ភ្នំពេញៈ ផ្សារ​មូលបត្រ​កម្ពុជា (CSX) នឹង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នូវ​ប្រព័ន្ធ​ជួញដូរ​ចល័ត (MTS) តាម​អនឡាញ​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​វិនិយោគិន​ជួញដូរ​មូលបត្រ​ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ដោយ​ប្រើប្រាស់​ស្មាតហ្វូន និង​ឧបករណ៍​ចល័ត​ផ្សេង​ទៀត​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ផ្សារហ៊ុន​។

ប្រព័ន្ធ​ជួញដូរ​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​ ២៥ ខែ​មិថុនា​ហើយ​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​នេះ វិនិយោគិន​ត្រូវ​មាន​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូលបត្រ​ណា​មួយ​ដែល​ជា​សមាជិក​របស់ CSX និង​បាន​ចុះ​ឈ្មោះ​ជាមួយ​ CSX​។

ប្រព័ន្ធ​ជួញដូរ​ចល័ត​គឺជា​ប្រព័ន្ធ​ជួញដូរ​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ក្រោម​ការជួយ​គាំទ្រ​ពី​សំណាក់​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ដោយ​ដំណើរការ​នៅ​លើ browser ដែល​មាន​ស្រាប់​នៅ​លើ​ស្មាតហ្វូន និង Tablet​។

ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ដាក់​ការបញ្ជា​ជួញដូរ កែប្រែ និង​លុបចោល​ការបញ្ជា​របស់​ខ្លួន​បាន​ដោយ​ខ្លួនឯង​។

លោក ល្មុន សូឡី ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​ឲ្យ​ដឹងថា MTS គឺជា​ប្រព័ន្ធ​ថ្មី​សម្រាប់​ក្រុម​វិនិយោគិន​ប្រើប្រាស់​ចូល​ទៅ​ក្នុង​ទីផ្សារ​មូលបត្រ​ដោយ​ផ្ទាល់​នូវ​ប្រព័ន្ធ​ដំណើរការ​លើ​អ៊ីនធឺណិត​។

លោក​ថ្លែង​ថា​៖ «​ជាមួយ​ប្រព័ន្ធ​ថ្មី​នេះ ក្រុម​វិនិយោគិន​អាច​ចូល​ទៅ​ក្នុង​ទីផ្សារ​មូលបត្រ​បាន​ភ្លាមៗ​នៅ​គ្រប់​កន្លែង និង​គ្រប់​ពេល​នៅ​ពេល​ដែល​ពួកគេ​មាន​សេវា​អ៊ីនធឺណិត ពួកគេ​មិន​ចាំបាច់ «​ឆ្លងកាត់​តាម​» ក្រុមហ៊ុន​កម្រៃ​ជើងសារ​នោះ​ទេ​»​។

លោក​បន្ត​ថា​៖ «​ក្រុម​វិនិយោគិន​អាច​តាមដាន​ព័ត៌មាន​យ៉ាង​​ដិតដល់​នៅ​ក្នុង​ផ្សារហ៊ុន​នេះ​»​។

លោក ល្មុន សូឡី បន្ថែម​ថា​នៅ​ពេល​នេះ​វា​នៅ​ក្នុង​ដៃ​របស់​ពួកគេ ការទិញ ឬ​ការលក់ ភាគហ៊ុន​ភ្លាមៗ​ពេល​ឱកាស​កើនឡើង ដើម្បី​រកប្រាក់​ចំណេញ​នៅក្នុង​អំឡុង​ពេល​ខ្លី​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រព័ន្ធ​នេះ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​អំឡុងពេល​នៃ​ការដាក់​ឲ្យ​ដំណើរការ​បឋម​នេះ ហើយ​នឹង​ត្រូវ​បន្ត​រយៈពេល​ ១ ​ឆ្នាំ​ទៀត​ បន្ទាប់ពី​ការប្រកាស​ដាក់​ដំណើរការ​ជា​ផ្លូវការ​ដែល​នឹង​ប្រកាស​នៅ​ពេល​ក្រោយ​។

លោកស្រី យឹម រ៉ាដែន ប្រធាន​ប្រតិបត្តិការ​នៅ​ក្រុមហ៊ុន​មូលបត្រ Yuanta Securities បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការប្រើប្រាស់​ប្រព័ន្ធ MTS គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ផ្សេង​ទៀត​សម្រាប់​ផ្សារ​មូលធន​កម្ពុជា​។ វា​នឹង​ដាក់​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ស្រដៀង​គ្នា​នឹង​ផ្សារ​មូលធន​ផ្សេង​ទៀត​នៅក្នុង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។

លោកស្រី​ថ្លែង​ថា​៖ «​វា​ត្រូវ​បាន​រំពឹង​ផង​ដែរ​ថា​នឹង​ជួយ​បង្កើន​សាច់ប្រាក់​ងាយស្រួល​ផ្នែក​ទីផ្សារ​ដែល​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​ហើយ​ទីបំផុត​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​កាន់តែ​ច្រើន​ឲ្យ​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​នេះ​»​។

លោកស្រី​បន្ត​ថា​៖ «​ប្រព័ន្ធ​នេះ​នឹង​ជួយ​ផ្សារ​មូលបត្រ​យ៉ាង​ខ្លាំង​។ ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​វា​នឹង​ជួយ​ដាក់​ការបញ្ជាទិញ និង​អនុវត្ត​ដោយ​ស្វ័យប្រវត្តិ​ដែល​នឹង​កាត់​បន្ថយ​កម្លាំង​មនុស្ស កែលម្អ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព បង្កើន​ល្បឿន​ការប្រតិបត្តិការ​»៕LA