ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បានស្នើ​រដ្ឋាភិបាល​រក្សា​កញ្ចប់​ថវិកា​ចំនួន ៨០ ​លាន​ដុល្លារ​នៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) ​សម្រាប់​ប្រមូល​ទិញស្រូវ​នៅក្នុង​រដូវ​ប្រមូលផល​ថ្មី​នា​ឆ្នាំ​ ២០២០ នេះ​ដើម្បី​ស្តុក​ទុក និង​កែច្នៃ​សម្រាប់​នាំចេញ​។

លោក ច័ន្ទ សុឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា CFR បាន​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​រក្សា​ទឹកប្រាក់ ៥០ ​លាន​ដុល្លារ​នៃ​កញ្ចប់​ថវិកា​ពិសេស និង​បាន​ស្នើសុំ​បន្ថែម ៣០ ​លាន​ដុល្លារ​ទៀត ដើម្បី​ប្រមូល​ទិញស្រូវ​នៅក្នុង​រដូវ​ប្រមូលផល​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ខាងមុខ​។

លោក​ថ្លែងថា​៖ «​ថវិកា​នេះ​ត្រូវបាន​បង្វែរ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដូច្នេះ CRF បានស្នើ​ឲ្យ​រដ្ឋាភិបាល​រក្សា​ថវិកា​នេះ​នៅក្នុង​ធនាគារ​អភិវឌ្ឍន៍ជនបទ​ដែល​ធនាគារ​នេះ​អាច​ផ្ដល់​មូលនិធិ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​រដូវ​នេះ​។ រដូវកាល​ទិញស្រូវ​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្ដាល​ខែមេសា​»​។

លោក​ថ្លែងថា​៖ «​ការកម្រិត​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ខណៈ​ធនាគារពាណិជ្ជ​បាន​កាត់បន្ថយ​ទំហំ​ប្រាក់កម្ចី​សម្រាប់​វិស័យ​កសិកម្ម​ពី​ចំនួន​ ១ ​លាន​ដុល្លារ​មក​នៅត្រឹម ៥០ ​ម៉ឺន​ដុល្លារ ដូច្នេះ CRF បាន​ស្នើសុំ​មូលនិធិ​ពី​រដ្ឋាភិបាល​ ដើម្បី​សម្រេចបាន​ទិសដៅ​នាំចេញ​អង្ករ ១ ​លាន​តោន​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី CRF ក៏បាន​ស្នើសុំ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ពន្យារពេល​ការសង​ប្រាក់​ចាប់ពី ៦ ​ខែ​ទៅដល់​ ១២ ​ខែ​ផង​ដែរ​។ «CRF ស្នើសុំ​ពន្យារពេល​ការសង​ប្រាក់​របស់​ក្រុមហ៊ុននាំចេញ​អង្ករ​មួយចំនួន និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​អំឡុង​ការរីក​រាលដាល​វីរុស​កូវីដ​ ១៩ ខណៈ​លំហូរ​សាច់ប្រាក់​របស់​ក្រុមហ៊ុន​ត្រូវបាន​រំខាន​»​។

លោក សុឃាំង បាន​បញ្ជាក់ថា​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ទទួលយក​សំណើ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ហើយ ប៉ុន្តែ​លោក​ត្រូវសុំ​គោលការណ៍​​រដ្ឋាភិបាល​ជាមុនសិន​។

កាលពី​ខែធ្នូ​ឆ្នាំមុន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ចេញ​មូលនិធិ ៥០ ​លាន​ដុល្លារ​ឲ្យ RDB ដើម្បី​ប្រើប្រាស់​ជាដើម​ទុន​ក្នុង​ការប្រមូល​ទិញស្រូវ​ស្ដុក​បន្ថែម​ក្នុង​អំឡុង​រដូវ​ប្រមូលផល​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signatures of Asia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រុមហ៊ុន​លោក​គ្រោង​នឹង​ទិញស្រូវ​ប្រមាណ ២០០ ០០០ តោន​នៅ​រដូវ​ប្រមូលផល​នេះ ហើយ​ក្រុមហ៊ុន​របស់លោក​ក៏​គ្រោង​នឹង​ខ្ចីប្រាក់​ពី RDB ចំនួន ៥០០ ០០០ ដុល្លារ ដើម្បី​ទិញស្រូវ​ស្ដុក​ទុក​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ប្រសិនបើ​រដ្ឋាភិបាល​បង្វែរ​ថវិកា​ហិរញ្ញប្បទាន​នេះ វា​នឹង​ជួយ​ក្នុង​ការរក្សា​តម្លៃ​ស្រូវ​នៅ​រដូវ​ប្រមូលផល​នេះ​។ ក្រុមហ៊ុន​របស់ខ្ញុំ​គ្រោង​នឹង​ចំណាយ​ប្រហែល ៤ ​លាន​ដុល្លារ​ដើម្បី​ទិញស្រូវ​ក្នុង​ចំណោម​នេះ​គឺ​ប្រាក់​មួយចំនួន​ទៀត​គ្រោង​នឹង​ខ្ចី​ពី RDB»​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​ថា នឹង​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ឲ្យ​បាន ១ ​លាន​តោន​ត្រឹម​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​លោក សុង សារ៉ន ប្រធាន CRF បាន​ឲ្យ​ដឹង​កាលពី​ខែតុលា​ឆ្នាំមុន​។

លោក​និយាយថា​៖ «​ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ការនាំចេញ យើង​ត្រូវមាន​កញ្ចប់​ឥណទាន​អត្រា​ការប្រាក់​ពិសេស​ចំនួន ២០០ ​លាន​ដុល្លារ ដើម្បី​ទិញស្រូវ​ក្នុងអំឡុងពេល​រដូវ​ប្រមូលផល​»​។ លោក​បាន​បន្ថែមទៀតថា មូលនិធិ​ដែល​អាច​រកបាន​អាច​ទិញស្រូវ​ប្រហែល ៥០០ ០០០ ​តោន ជាពិសេស​ស្រូវ​ក្រអូប​នៅក្នុង​អំឡុង​រដូវ​ប្រមូលផល​ឆ្នាំនេះ​»​។

កាលពី​ឆ្នាំ ២០១៩ កម្ពុជា​នាំចេញ​អង្ករ​បាន ៦២០ ១០៦ ​តោន​ធ្លាក់ចុះ​ ០,៩៧ ​ភាគរយ​បើ​ធៀប​នឹង ៦២៦ ២២៥ តោន​កាលពី​ឆ្នាំ​ ២០១៨​។

តម្លៃ​សរុប​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ប្រហែល ៥០១ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ធ្លាក់ចុះ​ ៤,៣​ ភាគរយ បើ​ធៀប​ទៅនឹង​ ៥២៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​៕LA