ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ស្នើ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​ (ARDB) ​ពិចារណា​ពង្រីក​រយៈពេល​ទូទាត់​ប្រាក់កម្ចី​សង​ត្រឡប់​រហូតដល់​ ១២ ​ខែ​ដើម្បី​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ឲ្យ​សមាជិក​របស់ខ្លួន​កប​ដោយ​ប្រសិទ្ធភាព​។

ការស្នើសុំ​នេះ​ត្រូវ​បាន​ធ្វើ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ស្តីពី​វឌ្ឍនភាព និង​ស្ថានភាព​ផលប៉ះពាល់​នា​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ១៩ លើ​វិស័យ​ឯកជន​កាលពី​ថ្ងៃ​ពុធ​នៅ​ទីស្តីការ​សភា​ពាណិជ្ជកម្ម​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​រយៈពេល​សង​ត្រឡប់​នៃ​ការផ្តល់​កម្ចី​របស់ ARDB ហាក់​មាន​រយៈពេល​ខ្លី​ពេក​ (៦ ​ខែ​) ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ ដូច្នេះ CRF ស្នើសុំ​ឲ្យ ARDB ធ្វើការ​ពិចារណ​ពង្រីក​រយៈពេល​ឲ្យ​បាន​វែង​ជាង​មុន​។

លោក​បាន​អះអាង​ថា ការស្នើសុំ​នេះ​ដោយសារ​ការបង្វិល​ប្រាក់​ទូទាត់​សង​ត្រឡប់​វិញ​ហាក់​មាន​ការរាំងស្ទះ​ក្នុង​អំឡុងពេល​រដូវ​ប្រមូលផល​ម្តងៗ ព្រោះ​សមាជិក​របស់​លោក​កំពុង​មមាញឹក​ប្រមូល​ទិញស្រូវ ខណៈ​ដែល​ការបញ្ចេញ​លក់​ស្រូវ​មាន​ការយឺតយ៉ាវ​។

លោក​និយាយថា​៖ «​សមាជិក​ខ្ញុំ​ភាគច្រើន​និយាយ​ថា​រយៈពេល​សង​ប្រាក់កម្ចី​វិញ​លឿន​ពេក អ៊ីចឹង​វា​អត់​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ទិញស្រូវ​ឲ្យ​បាន​ខ្លាំងក្លា​ទេ ព្រោះ​លុយ​នៅក្នុង​ធនាគារ​ដដែល​។ យើង​ស្នើ​ឲ្យ​មាន​ការកែសម្រួល​ការផ្តល់ប្រាក់​កម្ចី​លើ​ស្តុក​ក្នុង​ថិរវេលា​យូរ​ជាង​មុន​»​។

បើ​យោងតាម​លោក សារ៉ន ដើម្បី​សម្រេច​បាន​ទិសដៅ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ១ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ចាំបាច់​ត្រូវការ​ទុនវិនិយោគ​ចន្លោះ​ពី ៨០ ទៅ​ ១២០ ​លាន​ដុល្លារ​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signature of Asia បាន​ឲ្យ​ដឹងថា បើ ARDB ទទួល​យក​សំណើ​នេះ វា​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការប្រមូល​ទិញស្រូវ​របស់​វិស័យ​ឯកជន ខណៈ​ក្រុមហ៊ុន​លោក​គ្រោង​នឹង​ទិញស្រូវ​ឲ្យ​បាន ២០ ​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូលផល​ស្រូវ​សែន​ក្រអូប​ដែល​នឹង​ចាប់ផ្តើម​ច្រូតកាត់​នៅ​ខែក្រោយ​។

លោក​និយាយថា​៖ «​យើង​ចង់​បាន​រយៈពេល​យូរ ដើម្បី​អាច​ប្រើប្រាស់​ប្រាក់កម្ចី​ឲ្យ​អស់​លទ្ធភាព​។ ការទូទាត់​ប្រាក់កម្ចី​កៀក​ពេក​បាន​ធ្វើឲ្យ​យើង​ជួប​ឧបសគ្គ​ខ្លះ​ដែរ​។ បើ​អាច​បាន​ដល់​រយៈពេល​ ១ ​ឆ្នាំ វា​កាន់តែ​ប្រសើរ​»​។

លោក កៅ ថាច់ អគ្គនាយក ARDB មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ទោះយ៉ាងណា​លោក សុង សារ៉ន បាន​ឲ្យ​ដឹងថា សំណើ​នេះ​ត្រូវបាន ARDB ទទួល​យក និង​សន្យាថា​យក​ទៅ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។

ARDB បាន​បញ្ចេញ​មូលនិធិ ៥០ ​លាន​ដុល្លារ​ជា​ផ្លូវការ​កាលពី​ខែមីនា សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុនតូច និង​មធ្យម​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​ក្នុង​អត្រា​ការប្រាក់​ទាប​។ បច្ចុប្បន្ន ARDB បាន​ផ្តល់​កម្ចី​ចាប់ពី ១០ ០០០-៣០០ ០០០ ​ដុល្លារ​ ជាមួយ​នឹង​អត្រា​ការប្រាក់ ៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ទុន​បង្វិល និង ៥,៥ ភាគរយ​សម្រាប់​ទុនវិនិយោគ​ដោយ​មិន​គិត​កម្រៃ​សេវា​ផ្សេងៗ​៕ LA