ភ្នំពេញៈ ក្រុមហ៊ុន Danaco ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ប្រទេស​អូស្ត្រាលី​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​រំពឹងថា​នឹងត្រូវ​ចំណាយ​ប្រាក់​ពី ៨០ ​ម៉ឺន​ទៅ​ ៩០ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ខែ​ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​ក្នុង​កាស៊ីណូ និង​ការចំណាយ​ប្រតិបត្តិការ​ផ្សេងទៀត​របស់​ក្រុមហ៊ុន បន្ទាប់ពី​កាស៊ីណូ​ខ្លួន​ចំនួន ១ ​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា និង​ ១ ​កន្លែង​ទៀត​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នៃ​ដំណើរការ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​ដែល​បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ថ្ងៃទី​ ១ ខែ​មេសា រហូត​ដល់​មាន​សេចក្តី​ជូន​ដំណឹង​ជាថ្មី ខណៈ​រដ្ឋាភិបាល​វៀតណាម​ក៏បាន​ប្រកាស​ឲ្យ​ផ្អាក​ប្រតិបត្តិការ​ចាប់ពី​ខែមេសា​រយៈពេល ១៥ ​ថ្ងៃ​។

បច្ចុប្បន្ន Danaco បាន​ដំណើរការ Star Vegas Resort នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​សណ្ឋាគារ Aristo International Hotel នៅ Lao Cai ប្រទេស​វៀតណាម​។

Danaco បាន​សរសេរ​ក្នុង​ឯកសារ​ដែល​ផ្ញើ​ទៅកាន់​ផ្សារហ៊ុន​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ​ថា «​ការផ្អាក​សកម្មភាព​បណ្តោះអាសន្ន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បញ្ជា​ឲ្យ​បិទ​កាស៊ីណូ​ទាំងអស់​ចាប់ពី​ថ្ងៃទី​ ១ ខែ​មេសា ឆ្នាំ​ ២០២០ ស្របគ្នា​ជាមួយ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុងការ​បិទ​កាស៊ីណូ​ទាំងអស់​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល ១៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១ ខែ​មេសា ឆ្នាំ​ ២០២០​។

ដោយសារ​ការបិទ​កាស៊ីណូ​បណ្តោះអាសន្ន​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ក្រុមហ៊ុន ហេតុនេះ​ក្រុមហ៊ុន​កំពុង​ចាត់វិធានការ​ជាច្រើន​ក្នុង​ការកាត់បន្ថយ​ថ្លៃដើម ដើម្បី​ធានា​និរន្តរភាព​ទៅ​ពេលអនាគត​។ វិធានការ​ទាក់ទង​នឹង​បុគ្គលិក​មានដូចជា ការកាត់បន្ថយ​ប្រាក់ចំណាយ​តាមរយៈ​ការដាក់​ឲ្យ​បុគ្គលិក​ឈប់សម្រាក និង​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់​មួយចំនួន​ទៀត​។

ក្រុមហ៊ុន​អះអាង​ថា​នឹង​ផ្តោតលើ​ការកាត់បន្ថយ​ប្រតិបត្តិការ និង​ចំណាយ​មូលធន ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ​មីនា ឆ្នាំ​ ២០២០ ក្រុមហ៊ុន​មាន​សមតុល្យ ១១,៦ ​លាន​ដុល្លារ​។

លោក Mel Ashton ប្រធាន​ក្រុមហ៊ុន​បាន​ថ្លែងថា​៖ «​ស្ថានភាព​ដែល​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត​នេះ​គឺ​មិន​ធ្លាប់មាន​ពី​មុន​ឡើយ ហើយ​ជា​អកុសល​យើង​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​បុគ្គលិក​របស់​យើង​រួមទាំង​ការកាត់បន្ថយ​ចំនួន​បុគ្គលិក និង​ការកាត់បន្ថយ​ប្រាក់ខែ​។ ការធ្វើ​ទាំងឡាយ​នេះ គឺ​ដើម្បី​ធានាបាន​នូវ​ស្ថានភាព​ហិរញ្ញវត្ថុ​នៅតែ​រឹងមាំ​នៅពេល​ដែល​យើង​កសាង​ក្រុម និង​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើងវិញ​។ យើង​នឹង​បន្ត​តាមដាន​ការវិវឌ្ឍ ហើយ​នឹង​ផ្តល់ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​នៅក្នុង​ពេលវេលា​ជាក់លាក់​មួយ​នៅពេល​ដែល​វិធានការ​កំពុងដំណើរការ​ទៅមុខ​»​។

រយៈពេល​នៃ​វិបត្ដិ​ជំងឺ​កូវីដ​១៩ និង​រយៈពេល​នៃ​ការបិទ​កាស៊ីណូ​គឺ​ពិតជា​ប៉ះពាល់​ដល់​តម្រូវការ​សម្រាប់​ការចាក់​មូលធន តែ​ក្នុង​ករណី​ណា​ក៏ដោយ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​នៅតែ​មាន​ទំនុកចិត្ត​ក្នុង​ការរក្សា​អាជីវកម្ម​ក្នុង​អំឡុង​ពេល​បិទទ្វារ​នេះ​។ នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន​។

យោងតាម​ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​ ២០១៩ កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន ១៦៣ ​កន្លែង​ក្នុង​នោះ ៩១ ​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ និង​ផ្សេងទៀត​ភាគច្រើន​ស្ថិតនៅ​ជាប់​ព្រំដែន​វៀតណាម និង​ថៃ​៕