ក្រុងញូវយ៉កៈ ក្រុមហ៊ុន Dell Technologies កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​កិច្ចព្រមព្រៀង​លក់​ក្រុមហ៊ុន​សន្ដិសុខ​អ៊ីនធឺណិត RSA ក្នុង​តម្លៃ ២,០៨ ​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​មួយ​ដែល​ដឹកនាំ​ដោយ​​ក្រុមហ៊ុន Symphony Technology Group​។

RSA គឺជា​ក្រុមហ៊ុន​មាន​ឯកទេស​ខាង​ការពារ​ប្រព័ន្ធ​កុំព្យូទ័រ និង​ដំណើរការ​សន្ដិសុខ​អ៊ីនធឺណិត​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​រំពឹងថា នឹង​សម្រេច​ឲ្យ​បាន​ត្រឹម​ចុង​ឆ្នាំនេះ​។ ក្រុមហ៊ុន​នេះ​រួមបញ្ចូល​ទាំង​ក្រុមប្រឹក្សា​ផែនការ​សោធន​និវត្តន៍​របស់​គ្រូ និង​ក្រុមហ៊ុន Alpinvest Partners​។

លោក William Chisholm ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន Symphony បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រួមមួយ​ថា​៖ «​ក្នុងនាម​ជា​ម៉ាក​យីហោ​សន្ដិសុខ​ឈានមុខ​គេ​របស់​ពិភពលោក ក្រុមហ៊ុន RSA គឺជា​តំណាង​ដ៏ល្អ​បំផុត​មួយ​សម្រាប់​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​អតិថិជន​ដែល​កំពុងមាន​ការអភិវឌ្ឍ​ទៅមុខ​យ៉ាង​រហ័ស​រួម​ជាមួយ​នឹង​ការផ្លាស់ប្តូរ​បែប​ឌីជីថល​»​។

ក្រុមហ៊ុន RSA មាន​អតិថិជន​ជាង​ ១២ ៥០០ ​នាក់ ហើយ​សន្និសីទ​សំខាន់ៗ​របស់ខ្លួន​ត្រូវបាន​ផ្សព្វផ្សាយ​ថា ជា​សន្និសីទ​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​សន្ដិសុខ​អ៊ីនធឺណិត​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Dell​។

លោក Jeff Clarke ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៅ​ក្រុមហ៊ុន Dell Technologies បាន​ថ្លែងថា​៖ «​ប្រតិបត្តិការ​នឹង​កាន់តែ​ងាយស្រួល​បន្ថែមទៀត​ដល់​អាជីវកម្ម និង​ផលបត្រ​ផលិតផល​របស់​យើង​»​។

លោក​បន្តថា​៖ «​វា​ក៏​អាច​ឲ្យ​ក្រុមហ៊ុន Dell Technologies ផ្ដោតលើ​យុទ្ធសាស្ដ្រ​របស់​យើង​ក្នុង​ការបង្កើត​សន្ដិសុខ​ស្វ័យប្រវត្តិកម្ម និង​វៃឆ្លាត​ទៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ និង​ឧបករណ៍​នានា ដើម្បី​រក្សា​សុវត្ថិភាព​ទិន្នន័យ ការពារ និង​ភាពរឹងមាំ​ផងដែរ​»​។

បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ១៩៨២ ក្រុមហ៊ុន RSA បាន​បង្កើត​នូវ​ប្រព័ន្ធ​កូដ​សម្ងាត់​មួយ​។ ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ត្រូវបាន​ទិញ​កាលពី​ឆ្នាំ​ ២០០៦ ក្នុងតម្លៃ​ប្រហែល ២,១ ​ពាន់​លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន EMC ហើយ​ដែល​ត្រូវបាន​ទិញ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ក្រោយ​ដោយ​ក្រុមហ៊ុន Dell ក្នុង​តម្លៃ​ ៦៧ ​ពាន់​លាន​ដុល្លារ​៕LA