ភ្នំពេញ: ធនាគារ DGB Daegu Bank របស់​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ថា ខ្លួន​ទទួលបាន​ការផ្ដល់​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដើម្បី​ប្រែក្លាយ​ពី​ធនាគារ​ឯកទេស​ទៅ​ធនាគារពាណិជ្ជ​សម្រាប់​ការពង្រីក​អាជីវកម្ម​ធនាគារ​របស់​ខ្លួន​ពេញលេញ​ហើយ​នៅ​កម្ពុជា​។

យោងតាម Yonhap News Agency ជាទី​ភ្នាក់ងារ​ព័ត៌មាន​របស់​ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​ ៨ ​ខែ​តុលា​ថា ធនាគារ​ឯកទេស DGB ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​របស់​ធនាគារ DGB Daegu Bank បាន​ទទួល​ការយល់ព្រម​ពី​អាជ្ញាធរ​កម្ពុជា​ក្នុង​ការប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​កាលពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា​។

មន្ដ្រី​ ១ ​រូប​នៅ​ធនាគារ DGB Daegu Bank ត្រូវ​ដកស្រង់​សម្ដី​ថា​៖ «​បច្ចុប្បន្ន ធនាគារ DGB Specialized Bank ត្រូវបាន​អនុញ្ញាត​ឱ្យ​ពង្រីក​កម្ចី​ដល់​ប្រជាជនកម្ពុជា​។ ធនាគារ DGB នឹង​គ្រប់គ្រង​លើ​ប្រតិបត្តិការ​សម្រាប់​ប្រាក់​បញ្ញើ ការចេញ​កាតឥណទាន​ប្តូរប្រាក់​បរទេស និង​ធនាគារ​អនឡាញ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១»​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បានឱ្យដឹងថា ការ​ប្រែក្លាយ​របស់​ធនាគារ DGB ទៅជា​ធនាគារពាណិជ្ជ​គឺជា​សញ្ញា​មួយ​នៃ​ការរីកចម្រើន​របស់​ឧស្សាហកម្ម​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា និង​លំហូរ​ចូល​នៃ​បច្ចេកវិទ្យា​ធនាគារ​របស់​ប្រទេស​កូរ៉េ​មក​ប្រទេស​កម្ពុជា​។

លោក​ថា​៖ «​បច្ចុប្បន្ន​ធនាគារ ពាណិជ្ជ​របស់​ប្រទេស​កូរ៉េ​ជាច្រើន​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ធនាគារ PPCB ធនាគារ Shinhan Bank ធនាគារ Kookmin Bank ។​ល​។ DGB គឺជា​ធនាគារ​មាន​ការប្រកួតប្រជែង និង​ល្បីឈ្មោះ​យ៉ាងខ្លាំង​។ ធនាគារ DGB Bank នឹង​ផ្ដល់​ដល់​ប្រជាជន​កម្ពុជា​នូវ​បទពិសោធ​ថ្មី​ ១ ​នៃ​ការផ្ដល់ជូន​ភាព​ប្រកួតប្រជែង​ប្រកបដោយ​ស្ដង់ដា​របស់​ធនាគារ​របស់​ប្រទេស​កូរ៉េ​»​។

កាលពី​សប្ដាហ៍​មុន កម្ពុជា និង​កូរ៉េខាងត្បូង​បានបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជុំ​ទី​ ៣ ​ប្រកប​ដោយ​ផ្លែផ្កា ដែល​ត្រូវបាន​រំពឹងថា​នឹង​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។

លោក Ha បានឱ្យដឹងថា FTA នេះ នឹង​ធ្វើឱ្យ​តម្លៃ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ ​កាន់តែ​ធំ​ឡើង ហើយ​និង​មាន​លំហូរ​ចូល​ការវិនិយោគ​ជាច្រើន​រវាង​ប្រទេស​ទាំង​ ២ ដោយសារ​តែ​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​។ លោក​បញ្ជាក់ថា ជា​ឧទាហរណ៍​រោងចក្រ​របស់​ប្រទេស​កូរ៉េ​កាន់តែ​ច្រើន​នឹង​មានបំណង​ក្នុង​ការបង្កើត​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​តម្លៃ​ពលកម្ម​ទាប និង​មិនមាន​ពន្ធ​នាំ​ចេញទៅ​កូរ៉េ​។

លោក​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​នាំយក​ការអភិវឌ្ឍន​ជាច្រើន​ទៅ​កាន់​ប្រទេស​ទាំង​ ២ ជាពិសេស​ប្រទេស​កម្ពុជា​។ អតិថិជន​របស់​ប្រទេស​ទាំង​ ២ ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ផងដែរ​។ ផលិតផល​កូរ៉េ​ដែលមាន​គុណភាព​ខ្ពស់​នឹង​មាន​តម្លៃ​កាន់តែ​ទាប និង​គួរឱ្យ​ទាក់ទាញ​ចំពោះ​កម្ពុជា ម្យ៉ាងវិញ​ទៀត​ផលិតផល​កសិកម្ម​​របស់​ប្រទេស​កម្ពុជា​អាច​ពង្រីក​ទៅ​ទីផ្សារ​នៅក្នុង​ប្រទេស​កូរ៉េ​កាន់តែ​ងាយស្រួល​»​។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​ ២០១៨ ធនាគារ DGB Daegu Bank បាន​ទិញ​ភាគហ៊ុន​ ១០០ ​ភាគរយ​នៅក្នុង​ធនាគារពាណិជ្ជ CamCapital Specialized Bank ដែល​ក្រោយមក​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ធនាគារ DGB Specialized Bank ៕LA