ភ្នំពេញៈ តំណាង​ផ្សារ​មូលបត្រ​កម្ពុជា (CSX) កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ជំនាញ​ផ្នែក​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ភាព​ជា​សហគ្រិន​នៅ​កម្ពុជា​ក្នុង​គោលដៅ​សហការ​បង្កើន​ការយល់ដឹង​របស់​ពាណិជ្ជករ​ខ្នាត​តូច​អំពី​​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​លទ្ធភាព​ទទួល​បាន​ប្រភព​ទុន​ពី​ផ្សារភាគហ៊ុន​។

CSX បាន​ចុះ​អនុស្សរណៈ​​នៃ​ការយោគយល់​គ្នា​នេះ​ជាមួយ​ក្រុមហ៊ុន Successco ដែល​ជា​ស្ថាប័ន​ទើប​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០១៧ ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​គំនិត​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​។ មក​ទល់​ពេល​នេះ Successco មាន​សមាជិក​ ៥០ ​នាក់​ជា​សហគ្រិន​។

លោក ហុង សុខហួរ អគ្គនាយក CSX បាន​ស្វាគមន៍​កិច្ចព្រមព្រៀង​នេះ​ថា​ជា​ឱកាស​មួយ​ក្នុង​ការ​ពង្រីក​ជម្រើស​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ​របស់​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ប្រជាជន​ជាច្រើន​ដែល​បាន​ដំណើរការ​អាជីវកម្ម​ល្អ និង​មាន​គំនិត​អាជីវកម្ម​ល្អ ប៉ុន្តែ​ពួកគេ​មិន​អាច​រីកចម្រើន​ទៅ​ដល់​សក្ដានុពល​ពេញលេញ​បាន​ទេ ដោយសារ​កង្វះ​យុទ្ធសាស្ដ្រ​ហិរញ្ញវត្ថុ​»​។ លោក​បាន​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ផ្ដល់​ការ​​រួមចំណែក​ដ៏ធំ​ក្នុង​ការបង្កើន​កំណើន​បន្ថែម​ទៀត​របស់​សហគ្រិន​កម្ពុជា​»​។

កិច្ចព្រមព្រៀង​នេះ​គឺជា​ជំហាន​ដំបូង​សម្រាប់ CSX ហើយ​ផ្សារហ៊ុន​នេះ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ MoU ផ្សេង​ទៀត​ជាមួយ​នឹង​អគ្គនាយក​ក្រុមហ៊ុន Master Club ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្ដល់​ការបណ្ដុះបណ្ដាល​អាជីវកម្ម និង​បណ្ដាញ​ដល់​អ្នកគ្រប់គ្រង និង​ម្ចាស់​ក្រុមហ៊ុន​ធុន​តូច​។

លោក ស៊ីម តារា អគ្គនាយក​ក្រុមហ៊ុន Successco បាន​ថ្លែង​ថា យុទ្ធសាស្ដ្រ​ហិរញ្ញវត្ថុ​ដែល​សហគ្រិន​កម្ពុជា​អាច​ទទួល​បាន​មូលនិធិ​ពី​ក្រុមហ៊ុន​ផ្សេង​ទៀត​តាមរយៈ​ផ្សារហ៊ុន​​គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏ល្អ​ដែល​សហគ្រិន​កម្ពុជា​ត្រូវ​តែ​យល់ដឹង​។

លោក​បន្ថែម​ថា សហគ្រិន​ជាច្រើន​តែងតែ​ផ្ដោត​ភាគច្រើន​លើ​យុទ្ធសាស្ដ្រ​ទីផ្សារ ប៉ុន្តែ​មិនមែន​យុទ្ធសាស្ដ្រ​ហិរញ្ញវត្ថុ​នោះ​ទេ ដែល​បាន​រារាំង​ដល់​សក្ដានុពល​កំណើន​។

លោក​ថ្លែង​ថា​៖ «​យើង​ត្រូវតែ​ដឹង​ថា យុទ្ធសាស្ដ្រ​ទីផ្សារ និង​ហិរញ្ញវត្ថុ​ចាំបាច់​ត្រូវធ្វើ​ស្រប​គ្នា​ដើម្បី​បង្កើន​កំណើន​អាជីវកម្ម​»​។ លោក​បន្ថែម​ថា ការទទួល​បាន​កិច្ចសហការ​ជាមួយ CSX ដើម្បី​បង្កើន​ការយល់ដឹង​របស់​សហគ្រិន​ស្ដីពី​នីតិវិធី​ក្នុង​ការ​ទទួល​បាន​មូលនិធិ​តាមរយៈ​ផ្សារហ៊ុន​នឹង​មាន​ប្រយោជន៍​។

CSX បាន​ជម្នះ​ក្នុង​ការ​ទាក់ទាញ​ការចុះបញ្ជី ជាពិសេស​ពី SME​។ កាលពី​ចុង​ឆ្នាំ​​ ២០១៥ ផ្សារហ៊ុន​នេះ​បាន​បង្កើត​ទីផ្សារ​កំណើន ដើម្បី​ស្វែងរក​ការ​ទាក់ទាញ​ការចុះ​បញ្ជី​របស់ SME ដោយ​ការ​បន្ទាប​តម្រូវការ​ទុន​ពី ៧,៥ លាន​ដុល្លារ​មក​នៅត្រឹម ៥០​ ​ម៉ឺន​ដុល្លារ និង​កាត់បន្ថយ​តម្រូវការ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ធ្វើ​សវនកម្ម​រួច​។ វិធានការ​នេះ​មិន​ទាន់​ទាក់ទាញ​ក្រុមហ៊ុន​មួយ​នៅ​ឡើយ​ទេ​៕ LA