ភ្នំពេញៈ​ ក្រុមហ៊ុន​ធ្វើ​ផលិតផល​សម្រាប់​ការ​​វេច​ខ្ចប់​​មាន​មូលដ្ឋាន​នៅ​អាមេរិក Crown Holdings Inc ​នៅ​ខែ​​មករា​​ បាន​ដាក់​ដំណើរការ​​ខ្សែ​ចង្វាក់​​ផលិតកម្ម​​ផលិត​សម្បក​កំប៉ុង​ទី​៣ ​របស់​ខ្លួន​​នៅ​ភ្នំពេញ​ ជា​អ្វី​ដែល​ក្រុមហ៊ុន​​លើក​​ឡើង​ថា ​ជា​ផ្នែក​មួយ​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​​នៅ​ទីផ្សារ​អន្តរ​ជាតិ​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​កាល​ពី​ម្សិលមិញ។

យោង​​តាម​សេចក្តី​ជូន​ដំណឹង​ក្នុង​របាយការណ៍​ប្រចាំ​ត្រី​មាស​ទី​៤​ ​ឆ្នាំ ​២០១៨ ​ក្រុមហ៊ុន​ Crown Holdings Inc ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​ក្រុង​ញូវយ៉ក​បាន​ឲ្យ​ដឹង​ថា​ ការ​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​ថ្មី​នេះ​គឺ ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​សម្បក​កំប៉ុង​សម្រាប់​ការ​​វេច​ខ្ចប់​ផលិតផល​ស្រាបៀរ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ភេសជ្ជៈ​ប្រភេទ​​តែ​​ជា​ដើម។ ​

សេចក្តី​ជូន​ដំណឹង​ក្នុង​របាយការណ៍​របស់​​ក្រុមហ៊ុន​ Crown Holdings​ បាន​លើក​ឡើង​ថា​៖​ «​នៅ​ខែ​មករា​ឆ្នាំ ២០១៩ ​យើង​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ខ្សែ​ចង្វាក់​ផលិតកម្ម​ទី​៣ របស់​យើង​​នៅ​ភ្នំពេញ​»។

ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ជាក់​លម្អិត​ពី​​ចង្វាក់​ផលិត​កម្ម​ថ្មី​នេះ​ដូច​ជា​សមត្ថភាព​ផលិតកម្ម ដើម​ទុន​វិនិយោ​គ ឬ ទីតាំង​ជាក់លាក់​នោះ​ទេ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ក្នុង​​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​៤ ​របស់​ខ្លួន​នោះ​ទេ​។

Crown Asia Pacific ​ជា​ក្រុមហ៊ុន​បុត្រ​​សម្ព័ន្ធ​​មាន​មូលដ្ឋាន​នៅ​ប្រទេស ​សិង្ហបុរី ​របស់​ Crown Holdings បាន​​មាន​ប្រតិបត្តិការ​​នៅ​ក្នុង​ប្រទេស​មួយ​​ចំនួន​ក្នុង​ការ​ផលិត​​សំបក​កំប៉ុង​ស្រាបៀរ​ ដូច​ជា​នៅ​ កម្ពុជា ​ចិន​ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី ​សិង្ហបុរី ថៃ ​និង​វៀតណាម​ ដែល​ការ​​​លក់​​​ពី​ឆ្នាំ ​២០១៨ ​ចំនួន ១,៣១ ​ពាន់​លាន​ដុល្លារ ​កើន​ឡើង​ពី ​១,១​៧​ ពាន់​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ ​២០១៧​។​

​ក្រុមហ៊ុន​ Crown​ បាន​ចូល​មក​កម្ពុជា​ដំបូង​កាល​ពី​ឆ្នាំ​ ២០០៧ ជា​មួយ​នឹង​ចង្វាក់​ផលិត​តែ​មួយ​គត់​នៅ​​ក្រុង​ព្រះសីហនុ។ ​ដល់​ពាក់​កណ្ដាល​ឆ្នាំ ​២០១៦ ​​Crown ​ប្រតិបត្តិការ​រោងចក្រ​​​ផលិត ​៣ ​នៅ​កម្ពុជា ២ ​​នៅ​​​​ភ្នំពេញ​ និង ​១ ​នៅ​ខេត្ត​ព្រះសីហនុ៕LA