ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX ) កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឲ្យ​ម្ចាស់​សហគ្រាស​កម្ពុជា​កៀរគរ​ប្រភព​ទុន​ពី​មូលនិធិ​វិនិយោគ​ឯកជន ដែល​កំពុង​កើនឡើង ដោយ​បញ្ជាក់​ថា វា​ជា​ប្រភព​ទុន​ថ្មី​មួយ​ដើម្បី​ឲ្យ​អាជីវកម្ម​រីកលូតលាស់​លឿន និង​ជួយ​បង្កើត​ស្តង់ដារ​អាជីវកម្ម​ដែល​ងាយស្រួល​ក្នុងការ​ចុះ​បញ្ជី​លក់​ភាគហ៊ុន​នៅ​ថ្ងៃ​ក្រោយ​។

ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​សិក្ខាសាលា​មួយ​ស្ដីពី «​ការប្រមូល​ទុន​ពី​មូលនិធិ​វិនិយោគឯកជន លោក ហុង សុខហួរ អគ្គនាយក CSX បាន​ថ្លែង​ថា មាន​មូលនិធិ​វិនិយោគ​កាន់តែ​ច្រើន​ដែល​អាច​រក​បាន​សម្រាប់​សហគ្រិន​កម្ពុជា ហើយ​ពួកគេ​គួរតែ​ត្រៀម​ខ្លួន ដើម្បី​ទទួល​ប្រាក់​ពី​មូលនិធិ​នេះ សម្រាប់​ការពង្រីក​អាជីវកម្ម​។

យោង​តាម​លោក​ ហុង សុខ ហួរ ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ឯកជន​មិន​គ្រាន់តែ​ជា​ប្រភព​មួយ​សម្រាប់​ប្រាក់​នោះទេ ប៉ុន្តែ​ថែម​ទាំង​មាន​ក្រុម​ជំនាញ ដើម្បី​ផ្ដល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ផ្ដល់​ការប្រឹក្សា​យោបល់​ផ្នែក​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​យើង​បាន​ប្តូរ​យុទ្ធសាស្ត្រ​យើង​ពី​ការស្វែងរក​ក្រុមហ៊ុន​មក​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​តែ​មួយ​មុខ មក​ជា​បង្កើត​គំនិត​ផ្តួចផ្តើម​ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME) ឲ្យ​រីកចម្រើន​កាន់តែ​លឿន​»​។

លោក​បន្ថែម​ថា​សហគ្រាស​ដែល​អាច​ទទួល​ដើមទុន​ពី​មូលនិធិ​វិនិយោគឯកជន​ និង​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព​។

លោក​បន្ត​ថា​៖ «​នៅពេល​ដែល​ពួកគាត់​រីកចម្រើន​កាន់តែ​ធំ​ទៅៗ​នា​ពេល​អនាគត គាត់​នឹង​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន និង​ពេល​នេះ​វា​នឹង​មាន​ភាពងាយស្រួល​សម្រាប់​ពួកគាត់​»​។

លោក កឹម បូរ៉ា នាយក​ក្រុមហ៊ុន Mekong Strategic Partners បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ទីផ្សារ​មូលនិធិ​វិនិយោគ​ឯកជន​កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​ក្រុមហ៊ុន​កាន់តែ​ច្រើន​បម្រុង​ទុក​មូលនិធិ​កាន់តែ​ច្រើន ដើម្បី​គាំទ្រ​កំណើន​របស់ SME​។

ខណៈ​មាន​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ជាច្រើន​នៅ​ក្នុង​ទីផ្សារ​នេះ លោក កឹម បូរ៉ា ថ្លែង​ថា​ក្រុមហ៊ុន​ធំៗ​ចំនួន​ ៥ រួម​គ្នា​មាន​ទុនបម្រុង​សរុប​ប្រហែល ៣០០ លាន​ដុល្លារ​។ ក្រុមហ៊ុន​ទាំងនោះ​រួម​មាន ក្រុមហ៊ុន IFC ជា​សាខា​ផ្ដល់​កម្ចី​របស់​ធនាគារ​ពិភពលោក ក្រុមហ៊ុន EMIA ក្រុមហ៊ុន Belt Road Capital Management (BRCM) ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន Leopard Capital ។

លោក​ថ្លែង​ថា​៖ «​មាន​មូលនិធិ​វិនិយោគ​កាន់តែ​ច្រើន​ដែល​អាច​រក​បាន​សម្រាប់ SME ដើម្បី​រីកចម្រើន ប៉ុន្តែ​វា​គ្រាន់តែ​ជា​បញ្ហា​ថា​តើ​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់ និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​មូលនិធិ​នេះ​ហើយ​ឬ​នៅ​?»​។

លោកស្រី ព្រំ ផារ៉ាវត្តី អគ្គនាយក​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត ATA Telecom បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោកស្រី​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​មូលនិធិ​បាន​ពី​សាច់ញាតិ និង​មិត្តភក្តិ ហើយ​បាន​កម្រិត​ឱកាស​រីកចម្រើន ដោយសារ​មូលធន​នៅ​មាន​កម្រិត​។

លោកស្រី​ថា​​ បើ​អាច​ទទួល​បាន​មូលនិធិ​ពី​ក្រុមហ៊ុន​មូលនិធិ វិនិយោគ នឹង​ជួយ​ឲ្យ​លោកស្រី​រីកចម្រើន​បាន​កាន់តែ​រហ័ស​។

លោកស្រី​បន្ត​ថា​៖ «​វា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​ការទទួល​មូលនិធិ​ពី​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ ប៉ុន្តែ​វា​កាន់​តែ​ប្រសើរ​ត្រូវ​ដឹង​ពី​លក្ខណវិនិច្ឆ័យ​នៅពេល​នេះ និង​រៀបចំ​ខ្លួន​ជា​មុន ដើម្បី​ទទួល​បាន​មូលនិធិ​នេះ​ពេល​អនាគត​»៕ LA