ភ្នំពេញៈ ក្រុមហ៊ុន DIGICRO ដែលជាអាជីវកម្មបង្កើតថ្មីក្នុងវិស័យហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា បានកៀរគរទុនដំបូង ៣០ ម៉ឺនដុល្លារពីក្រុមហ៊ុន Showcase Capital មានមូលដ្ឋាននៅជប៉ុន ដើម្បីអភិវឌ្ឍន៍គម្រោងផ្តល់កម្ចីខ្នាតតូចនៅកម្ពុជាដោយប្រើកម្មវិធីតាមទូរស័ព្ទដៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន។
ទុនដំបូង ៣០ ម៉ឺនដុល្លារនេះនឹងប្រើប្រាស់ក្នុងដំណាក់កាលបឋមសម្រាប់ដំណើរការអាជីវកម្មដែលរួមមានដូចជា ការសិក្សាទីផ្សារ ការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីបង្កើតផលិតផលថ្មីជាដើម។ កម្មវិធីកម្ចីតាមទូរស័ព្ទនេះមានឈ្មោះថា Spean Loan។
DIGICRO ជាក្រុមហ៊ុនកម្ពុជាមួយដែលបានបង្កើតឡើងដោយលោក Yuta Nagano ជនជាតិជប៉ុនកាលពីឆ្នាំ ២០១៨។ លោក Yuta Nagano ក៏បានដំណើរការគេហទំព័រប្រៀបធៀបហិរញ្ញវត្ថុ SPEAN LUY ផងដែរដែលអាចឲ្យអតិថិជនប្រៀបធៀបអត្រាការប្រាក់កម្ចីនៅតាមគ្រឹះស្ថានផ្ដល់កម្ចីផ្សេងៗរបស់កម្ពុជាផងដែរ។
លោក Yuta Nagano ឲ្យដឹងថា ជាង ៦០ ភាគរយនៃប្រជាជនកម្ពុជាអាចប្រើប្រាស់អ៊ីនធឺណិតបាន ប៉ុន្តែភាគច្រើនក្នុងចំណោមពួកគេនៅតែមិនអាចទទួលបានកម្ចីដោយសារតែកង្វះឯកសារផ្លូវការ ឬវត្ថុបញ្ចាំ ឬពួកគេរស់នៅតំបន់ដាច់ស្រយាល ដែលធនាគារមិនអាចប្រតិបត្តិការបាន។
លោកថ្លែងថា៖ «ក្រុមរបស់យើងបានបង្កើតកម្មវិធី (mobile app) ឈ្មោះថា Spean Loan ដើម្បីបម្រើអ្នកដែលមិនទាន់ត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីរបស់យើង។ ការអនុម័តភ្លាមៗ នឹងជួយសហគ្រិនខ្នាតតូច ទទួលបានមូលនិធិការងារប្រចាំថ្ងៃរបស់ពួកគេ និងប្រជាជនដែលត្រូវការមូលនិធិបន្ទាន់»។
កម្មវិធីនេះនឹងអាចឲ្យអ្នកខ្ចី ដាក់ពាក្យសុំកម្ចីខា្នតតូចចាប់ពី ៥០ ដុល្លាររហូតដល់ ១ ០០០ ដុល្លារដោយមិនមានឯកសារ ឬមកការិយាល័យនោះទេ។ Spean Loan ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតប្រព័ន្ធផ្ដល់ពិន្ទុឥណទាន និងវាយតម្លៃសមត្ថភាពរបស់ពួកគេក្នុងការសងប្រាក់។
ទោះបីជាទទួលទុនដំបូង ៣០ ម៉ឺនដុល្លារពី Showcase Capital ក៏អាជីវកម្មបង្កើតថ្មីមួយនេះកំពុងរង់ចាំការអនុម័តបទប្បញ្ញត្តិពីអាជ្ញាធររូបិយវត្ថុកម្ពុជានៅមុនពេលការចាប់ផ្ដើមដំណើរការកម្មវិធីនេះផងដែរ។ តំណាងមកពីធនាគារជាតិនៃកម្ពុជាដែលជាធនាគារកណ្ដាលកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
អាជីវកម្មបង្កើតថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅតែស្ថិតក្នុងដំណាក់កាលចាប់កំណើតនៅក្នុងប្រទេស កម្ពុជា។ សមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺសមាគមបច្ចេកវិទ្យាកម្ពុជា (CFA) ត្រូវបានបង្កើតឡើងដំបូងកាលពីខែសីហា ឆ្នាំមុន ខណៈមានការរំពឹងទុកពីកំណើនសេវាទូទាត់តាមទូរស័ព្ទ។
Clik ជាអាជីវកម្មបង្កើតថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានប្រកាសកាលពីខែវិច្ឆិកា មុនថា ខ្លួនរកបានទុនដំបូង ២ លានដុល្លារ ដែលផ្ដល់មូលនិធិដោយក្រុមហ៊ុន Limestone Technology និងក្រុមហ៊ុន OpenWay ស្របជាមួយនឹងក្រុមវិនិយោគិនគាំទ្រហិរញ្ញវត្ថុមួយចំនួន មកពីវិស័យលក់រាយរបស់កម្ពុជា។ ក្រុមហ៊ុននេះរំពឹងថានឹងចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅត្រីមាសទី២ ឆ្នាំនេះនៅពេលទទួលបានអាជ្ញាប័ណ្ណ ជាក្រុមហ៊ុនផ្ដល់សេវាទូទាត់តាមអនឡាញ ពីធនាគារជាតិនៃកម្ពុជា៕LA