ភ្នំពេញៈ DKSH ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ប្រទេស ​ស្វ៊ីស​ ដែល​ផ្ដល់​សេវា​ការ​ពង្រីក​ទីផ្សារ​ឈាន​មុខ​គេ​ បាន​​បើក​មជ្ឈមណ្ឌល​ចែក​ចាយ​ថ្មី​ទំហំ ១ ៦០០ ​ម៉ែត្រ​ការ៉េ ​នៅ​ខេត្ត​បាត់ដំបង​ ដើម្បី​ពង្រីក​ទីតាំង​ឈរ​​ជើង​របស់​ខ្លួន នៅ​ក្នុង​ប្រទេស ​កម្ពុជា​។​ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ​កាល​ពី​ម្សិលមិញ​។​​

DKSH Business Unit Consumer Goods ​បាន​ឲ្យ​ដឹង​ថា ​មជ្ឈមណ្ឌល​ទំនើប​នេះ​ ដើរ​តួនាទី​ដ៏​សំខាន់​​ក្នុង​​ការ​ផ្ដល់​ការ​គាំទ្រ​សម្រាប់​ការ​ចែកចាយ​ដំណាក់​កាល​ដំបូង​ និង​ឡូជីស្ទីក​​ដល់​អតិថិជន​ និង​ការ​បម្រើ​សេវា​តំបន់​​ពាយព្យ​របស់​ប្រទេស​នេះ ​ជាមួយ​នឹង​ផលិតផល​មាន​គុណភាព​ខ្ពស់​។​ ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា៖ ​«មជ្ឈមណ្ឌល​ថ្មី​នេះ ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​តំបន់​ពាយព្យ​ដើម្បី​ពង្រឹង​បណ្ដាញ​ចែកចាយ​ដែល​ជា​សរសៃ​ឈាម​តែ​មួយ​គត់​នៅ​​កម្ពុជា»​។​​

មជ្ឈមណ្ឌល​ចែកចាយ​កាន់​តែ​ធំ ​និង​កាន់​តែ​ទំនើប​នេះ​ នឹង​ជំនួស​មជ្ឈមណ្ឌល​ចាស់​ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​សមត្ថភាព​ពេញ​ទៅ​ហើយ​ និង​តំណាង​ឲ្យ​ការ​បង្កើន​សមត្ថភាព​ដ៏​សំខាន់​​មួយ​នៅ​ក្នុង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទំនិញ​​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​​របស់​ក្រុមហ៊ុន​ DKSH​។​

ក្រុមហ៊ុន​នេះ​បន្ត​ថា​ ជាមួយ​នឹង​បុគ្គលិក​ជិត​ ១ ៨​០០ ​នាក់​ DKSH គឺ​ជា​អង្គការ​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​របស់​​ប្រទេស ​កម្ពុជា​ ហើយ​មជ្ឈមណ្ឌល​ចែកចាយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​ឃ្លាំង​​ទំនើប​បំផុត​ និង​ត្រូវ​តភ្ជាប់​នឹង​គេហទំព័រ SAP ​ពិភព​លោក​របស់​ DKSH។​​

មជ្ឈមណ្ឌល​ចែកចាយ​ថ្មី​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នេះ​ ត​ភ្ជាប់​ជាមួយ​នឹង​មជ្ឈមណ្ឌល​ដំណាក់​កាល​ដំបូង​របស់​ក្រុមហ៊ុន ​DKSH ​នៅ​​ភ្នំពេញ​ ដែល​បាន​បើក​ដំណើរ​ការ​កាល​ពី​ឆ្នាំ ​២០១៥ ​និង​សៀមរាប ​កាល​ពី​ឆ្នាំ ​២០១៧។​

លោកប្រធាន​ផ្នែក​គ្រប់គ្រង​ប្រចាំ​ប្រទេស​ និង​ជា​អនុ​ប្រធាន​ ក្រុមហ៊ុន​ Business Unit Consumer Goods ​ក្រុមហ៊ុន DKSH Cambodia ​និង​ប្រទេស ​ឡាវ​ បាន​ឲ្យ​ដឹង​ថា ​ជាមួយ​នឹង​​ប្រជាជន​មាន​ប្រាក់​​ចំណូល​​មធ្យម​កើន​ឡើង​រហ័ស ​ដែល​ត្រូវ​ការ​​ផលិតផល​មាន​គុណភាព​ខ្ពស់​កម្ពុជា ​គឺ​ជា​ទីផ្សារ​កំណើន​របស់​តំបន់​នេះ​។​ ​

លោក​ថ្លែង​ថា​៖ «​យើង​បង្កើត​បទ​ពិសោធ​ជាង ​៦០ ​ឆ្នាំ ​នៅ​ក្នុង​ប្រទេស​ កម្ពុជា និង​ការ​គ្រប់គ្រង​បណ្ដាញ​​ក្នុង​តំបន់​​ដ៏​រឹងមាំ​មួយ​។ ការ​បើក​មជ្ឈមណ្ឌល​មួយ​នៅ​ខេត្ត​បាត់ដំបង​ មាន​ន័យ​ថា យើង​បាន​ពង្រឹង​វត្តមាន​របស់​យើង​​ដ៏​សំខាន់​នៅ​​ភាគ​ពាយព្យ​​ប្រទេស ​កម្ពុជា​»។​

DKSH គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ពង្រីក​ទីផ្សារ​ឈាន​មុខ​គេ​ ដោយ​ផ្ដោត​​លើ​តំបន់​អាស៊ី។ ​ក្រុមហ៊ុន​នេះ​ជួយ​ក្រុមហ៊ុន​ និង​យីហោ​ផ្សេង​ទៀត​ ឲ្យ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​ទំនិញ​ប្រើប្រាស់​ ថែរក្សា​សុខភាព​ ​ប្រតិបត្តិការ​សម្ភារ និង​​បច្ចេកវិទ្យា​៕​LA​