ភ្នំពេញៈ ក្រុមហ៊ុន Diamond Power Limited (DPL) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Pestech International Bhd របស់ម៉ាឡេស៊ីនាដើមសប្តាហ៍នេះបានសម្រេចកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទទួលសិទ្ធិសាងសង់គម្រោងខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុលដើម្បីបញ្ជូនអគ្គិសនីភ្ជាប់ខេត្តកំពង់ចាម និងក្រចេះ។
ក្រុមហ៊ុន Pestech International ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុន DPL ៦០ ភាគរយបានឲ្យដឹងថាក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយក្រសួងរ៉ែ និងថាមពលកម្ពុជា និងអគ្គិសនីកម្ពុជា (EDC) ដើម្បីទទួលសិទ្ធិបញ្ជូនអគ្គិសនីពីរោងចក្រវារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង ទៅខេត្តក្រចេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃ ៨ មេសា។
គម្រោងនេះនឹងសាងសង់ឡើងក្រោមកិច្ចសហការឯកជនរដ្ឋ ក្រោមទម្រង់ សាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ដែលមានរយៈពេល ២៥ ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា៖ «ក្រុមហ៊ុន DPL នាពេលនេះបានសម្រេចរាល់លក្ខខណ្ឌច្បាប់សំខាន់ៗ ដែលមានន័យថាក្រុមហ៊ុនបានក្លាយជាម្ចាស់នៃគម្រោងនេះ»។
គម្រោងសាងសង់នេះគ្រោងនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៣០ វិច្ឋិកា ឆ្នាំ ២០១៧ ហើយក្រុមហ៊ុន Pestech បានលើកឡើងថា គម្រោងនេះអាចនឹងចំណាយទឹកប្រាក់សរុប ៩២,២១ លានដុល្លារ។
នៅអំឡុងរយៈពេលបីឆ្នាំដំបូងនៃប្រតិបត្តិការអាជីវកម្ម (នៅចុងឆ្នាំ ២០១៧) អគ្គិសនីកម្ពុជានឹងបង់ជូនក្រុមហ៊ុន DPL ១២,២៥ លានដុល្លារក្នុងមួយឆ្នាំ ហើយចាប់ពីឆ្នាំ ២០២០ តទៅ ក្រុមហ៊ុន DPL នឹងបានទទួលទឹកប្រាក់ ១៨,២២ លានដុល្លារក្នុងមួយឆ្នាំរហូតដល់បញ្ចប់គម្រោង។
ភ្នំពេញប៉ុស្តិ៍ព្យាយាមទាក់ទងសុំព័ត៌មានបន្ថែមពីក្រសួងរ៉ែ និងថាមពល តែមិនអាចទាក់ទងសុំព័ត៌មានបានពីម្សិលមិញ។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Pestech បានឲ្យដឹងថាក្រុមហ៊ុនពិតជាមានទំនុកចិត្តចំពោះគម្រោងវិនិយោគនេះ ហើយមិនមានការព្រួយបារម្ភពីហានិភ័យអីធំដំឡើយ លើកលែងតែបញ្ហាប្រឈមធម្មតានានាក្នុងប្រតិបត្តិការអាជិវកម្ម។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា៖ «ក្រុមហ៊ុននឹងព្យាយាមធ្វើសកមុ្មភាពសំខាន់ៗនានាដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានប្រសិនមានកើតឡើង»៕ PB