ភ្នំពេញៈ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA) ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ជាមួយ​ក្រសួង​កិច្ចប្រតិបត្តិការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហូឡង់​ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​។

ប្រធាន CWEA លោកស្រី កែវ មុំ និង​លោកស្រី Henrique Postmar Hazelaar តំណាង​ក្រសួង​កិច្ចប្រតិបត្តិការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហូឡង់​បាន​ចុះហត្ថលេខា​លើ​ MoU កាលពី​ថ្ងៃទី​ ១៩ ខែឧសភា ឆ្នាំ​ ២០២១ តាម​ប្រព័ន្ធ​អនឡាញ​។

លោកស្រី កែវ មុំ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២០ ខែឧសភា ថា MoU នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា​ក្នុង​ការជួយ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​។ លោកស្រី​បន្ថែមថា MoU នេះ​នឹង​អនុវត្ត​ក្នុង​រយៈពេល​ ១ ឆ្នាំ​ ២០២១ ​នេះ​ដោយ​ស្ថិតនៅក្រោម​គម្រោង CBI របស់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​បរទេស​នៃ​ប្រទេស​ហូឡង់​។

លោកស្រី​និយាយថា​៖ «​យើង​កំពុង​ធ្វើការ​សិក្សា​លើ​តម្រូវការ​ពួកគេ​ថា តើ​យើង​នៅមាន​បញ្ហា​អ្វីខ្លះ​? បន្ទាប់ពី​សិក្សា​រួច​យើង​នឹង​រៀបចំ​ផែនការ​ជួយ​ដល់​ពួកគាត់ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​ដល់​សហគ្រិន​ស្ត្រី​ក្នុងការ​បង្កើន​ចំណេះ​ជំនាញ​បន្ថែម​»​។

លោកស្រី ចេន សុភាព ស្ថាបនិក និង​ជា​ប្រធាន​សមាគម​កីតម្បាញ​ខ្មែរ ឱ្យដឹងថា សហគ្រិន​ស្រី្ត​មួយចំនួន​នៅតែ​ត្រូវការ​ពង្រឹងសមត្ថភាព​បន្ថែមទៀត​លើ​ផ្នែក​បច្ចេកវិទ្យា ឌីជីថល និង​ភាពជា​អ្នកដឹកនាំ​ ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម​កាន់តែ​ប្រសើរ​។ ទន្ទឹមនឹងនេះ​សហគ្រិន​ស្ត្រី​ខ្លួន​ក៏ត្រូវ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នានា​ឱ្យ​បាន​ច្រើន​ដើម្បី​ពង្រឹង​ចំណេះ​ជំនាញ​បន្ថែម​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ភាពច្នៃប្រឌិត​អាជីវកម្ម គឺជា​ចំណេះដឹង​មួយ​ដ៏សំខាន់​សម្រាប់​សហគ្រិន​ស្ត្រី​ដែល​ត្រូវមាន​ចំណេះដឹង ក៏ដូចជា​ជំនាញ​និយាយ​ជា​សាធារណៈ​»​។

ការស្ទង់មតិ​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី​ឆ្នាំ​ ២០១៩ បង្ហាញថា សហគ្រាស​ចំនួន ៧១ ​ក្នុងប្រទេស​កម្ពុជា ត្រូវការ​ជំនួយ​សម្រាប់​ការស្រាវជ្រាវ​ទីផ្សារ ការអភិវឌ្ឍ​សេវា​ការវេចខ្ចប់ បច្ចេកវិទ្យា ធនធានមនុស្ស ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម​ពន្ធដារ ព្រមទាំង​ការលម្អ​ស្តង់ដា​អនាម័យ​ជាដើម​។

កាលពី​ថ្ងៃទី​ ២៣ ខែ ធ្នូ ឆ្នាំ​ ២០២០ UNDP និង​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​បាន​រួម​គ្នា​បង្កើត​គម្រោង​ជំរុញ​ល្បឿន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ប្រទេស​កម្ពុជា​។ ភាពជា​ដៃគូ​នេះ​មាន​គោលបំណង​ក្នុង​ការបង្កើន​ឱកាស​ក្នុងស្រុក និង​អន្តរជាតិ​សម្រាប់ SMEs តាមរយៈ​វេទិកា​ឌីជីថល និង​បង្កើត​ការងារ​ថ្មី​ជាង​ ១ ០០០ កន្លែង​ត្រឹម​ឆ្នាំ​ ២០២២​។

នៅក្នុង​គំនិត​ផ្តួចផ្ដើម​រួម​នេះ សហគ្រាស​ធុន​តូច និង​មធ្យម ១២៥ ត្រូវបាន​រំពឹងថា​នឹង​ទទួលបាន​ជំនួយ​ឥតសំណង និង​ការបណ្ដុះបណ្ដាល​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​តាមរយៈ​ការផ្ដល់​ហិរញ្ញប្បទាន​រួម​ពី MoC នៃ​កម្មវិធី​ការធ្វើសមាហរណកម្ម​ក្របខ័ណ្ឌ​ចម្រុះ (EIF) របស់​រដ្ឋាភិបាល​អូស្ដ្រាលី និង UNDP៕