ភ្នំពេញៈ ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) កាល​ពី​ម្សិលមិញ​បាន​រៀបចំ​សិក្ខា​សាលា​បង្ហាញ​ពី​យុទ្ធសាស្រ្ត​ជួញ​​ដូរ​របស់​វិនិយោគិន​ក្នុង​ផ្សារហ៊ុន​ ៨ នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​នៃ​ការ​ប្រកួត​ប្រជែង​ជួញ​ដូរ​ភាគហ៊ុន​ ដែល​សុទ្ធ​សឹង​បាន​ទទួល​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ​ក្នុង​​ទីផ្សារ​ក្មេង​ខ្ចី​មួយ​នេះ។

វិនិយោគិន​ទាំង​ ៨ នាក់​ដែល​បាន​ចូល​​រួម​ការ​​ប្រកួត​ប្រជែង​រយៈ​ពេល ​៣ ខែ​​សុទ្ធ​សឹង​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​ជួញ​ដូរ​ហ៊ុន​ដែល​ប្រាក់​ចំណេញ​មាន​​ចន្លោះ​ពី ​៨៥ ​ភាគរយ ​ដល់ ​២៤៧ ​ភាគរយ​។ ​

ការ​ប្រកួត​ប្រជែង​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ត្រូវ​មាន​ទុន​ជួញ​ដូរ​អប្បបរមា ​១០០ ​ដុល្លារ​ សម្រាប់​រយៈ​ពេល​ចាប់​ពី​ថ្ងៃ​ទី ​៣០ ខែ​តុលា ​ដល់​ថ្ងៃ​ទី ​១៨ ខែ​មករា​ ឆ្នាំ ​២០១៩​។​

លោក ​ទៀង ​ឆ្នើម ​ដែល​ជា​ពេទ្យ​ធ្មេញ​ជា​ជើង​ឯក​នៅ​ក្នុង​​ការ​ប្រកួត​ប្រជែង​នេះ ​ដែល​ទទួល​រង្វាន់​ ៨ ​លាន​​រៀល​ (​២ ០០០​ដុល្លារ) ​ជា​សាច់​ប្រាក់​សុទ្ធ​។ ​លោក​បាន​បង្កើន​​ប្រាក់​ចំណេញ​​របស់​លោក​ពី​ការ​ទិញ​លក់​ភាគហ៊ុន​​រហូត​ដល់​ ២៤៧ ​ភាគរយ ​ក្នុង​ការ​​ប្រកួត​ប្រជែង​រយៈ​ពេល ​៣ ខែ​ ដែល​​ទឹក​ប្រាក់​វិនិយោគ​របស់​លោក​បាន​កើន​ឡើង​ពី ​៤០០ ​០០០ ​រៀល ​(១០០ ដុល្លារ)​ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រកួត​​ប្រជែង​នេះ​ដល់ ​១,​៣៩ ​លាន​រៀល (៣៤៨ ​ដុល្លារ) ​នៅ​ថ្ងៃ​ប្រកួត​ប្រជែង​ចុង​ក្រោយ​។​

អ្នក​ស្រី​ សោម ​នី​ អ្នក​ឈ្នះ​លេខ ​២​ ខណៈ​ប្រាក់​ចំណេញ​​របស់​អ្នក​ស្រី​កើន​ឡើង ​៩៤ ​ភាគរយ​ពី ​១,២៨ ​លាន​រៀល​នៅ​ថ្ងៃ​ដំបូង ​ដល់​ ២,​៤៩ ​លាន​រៀល​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ប្រជែង​នេះ។ អ្នក​ឈ្នះ​ ​៦ រូប​ផ្សេង​ទៀត​បាន​ទទួល​បាន​ប្រាក់​ចំណេញ​កើន​ឡើង​យ៉ាង​ហោច​ណាស់ ​៨៥ ​ភាគរយ​។​

លោក ​ទៀង ​ឆ្នើម ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​លោក​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​ដោយ​ធ្វើ​ការ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​ Grand Twins International (GTI) ​ដោយ​ទិញ​ក្នុង​តម្លៃ​ ៣ ៣០០​រៀល​​ប៉ុណ្ណោះ​​ក្នុង ​១ ​ភាគហ៊ុន ​ហើយ​​បន្ទាប់​មក​ចាប់​ផ្ដើម​ការ​ជួញ​ដូរ​ភាគហ៊ុន​ផ្សេង​ទៀត​នៅ​ពេល​​មើល​ឃើញ​ឱកាស​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ទិញ ​និង​លក់​ភាគហ៊ុន​ផ្សេង​ទៀត​ នៅ​ពេល​​ខ្ញុំ​ឃើញ​មាន​​ឱកាស​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​»។ លោក​បន្ត​ថា​៖ «ខ្ញុំ​ចំណាយ​ពេល​វេលា​ក្នុង​ការ​ពិនិត្យ​ការ​ប្រែប្រួល​តម្លៃ​របស់​ភាគហ៊ុន​នី​មួយៗ​ និង​តាម​ដាន​ភាគហ៊ុន​មាន​សក្ដានុពល​ណា​មួយ​ដើម្បី​ជួញ​ដូរ​»។​

ក្នុង​អំឡុង​ការ​ប្រកួត​​ប្រជែង​នេះ ​តម្លៃ​​ភាគហ៊ុន​របស់​ GTI​ កើន​ឡើង​ ៦៦ ​​ភាគរយ​ពី​ ៣ ៣០០ ​រៀល ដល់​ ៥ ៥០០ ​​រៀល​។ ​តម្លៃ​ភាគហ៊ុន​របស់​កំពង់​​ផែ​ព្រះសីហនុ ​(PAS) ​កើន​ឡើង​​ ៩៥ ​ភាគរយ​ ពី​ ៦ ៤០០ ​រៀល​ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រកួត​ប្រជែង​ដល់​ ១២ ​៥០០ ​រៀល​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ​ខណៈ​កំពង់​ផែ​ភ្នំពេញ ​(PPAP )​​ កើន​ឡើង​ពី​ ៦ ៤០០ ​រៀល​ក្នុង ​១ ភាគហ៊ុន ​ដល់ ​១១ ​២០០ ​រៀល​ក្នុង​ ១​ ភាគហ៊ុន។ ​តម្លៃ​ភាគហ៊ុន​របស់​ រដ្ឋាករទឹក ​(PWSA) ​កើន​ឡើង ​៤០ ​ភាគរយ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP)​ កើន​ឡើង​ ​១៣​ ភាគរយ​ ក្នុង​អំឡុង​ការ​ប្រកួត​ប្រជែង​នេះ​។​

លោក Jong Weon-ha ​​ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​របស់​ CSX បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា រឿងរ៉ាវ​ប្រកប​ដោយ​ជោគជ័យ​របស់​អ្នក​ឈ្នះ ​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ​របស់​ពួក​គេ​ ឆ្លុះ​បញ្ចាំង​ពី​សារៈ​សំខាន់​ និង​សក្ដានុពល​កំណើន​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​។​

លោក​ថ្លែង​ថា​៖ «​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ប្រជាជន​ជា​ច្រើន​កំណត់​ទិស​ដៅ​​ក្នុង​ការ​វិនិយោគ​ខាង​អចលន​ទ្រព្យ ប៉ុន្តែ​លទ្ធផល​បាន​ពី​ការ​ប្រកួត​ប្រជែង ​គឺ​ជា​ភ័ស្ដុតាង​ដ៏​រឹងមាំ​ ក្នុង​ការ​បង្ហាញ​ថា វា​មាន​សក្ដានុ​ពល​ក្នុង​ការ​ដាក់​ការ​វិនិយោគ​របស់​ពួក​គេ​​នៅ​ទី​នេះ ​CSX ​ដើម្បី​​ទទួល​បាន​​ប្រាក់​ចំណេញ​ខ្ពស់​»។​

លោក​ថ្លែង​ថា៖ «​នេះ​​ជា​សញ្ញា​វិជ្ជមាន​មួយ​ ដែល​បង្ហាញ​កំណើន​ថ្មី​មួយ​សម្រាប់​ផ្សារហ៊ុន​របស់​​​​កម្ពុជា​ក្នុង​ការ​បន្ត​ទាក់​ទាញ​ចំណាប់​អារម្មណ៍​បន្ថែម​ទៀត​ពី​​ក្រុម​វិនិយោគិន​»​៕LA​