ភ្នំពេញៈ ក្រុមហ៊ុន​បារាំង Total Solar Distributed Generation (DG) កាល​ពី​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា បាន​​​ឱ្យដឹង​ថា ខ្លួន​កំពុង​​ចាប់​ដៃគូ​ជាមួយ​​​ក្រុមហ៊ុន Canopy Power Pte Ltd ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​លើ​​​ការអភិវឌ្ឍ និង​សាងសង់​បណ្តាញ​ចែកចាយ និង​ដំឡើង​បន្ទះ​សូឡា​​នៅ​កោះ​រ៉ុងសន្លឹម​នៃ​ខេត្ត​ព្រះសីហនុ​ដោយ​ការសាងសង់​គ្រោង​នឹង​​ត្រូវ​បញ្ចប់​នៅ​ខែ​​មេសា ឆ្នាំ ២០២១។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន DG ដែល​​​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឱ្យ​ដឹង​ថា Canopy Power ជា​​ក្រុមហ៊ុន​ម៉ៅការ​លទ្ធកម្ម និង​ការសាងសង់​ (EPC) ព្រម​ទាំង​​រចនា ​និង​សាងសង់​សួន​ថាមពល​​​សូឡា​​ទំហំ​ ១,២៥ MWp ជាមួយ​នឹង​អាគុយ​ទំហំ​ ២ MWh រួម​បញ្ចូល​ម៉ាស៊ីន​ម៉ាស៊ូត និង​ឧបករណ៍​​​ត្រួតពិនិត្យ​វៃឆ្លាត​។

ក្រុមហ៊ុន DG បាន​បញ្ជាក់​ថា​ការសាងសង់​កំពុង​​ចាប់​ផ្ដើម​ដំណើរការ។

កោះ​រ៉ុងសន្លឹម​នៅ​ចម្ងាយ​​ប្រមាណ ២៥ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ក្រុង​ព្រះសីហនុ។ កោះនេះ​មាន​បណ្តោយ ៩ គីឡូ​ម៉ែត្រ និង​ទទឹង ៤ គីឡូម៉ែត្រ។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាលពី​ថ្ងៃ​អង្គារ​ថា គម្រោង​​សាងសង់​បណ្តាញ​ចែកចាយ និង​ដំឡើង​បន្ទះ​សូឡា​នេះ​​វិនិយោគ​ដោយ​ក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ថាមពល​របស់​ក្រុមហ៊ុន​។

លោក ហ្សូនា បាន​បន្ត​ថា ​ដើម្បី​រួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិ ​ក្រសួង​​រ៉ែ និង​ថាមពល​គាំទ្រ​ និង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​វិនិយោគ​លើ​ថាមពល​​ដោយ​ខ្លួនឯង​ផ្ទាល់​សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​របស់​ខ្លួន​ ជាពិសេស​នៅ​តំបន់​ពុំទាន់​មាន​ការអភិវឌ្ឍ​បណ្តាញ​ជាតិ​។

លោក​ថ្លែង​ថា​៖ ​«​យើង​គាំទ្រ​ឱ្យ​មាន​ការអភិវឌ្ឍ​ថាមពល​ពី​វិស័យ​ឯកជន​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ផ្ទាល់​ខ្លួន​នៅ​ពេល​បណ្តាញ​ជាតិ​មិន​ទាន់​ទៅ​ដល់​។ ​សព្វថ្ងៃ​​អគ្គិសនី​កម្ពុជា​ (EDC)​ ពុំទាន់​មាន​លទ្ធភាព​អូស​ខ្សែ​បណ្តាញ​ជាតិ​ក្រោម​បាត​សមុទ្រ​ទេ ដោយសារ​តែ​មាន​តម្លៃ​ថ្លៃ ​ហើយ​វា​អាច​ចែកចាយ​ថាមពល​ដល់​ប្រជាជន​នៅ​ទីនោះ​បាន​​ចំនួន​តិចតួច»​។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ជា​ម្ចាស់​លើ​សណ្ឋាគារ​ដ៏ល្បី​ Royal Sands Koh Rong នៅ​កោះ​រ៉ុង​នេះ​ផង​ដែរ។

កាលពី​ខែ​កក្កដា​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប កោះ​រ៉ុងឌីវេឡុបមេន ខមភេនី ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប និង​ក្រុមហ៊ុន ស៊ីណូហាយ ដ្រូ ខបភើរេសិន លីមីធីត (Sinohydro Corporation Limited) ​​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​តម្លៃ ៣៥ ​​​លាន​ដុល្លារ​​​ដើម្បី​​​សង់​ផ្លូវ​ប្រវែង ៧០ ​គីឡូម៉ែត្រ​នៅ​លើ​កោះរ៉ុង​។

ក្រុមហ៊ុន DG បាន​​ឱ្យដឹង​ទៀត​ថា បណ្ដាញ​អគ្គិសនីខ្នាតតូច​នេះ​ត្រូវ​បាន​បង្កើតឡើង​​ដើម្បី​ចែកចាយ​អគ្គិសនី​នៅ​លើ​​កោះ​នេះ​ជាមួយ​នឹង​ការរួមចំណែក​​​ថាមពល​​កកើត​ឡើង​វិញ​​ជាង ៥០ ភាគរយ​។

បណ្ដាញ​អគ្គិសនី​ខ្នាតតូច​នេះ​នឹង​ផ្ដល់​​​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកប​ដោយ​ស្ថិរភាព​រយៈពេល​ ២៤​ ម៉ោង​ក្នុង​តម្លៃ​កាន់​តែ​ទាប​។

លោក Gavin Adda អគ្គនាយក​ក្រុមហ៊ុន Total Solar Distributed Generation ​ប្រចាំ​តំបន់​អាស៊ី​បាន​​ឱ្យ​ដឹង​ថា ​ការប្រែក្លាយ​កោះ​ទាំង​មូល​ពី​​ការប្រើប្រាស់​​ប្រេង​ម៉ាស៊ូត​ទៅ​ជា​ថាមពល​សូឡា​នៅក្នុង​គម្រោង​​​របស់​ខ្លួននេះ​ គឺ​ជា​សមិទ្ធផល​ដ៏ធំ​​​នៅក្នុង​តំបន់​របស់​ខ្លួន​ដែល​មានជាង​ ៦០០ ​មេហ្គាវ៉ាត់​នៃ​គម្រោង​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ជាច្រើន​។

លោក​បញ្ជាក់ថា៖ «​ការរួម​បញ្ចូល​គ្នា​​ស្តុក​ក្នុង​ថាមពល​សូឡា​ គឺជា​មធ្យោបាយ​មួយ​សម្រាប់​​ទីតាំង​ឆ្ងាយៗ​ដើម្បី​ជំរុញ​ថាមពល​កកើត​ឡើង​​វិញ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ សម្រាប់​យើង វា​ក៏ជា​ឱកាស​​បង្កើន​កំណើន​ដ៏ធំ​ [គម្រោង​​ថាមពល​សូឡា] ​​ដែល​នៅ​អាស៊ី​អាគ្នេយ៍​មាន​កោះ​​រាប់ម៉ឺន​»។

លោក Gavin ​បន្ត​ថា៖ ​«​​ការវិនិយោគ​​រួមគ្នា​​របស់​ក្រុមហ៊ុន​ Total Solar DG ​លើ​ដំណោះស្រាយ​ថាមពល​កកើតឡើង​វិញ​រួម​បញ្ចូល​គ្នា​ជាមួយ​សូឡា​ និង​​​ដៃគូគម្រោង​នេះ​បាន​បង្ហាញ​​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ Total Group​ ចំពោះ​និរន្តរ​បរិស្ថាន និង​ដំណោះស្រាយ​កាត់បន្ថយ​ការចំណាយ​​ដ៏មាន​ប្រសិទ្ធភាព​សម្រាប់​​ភាគទុនិក​»។

លោក Sujay Malve ស្ថាបនិក និង​​ជា​អគ្គនាយក​ក្រុមហ៊ុន​ Canopy Power ​បាន​ថ្លែងថា៖ «យើង​មាន​សេចក្ដី​​រីករាយ​ក្នុង​ការធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Total Solar DG ដើម្បី​ផ្ដល់​គម្រោង​ដ៏មាន​ឥទ្ធិពល​ខ្ពស់​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕ LA