ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​(CSX)​ បាន​សម្រេច​ឯកភាព​​ជា​គោលការណ៍ ​លើ​ពាក្យ​​ស្នើសុំ​ពិនិត្យ​លទ្ធភាព​លក់​​មូលបត្រ​បំណុល​របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី ​(ABA) ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​កាល​ពី​ថ្ងៃ​​ម្សិលមិញ​។

បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ពី​ CSX ធនាគារ​ ABA ត្រូវ​​ទទួល​ការ​យល់ព្រម​ឲ្យ​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ជា​សាធារណៈ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​បន្ត​ទៀត។

ធនាគារ​​វឌ្ឍនៈ​អាស៊ី​លីមីធីត (ABA​ Bank)​ ដែល​សមាជិក​របស់​​​ធនាគារ​ជាតិ​​កាណាដា​នឹង​​ក្លាយ​ជា​​​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​​ទី៣​ ដែល​នឹង​បោះ​ផ្សាយ​មូលបត្រ​បំណុល​ក្នុង​ផ្សារហ៊ុន​កម្ពុជា​ បន្ទាប់​ពី​​ធនាគារ​នេះ​បាន​ទទួល​​​ការ​​យល់ព្រម​​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)។​

ធនាគារ ​ABA គ្រោង​នឹង​ប្រមូល​​មូលនិធិ​ ១០០ ​ពាន់​លាន​រៀល​ ​(២៥ ​លាន​ដុល្លារ​) តាមរយៈ​ការ​ចេញ​មូលបត្រ​សាជីវកម្ម​​លើក​ដំបូង​របស់​ខ្លួន​​នៅ​ទីផ្សារ​មូលធន​​កម្ពុជា​។​

មូលបត្រ​បំណុល​នេះ​នឹង​​មាន​​រយៈពេល​ ​៣ ឆ្នាំ​ ជាមួយ​នឹង​អត្រា​​​ការ​​ប្រាក់​ប្រចាំ​ឆ្នាំ​ពី ​៧ ​ភាគរយ ​ដល់ ​៧,​៧៥ ​ភាគ​រយ​។​ ប្រាក់​​ដែល​បាន​មក​ពី​ការ​​​ចេញ​មូលបត្រ​បំណុល​នេះ​ នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ចំណាយ​លើ​ប្រតិបត្តិការ​ ក៏​ដូច​ជា​បង្កើន​កម្ចី​សម្រាប់​​អាជីវកម្ម​ផ្ដល់​ផង​ដែរ​​។ នេះ​បើ​យោង​តាម​​ធនាគារ​​។​

សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​​ធនាគារ​បាន​ឲ្យ​ដឹង​ថា​​៖ «​ប្រាក់​នេះ ​នឹង​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​បំផុត​ សហគ្រាស​​ធុន​តូច​ និង​មធ្យម ដែល​រួម​ទាំង​សហគ្រិនភាព​ស្ដ្រី​នៅ​ក្នុង​ប្រទេស ​​កម្ពុជា ​​ផង​ដែរ​»៕LA