម៉ាស៊ីន​ស្រូវ និង​ក្រុមហ៊ុន​អាច​បញ្ជា​ទិញ​ឲ្យ​អស់ពី​ស្រែ​»​។

លោក កៅ ថាច់ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ឲ្យ​ដឹងថា លោក​មិន​ទទួល​បាន​សំណើ​​ផ្លូវការ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​ទេ​។

របាយការណ៍​នាំចេញ​អង្ករ​កម្ពុជា​បាន​បង្ហាញថា ក្នុង​រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២០ ការនាំចេញ​អង្ករ​សម្រេច​បាន ៣០០ ២៥២ ​តោន​ កើនឡើង ៤០,៤៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប្រាក់ចំណូល​ទទួលបាន​ពី​ការនាំចេញ​ក្នុង​រយៈពេល​នេះ​​គឺ​ចំនួន ២១០ លាន​ដុល្លារ​។

របាយការណ៍​បន្តថា ការនាំចេញ​ទៅកាន់​ប្រទេស​ ចិន​ មាន ៤១ ​ភាគរយ​ ទៅ​សហគមន៍​អឺរ៉ុប និង​អង់គ្លេស​ ៣២ ​ភាគរយ ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ១៣ ​ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀត​ចំនួន ១៤ ​ភាគរយ​៕LA