ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នឹងរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជី (The First Listed Company Forum) ជាលើកដំបូងរបស់ខ្លួនដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្តដល់សាធារណជនសម្រាប់វិស័យមូលបត្រនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX កាលពីថ្ងៃម្សិលមិញ។
CSX កន្លងមកបានរៀបចំពិព័រណ៍ផ្សារហ៊ុនជាច្រើនលើករួចមកហើយដើម្បីបង្កើនការយល់ដឹងសម្រាប់សាធារណជនទៅលើផ្សារមូលបត្រដ៏ក្មេងខ្ចីរបស់កម្ពុជា។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញបាននិយាយថា វេទិកានេះនឹងរៀបចំឡើងនៅពាក់កណ្តាលខែកញ្ញាដែលនឹងអនុញ្ញាតឲ្យវិនិយោគិន និងសាធារណជនបានស្តាប់ និងជួបពិភាក្សាផ្ទាល់ជាមួយអ្នកជំនាញរបស់ក្រុមហ៊ុនចុះបញ្ជីនីមួយៗ។
លោកបន្តថាកន្លងមកក្រុមហ៊ុនចុះបញ្ជីតែងផ្សព្វផ្សាយពីសកម្មភាពការងាររបស់ខ្លួនជារៀងរាល់ ៣ ខែម្តងទៅដល់សាធារណជនតាមរយៈគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា តែនៅពេលមានវេទិកានេះគឺគេអាចធ្វើការផ្សព្វផ្សាយ និងសាកសួរព័ត៌មានដោយផ្ទាល់ជាមួយវិនិយោគិន និងសាធារណជនទូទៅ។
លោកបានថ្លែងថា៖ «វេទិកានេះពិតជាមានសារៈសំខាន់ណាស់ ព្រោះជាវេទិកាដែលបើកឱកាសឲ្យវិនិយោគិន និងសាធារណជនបានជួបគ្នាដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនដែលបានចុះបញ្ជី និងកំពុងមានសកម្មភាពក្នុងទីផ្សារមូលបត្រកម្ពុជា»។
លោកបានបន្តថា៖ «យើងរំពឹងថាវេទិកានេះនឹងជួយធ្វើឲ្យវិសាលភាពទីផ្សារមូលបត្រកម្ពុជាកាន់តែមានភាពធំទូលាយបន្ថែមទៀត»។
ប្រធានបទសំខាន់ៗដែលនឹងត្រូវលើកយកមកបង្ហាញក្នុងវេទិកានេះរួមមាន យុទ្ធសាស្ត្រអាជីវកម្ម សក្តានុពលការរីកចម្រើននៃវិស័យមូលបត្រ សក្តានុពលនៃការរីកចម្រើនរបស់ក្រុមហ៊ុនវឌ្ឍនភាពនៃប្រាក់ចំណេញ និងធាតុផ្សេងៗជាច្រើនទៀតក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសនីមួយៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ក្នុងវេទិកានេះក៏នឹងមានការចូលរួមចែករំលែកការវិភាគលើព័ត៌មាន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចុះបញ្ជីពីអ្នកជំនាញមកពីក្រុមហ៊ុនមូលបត្រក៏ដូចជាការជួយជំរុញការជួញដូរនៅលើទីផ្សារតាមរយៈការបំពេញបន្ថែមនូវកង្វះខាតព័ត៌មានរបស់ក្រុមហ៊ុនចុះបញ្ជីសម្រាប់វិនិយោគិនផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានឹងរៀបចំវេទិកានេះជារៀងរាល់ត្រីមាសតែម្តង។
បច្ចុប្បន្ននេះនៅផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ៥ កំពុងដំណើរការជួញដូរ គឺរដ្ឋាករទឹកស្វយ័តភ្នំពេញ កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្គ្រេនធ្វីនអ៊ីនធើណេសិនណល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈពេលឆាប់ៗនេះអាចនឹងមានក្រុមហ៊ុន ២ បន្ថែមទៀតគឺក្រុមហ៊ុន Pestech Cambodia និងក្រុមហ៊ុន ASA ដែលជាម្ចាស់ភាគហ៊ុនភាគច្រើនមួយរបស់ធនាគារអេស៊ីលីដា ត្រូវគេរំពឹងថានឹងឡើងផ្សារហ៊ុននៅឆ្នាំនេះផងដែរ៕ LA